ព័ត៌មានអន្ដរជាតិ
អង់គ្លេស៖ អាមេរិកត្រូវឈរក្រោយខ្នងអ៊ុយក្រែន ដើម្បីកម្លារុស្ស៊ី
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានអំពាវនាវឲ្យមានការធានាសន្តិសុខរបស់សហរដ្ឋអាមេរិក ជាធាតុផ្សំដ៏សំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពណាមួយរវាងអ៊ុយក្រែន និងរុស្ស៊ី។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលជាបន្ទាន់មួយនៅទីក្រុងប៉ារីសកាលពីថ្ងៃទី១៧ខែកុម្ភៈ លោក Starmer បានសង្កត់ធ្ងន់ថា ការគាំទ្ររបស់អាមេរិកគឺមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត និងធានាស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។
មេដឹកនាំមកពីបណ្ដាប្រទេសសំខាន់ៗនៅអឺរ៉ុប និងអង្គការណាតូ បានធ្វើកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងកិច្ចចរចាររវាងអាមេរិកនិងរុស្ស៊ីដែលកំពុងត្រៀមរៀបចំនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលមិនបានអញ្ជើញវត្តមានរបស់អឺរ៉ុប និងអ៊ុយក្រែនឲ្យចូលរួម។ ការពិភាក្សាផ្តោតលើភាពចាំបាច់នៃក្របខ័ណ្ឌសន្តិសុខដ៏រឹងមាំមួយសម្រាប់អ៊ុយក្រែន ដោយលោក Starmer បានបង្ហាញពីការត្រៀមខ្លួនរបស់ចក្រភពអង់គ្លេសក្នុងការប្តេជ្ញាចិត្តបើកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយត្រូវបានសម្រេច។ ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ការចូលរួមរបស់អាមេរិកគឺមិនអាចខ្វះបានសម្រាប់ប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពណាមួយរបស់អឺរ៉ុប។
មុនកិច្ចប្រជុំមួយថ្ងៃ លោក Starmer បានប្រកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនកងទ័ពទៅប្រទេសអ៊ុយក្រែន។ នេះគឺជាសេចក្តីប្រកាសយ៉ាងភ្ញាក់ផ្អើល ប៉ុន្តែយ៉ាងណាលោកបញ្ជាក់ថា កងទ័ពទាំងនោះគឺដើម្បីធានាសន្តិសុខ និងជាផ្នែកមួយនៃកងរក្សាសន្តិភាព ប្រសិនបើរុស្ស៊ី-អ៊ុយក្រែន ឈានដល់បទឈប់បាញ់។

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសម្តែងការប្រុងប្រយ័ត្នទាក់ទងនឹងការដាក់ពង្រាយកងទ័ពអឺរ៉ុប ដោយគ្មានការគាំទ្រពីអាមេរិក ខណៈដែលប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្នើឲ្យបង្កើតវិធីសាស្រ្តរួមពីអ្នកពាក់ព័ន្ធនៅអឺរ៉ុប អាមេរិក និងអ៊ុយក្រែន។ ការដកសំឡេងអឺរ៉ុបចេញពីកិច្ចចរចារវាងអាមេរិក និងរុស្ស៊ី បានធ្វើឲ្យមានការព្រួយបារម្ភអំពីសក្តានុពលនៃការបំផ្លាញសម្ព័ន្ធភាពឆ្លងអាត្លង់ទិក និងផលប្រយោជន៍សន្តិសុខអឺរ៉ុប។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ា្លឌីមៀ ហ្សេលេនស្គី បានរំលឹកឡើងវិញពីភាពចាំបាច់នៃការធានាសន្តិសុខរឹងមាំសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ដោយសង្កត់ធ្ងន់លើទំនាក់ទំនងជាបន្តបន្ទាប់ជាមួយមេដឹកនាំអឺរ៉ុប ដើម្បីធានាផលប្រយោជន៍របស់អ៊ុយក្រែន។ នៅពេលដែលមន្ត្រីអាមេរិករៀបចំសម្រាប់ការពិភាក្សាបន្ថែមទៀតជាមួយសមភាគីរុស្ស៊ី ការធានាត្រូវបានធ្វើឡើងថា អ៊ុយក្រែននឹងត្រូវបានរួមបញ្ចូលនៅក្នុងការចរចានាពេលអនាគត។
ស្ថានការណ៍នៅតែមានភាពតានតឹង ដោយមេដឹកនាំអឺរ៉ុបខិតខំអះអាងតួនាទីរបស់ពួកគេក្នុងដំណើរការសន្តិភាព និងធានាថា ដំណោះស្រាយណាមួយរួមមានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាព និងស្ថិរភាពក្នុងតំបន់របស់អ៊ុយក្រែន៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


