ព័ត៌មានអន្ដរជាតិ
ឥទ្ធិពលមហាអំណាចកំពុងធ្វើឱ្យជម្លោះនយោបាយនៅហ្សកហ្ស៊ីក្លាយជាជម្ងឺរុំារ៉ៃ
ការតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោតសភានៅទីក្រុងប៊ីលីស៊ី (Tbilsi) ប្រទេសហ្សកហ្ស៊ី (Georgia) ស្ថិតនៅតំបន់កូកាសអស់រយៈពេលជិត១សប្តាហ៍ បានផ្ទុះឡើងកាន់តែតានតឹងនឹងឈានទៅចោទប្រកាន់គ្នារវាងរុស្ស៊ីនិងភាគីអឺរ៉ុប ក្រោយនាយករដ្ឋមន្ត្រីប្រទេសនេះផ្អាកការចរចាចូលសហភាពអឺរ៉ុប ខណៈពេលដែលមន្ត្រីកាន់អំណាចបានចោទប្រកាន់ថា អ្នកចូលរួមតវ៉ាដ៏ច្រើនជាជនបរទេស រួមទាំងប្រជាជនរុស្ស៊ីដែលប្រឆាំងរដ្ឋាភិបាល។
ការផ្ទុះការតវ៉ានេះកើតឡើងក្រោយសភាអឺរ៉ុបច្រានចោលលទ្ធផលបោះឆ្នោតដែលរៀបចំឡើងកាលថ្ងៃទី២៦ខែតុលា ដោយសំអាងថា «មានភាពមិនប្រក្រតី» ព្រមទាំងទាមទារឲ្យរៀបចំការបោះឆ្នោតឡើងវិញ ក៏ប៉ុន្តែរដ្ឋាភិបាលបដិសេធបំពេញតាមដំណោះស្រាយនោះ ព្រមទាំងផ្អាកការចរចាចូលសហភាពអឺរ៉ុបរយៈពេលរហូតដល់៤ឆ្នាំ។
ក្រុមមន្ត្រីនៃបក្សកាន់អំណាចរបស់ប្រទេសហ្សកហ្ស៊ី បានចោទប្រកាន់បាតុករប្រឆាំងរដ្ឋាភិបាលនៅទីក្រុងប៊ីលីស៊ី ចំនួនច្រើនរហូតដល់១ភាគ៣នៃអ្នកតវ៉ា ជាជនបរទេសដែលបង្កឲ្យមានភាពតានតឹងនៅក្នុងប្រទេស។
សារព័ត៌មាន RT របស់រុស្ស៊ី បានដកស្រង់សម្តីរបស់លោក Mamuka Mdinaradze លេខាធិការប្រតិបត្តិនៃគណបក្ស Georgian Dream party ដែលកាន់អំណាចនៃប្រទេសហ្សកហ្ស៊ី ដោយចោទប្រកាន់ក្រុមបាតុកររាប់ពាន់ប្រឆាំងរដ្ឋាភិបាលក្នុងនោះប្រមាន១ភាគ៣នៃពួកគេជាជនបរទេស។
ចលនាប្រឆាំងរដ្ឋាភិបាលហ្សកហ្ស៊ីដែលស្ថិតនៅតំបន់កូកាស (Caucasus) ខាងត្បូង បានផ្ទុះឡើងក្រោយ នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Kobakhidze បានប្រកាសពន្យាពេលចរចាចូលជាសមាជិកសហភាពអឺរ៉ុបរយៈពេល៤ឆ្នាំរហូតដល់ឆ្នាំ២០២៨ បន្ទាប់ពីសភាអឺរ៉ុបបានចេញសេចក្តីសម្រេចមួយច្រានចោលលទ្ធផលបោះឆ្នោតរដ្ឋសភាកាលខែតុលាកន្លងទៅ។
នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី ដែលត្រូវបានក្រុមអ្នកតវ៉ាចោទប្រកាន់ថា «ទទួលរងឥទ្ធិពលពីរុស្ស៊ី»បានច្រានចោលការអនុវត្តតាមសេចក្តីសម្រេចរបស់សភាអឺរ៉ុបដោយចោទប្រកាន់អឺរ៉ុបថា «គំរាមកំហែងនិងបំភ្លើសជាប្រចាំ» ដែលភ្ជាប់រដ្ឋាភិបាលដឹកនាំដោយគណបក្ស Georgia Dream មានទំនោរទៅរករុស្ស៊ី។
សេចក្តីរាយការណ៍របស់ RT បានឲ្យដឹងថា ក្រុមអ្នកតវ៉ាបានប្រើហិង្សាប្រឆាំងសមត្ថកិច្ចអនុវត្តច្បាប់ រួមទាំងសកម្មភាព អុជកាំជ្រួច ការគប់ស្រា និងការដុតកង់ឡាននៅមុខរដ្ឋសភាជាដើម ខណៈសមត្ថកិច្ចបង្ក្រាបបាតុកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បាញ់ទឹកដើម្បីបំបែកហ្វូងបាតុករ។
រហូតមកដល់ពេលនេះ បាតុករប្រមាណ២០០ត្រូវបានចាប់ខ្លួន ហើយ កម្លាំងសមត្ថកិច្ចជាង១០០នាក់ក៏បានរងរបួសផងដែរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Mdinaradze បានអះអាងថា ក្នុងចំណោមបាតុករដែលបានឃុំខ្លួន មានជនជាតិរុស្ស៊ីភាគច្រើន មានប្រជាជនអាមេរិក អង់គ្លេស និងហូឡង់។
ប្រទេសហ្សកហ្ស៊ីស្ថិតនៅស្ថិតនៅតំបន់កូកាសខាងត្បូងមានព្រំដែនជាប់ជាមួយប្រទេសរុស្ស៊ី និងមានប្រជាជន៣,៧លាននាក់ បានរៀបចំការបោះឆ្នោតសភាកាលពីថ្ងៃទី២៦ខែតុលា ដោយគណបក្ស Georgia Dream ទទួលបានជ័យជម្នះជាមួយការគាំទ្រជាង៥៤%។ គណបក្សនេះបង្កើតឡើងដោយលោក Bidzina Ivanishvili ដែលជាសេដ្ឋីមានទំនាក់ទំនងយ៉ាងជិតសិទ្ធជាមួយរុស្ស៊ី។
យោងការផ្សាយរបស់ Aljazeera គណបក្សដែលគាំទ្ររុស្ស៊ី បានច្រានចោលលទ្ធផលបោះឆ្នោតដែលប្រកាសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតហ្សកហ្ស៊ី និងប្រកាសពីការធ្វើបាតុកម្ម ដោយប្រធានាធិបតី Salome Zourabichvili ប្រទេសនេះបានក្លាយជាប្រទេសរងគ្រោះដោយសារប្រតិបត្តិការពិសេសរបស់រុស្ស៊ី។
ចលនាតវ៉ានយោបាយកើតឡើងនៅប្រទេសហ្សកហ្ស៊ីនាពេលនេះ ត្រូវបានមេដឹកនាំហ្សកហ្ស៊ីភ្ជាប់ទៅនឹងការធ្វើបដិវត្តន៍ពណ៌ដែលកើតឡើងនៅប្រទេសអ៊ុយក្រែនកាលឆ្នាំ២០១៣។
យោង RT ទីក្រុងមូស្គូក៏បានប្រៀបធៀបការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅហ្សកហ្ស៊ីទៅនឹងការតវ៉ានៅ Maidan ក្នុងប្រទេសអ៊ុយក្រែនដែលឈានទៅទម្លាក់រដ្ឋាភិបាលដែលស្និទ្ធទីក្រុងមូស្គូក្រោយមិនតវ៉ារឿងរុស្ស៊ីកាត់យកតំបនគ្រីមាកាលឆ្នាំ២០១៤។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បញ្ជាក់ថា ភាពចលាចលបង្ហាញ «សញ្ញានៃការប៉ុនប៉ងធ្វើបដិវត្តពណ៌ទឹកក្រូច (Orange Revolution)»។
យោងគេហទំព័រសហភាពអឺរ៉ុប Europeaninterest អគ្គលេខាធិការក្រុមប្រឹក្សាអឺរ៉ុប លោក Alain Berset បាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីហ្សកហ្ស៊ី លោកស្រី Salome Zourabichvili និងនាយករដ្ឋមន្ត្រី Irakli Kobakhidze កាលថ្ងៃពុធ ដោយអំពាវនាវឲ្យភាគីទាំងពីរទប់ស្កាត់អំពើហិង្សាដែលកំពុងពុះកញ្ជ្រោលឡើងនេះ។
បើទោះបីចាញ់ឆ្នោត យោង Aljazeera ប្រធានាធិបតីហ្សកហ្ស៊ី លោកស្រី Salome Zourabichvili បានបង្ហាញជំហរមិនចុះចេញពីអំណាចដែលនឹងត្រូវធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់នេះ៕
ដោយ រ៉ាន់ រើយ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ