Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម កំណត់​ពេលវេលា​ជ្រើស​តាំង​ប្រធានាធិបតី​ថ្មី

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Voice of Vietnam បាន​ចុះ​ផ្សាយ​​នៅថ្ងៃទី​២៧​ខែសីហា​​នេះ​ថា សភាជាតិ​នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី​នៅក្នុងខែតុលា​ខាង​មុខ ដែលជាការផ្លាស់ប្តូរថ្នាក់​ដឹក​នាំ​កំពូលចុងក្រោយបង្អស់ក្នុងអំឡុងពេលដែលមានភាពចលាចលខុសពីធម្មតាសម្រាប់រដ្ឋកុម្មុយនិស្ត​វៀតណាម។

(រូបភាព៖ VNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណែងប្រធានាធិបតីគឺជាតួនាទីដ៏សំខាន់មួយនៅក្នុងរចនាសម្ព័ន្ធដឹកនាំសសរស្តម្ភ​៤​របស់វៀតណាម ដែល​មាន​ដូចជា អគ្គលេខាធិការបក្សកុម្មុយនិស្ត​ដែល​ជា​តំណែងកំពូល នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា។

ប្រធានាធិបតីបច្ចុប្បន្ន លោក To Lam ត្រូវបានតែងតាំងជាអគ្គលេខាធិការ ឬជាប្រធានបក្សកុម្មុយនិស្តដែល​​កាន់អំណាច​នៅ​ក្នុង​​ខែសីហា បន្ទាប់ពីមរណភាពរបស់​លោក Nguyen Phu Trong។ លោក Trong ធ្លាប់​​កាន់តំណែង​កំពូល​២​ក្នុងពេលតែមួយ​នៅ​រវាងខែតុលា​ឆ្នាំ​២០១៨ ដល់​ខែមេសា​ឆ្នាំ​២០២១ ដែល​តំណែង​ទាំង​២​នោះ​​គឺ​ជា ប្រធានាធិបតី និង​​អគ្គលេខាធិការបក្ស។

អស់ជាច្រើនទស្សវត្សមកហើយ ការផ្លាស់ប្តូរនយោបាយនៅ​ក្នុង​ឯកបក្ស​វៀតណាម​ត្រូវបានរៀបចំយ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត ដោយសង្កត់ធ្ងន់លើស្ថិរភាព​​ដ៏​ប្រុងប្រយ័ត្ន។ ប៉ុន្តែ យុទ្ធនាការ​​ប្រឆាំងអំពើពុករលួយ​ទ្រង់ទ្រាយ​​ធំ​​​ហៅថា «ឡ​ភ្លើង (Blazing Furnace)» បាន​បោសសម្អាត​អ្នកនយោបាយ និងមន្ត្រីជាច្រើន​នាក់​នៅក្នុង​ពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុង​នោះ​រួម​មាន​ទាំងមេដឹកនាំកំពូលមួយចំនួនរបស់​វៀតណាម​ផង​ដែរ។ កត្តា​នេះ​ហើយ​​បានធ្វើ​ឲ្យ​វៀតណាមធ្លាក់ចូលទៅក្នុង​ភាព​ចលាចលនយោបាយដែលមិនធ្លាប់​មាន​ពី​មុន​មក។

ចាប់តាំងពីឆ្នាំ​២០២១ ប្រធានាធិបតី​២​រូបគឺលោក Nguyen Xuan Phuc និង​លោក Vo Van Thuong បានលាលែងពីតំណែង ដែល​នេះ​​គឺ​ជាផ្នែក​មួយ​នៃយុទ្ធនាការប្រឆាំង​នឹង​អំពើពុករលួយ ខណៈដែលឧបនាយករដ្ឋមន្ត្រី​៣​រូបក៏ត្រូវបានចាប់ខ្លួនផងដែរ។

នៅថ្ងៃទី​២៦​ខែសីហា សភាជាតិ​វៀតណាម​បានប្រកាសនូវ​​វត្តមាន​ឧបនាយករដ្ឋមន្ត្រីថ្មីចំនួន​​៣​រូប ចៅក្រម​១​រូប ប្រធាន​រដ្ឋ​អាជ្ញា​១​រូប និងរដ្ឋមន្ត្រី​២​រូប៕

ដោយ៖ ឈាង

ចុចអាន៖ ឥស្សរជន​​បរទេស​រូប​ណា​ខ្លះ​ ដែល​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​មេ​បក្ស​កុម្មុយនិស្ត​វៀតណាម?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម