ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ស្របពេល លោកគីមប្តេជ្ញាពង្រឹងនុយក្លេអ៊ែរ
ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រនៅថ្ងៃព្រហស្បតិ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាថានឹងពង្រឹងថាមពលនុយក្លេអ៊ែររបស់ខ្លួនយ៉ាងពេញលេញដើម្បីត្រៀមធ្វើសង្គ្រាមជាគូរប្រជែងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី ១២ខែកញ្ញានេះ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានពិនិត្យតាមដានមីស៊ីលដែលបាញ់ចេញពីរដ្ឋធានីរបស់កូរ៉េខាងជើង ដែលហោះបានចម្ងាយ៣៦០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលក្នុងដែនទឹករវាងឧបទ្វីបកូរ៉េ និងជប៉ុន។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានណែនាំមន្ត្រីឱ្យធានាសុវត្ថិភាពនាវានិងយន្តហោះ ប៉ុន្តែមិនមានរបាយការណ៍អំពីការខូចខាតនោះទេ។
ការបាញ់មីស៊ីលនេះបានកើតឡើង បន្ទាប់ពីកូរ៉េខាងជើងបានបង្ហោះប៉េងប៉ោងដ៏ធំរាប់រយដឹកសំរាមឆ្ពោះទៅកាន់កូរ៉េខាងត្បូងរយៈពេលប្រាំថ្ងៃជាប់គ្នារហូតដល់ថ្ងៃអាទិត្យ។ លើសពីនេះចម្ងាយនៃការបាញ់មីស៊ីលនេះត្រូវបានរចនាឡើងដើម្បីវាយប្រហារគោលដៅក្នុងប្រទេសកូរ៉េខាងត្បូង។
ការបាញ់បង្ហោះនេះ ជាសកម្មភាពបាញ់អាវុធសាធារណៈលើកដំបូងរបស់កូរ៉េខាងជើងក្នុងរយៈពេលជាងពីរខែ ចាប់តាំងពីថ្ងៃទី១ខែកក្កដា ដែលប្រទេសកូរ៉េខាងជើង បានអះអាងថា បានសាកល្បងអាវុធយុទ្ធសាស្ត្រថ្មីមួយដែលមានសមត្ថភាពអាចបញ្ជូនក្បាលគ្រាប់ប្រភេទ «ធំ»ទម្ងន់៤,៥តោន។
ពាក់ព័ន្ធបញ្ហានេះនៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទត្រីភាគី រវាងអ្នកការទូតមកពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានថ្កោលទោសការបាញ់បង្ហោះនេះថា បានគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងអន្តរជាតិ។ ចំណែកទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានបញ្ជាក់ដោយឡែកថា អាមេរិកនៅតែរក្សាការប្តេជ្ញាចិត្តគាំទ្រេផ្នែកសន្តិសុខចំពោះកូរ៉េខាងត្បូង និងជប៉ុន។

នៅក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទដែលប្រារព្ធខួបលើកទី៧៦របស់រដ្ឋាភិបាល លោក គីម បាននិយាយថា នឹង«បង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញដើម្បីធ្វើឱ្យមានកម្លាំងនុយក្លេអ៊ែរយ៉ាងពេញលេញត្រៀមខ្លួនប្រយុទ្ធជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន»។
លោក គីម បានសន្យាបែបនេះ ដោយលើកឡើងថា កូរ៉េខាងជើងប្រឈមមុខនឹង «ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ» ដោយសារតែការពង្រីកប្លុកយោធាក្នុងតំបន់ដែលដឹកនាំដោយសហរដ្ឋអាមេរិក។
បើទោះបី លោក គីម បានធ្វើការសន្យាស្រដៀងគ្នាជាច្រើនដង ប៉ុន្តែការគំរាមកំហែងចុងក្រោយរបស់លោកអាចកើតឡើងពិតមែន នៅពេលដែលអ្នកជំនាញខាងក្រៅជឿថា កូរ៉េខាងជើងអាចធ្វើតេស្តនុយក្លេអ៊ែរ ឬការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ មុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកា ដើម្បីបង្កើនអានុភាពរបស់ខ្លួនក្នុងការដោះស្រាយនាពេលអនាគតជាមួយ សហរដ្ឋអាមេរិក។
ជាមួយគ្នានេះ កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានចេញផ្សាយរូបថតរបស់លោក គីម ត្រួតពិនិត្យយាន 12 axel ដែលនឹងក្លាយជាវេទិកាបាញ់មីស៊ីលដ៏ធំបំផុតរបស់ប្រទេស ដែលជំរុញឱ្យមានការរំពឹងទុកថា កូរ៉េខាងជើងអាចនឹងកំពុងអភិវឌ្ឍមីស៊ីលឆ្លងទ្វីបដ៏មានឥទ្ធិពលជាងមុនដែលរចនាឡើងដើម្បីវាយប្រហារដីគោករបស់សហរដ្ឋអាមេរិក។
ចាប់តាំងពីឆ្នាំ២០២២ មកប្រទេសកូរ៉េខាងជើងបានបង្កើនសកម្មភាពសាកល្បងអាវុធរបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញសមត្ថភាពរបស់ខ្លួនក្នុងការបាញ់ប្រហារលើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ទោះយ៉ាងណា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានឆ្លើយតបដោយការពង្រីកការធ្វើសមយុទ្ធយោធា ខណៈដែលកូរ៉េខាងជើងហៅសមយុទ្ធទាំងនោះថា« ការហាត់សមការឈ្លានពាន»៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


