ព័ត៌មានអន្ដរជាតិ
ណាសា បង្ហាញបញ្ជីឈ្មោះទីក្រុង ដែលអាចត្រូវអាចម៍ផ្កាយវាយប្រហារ ក្នុងឆ្នាំ២០៣២
ពីមួយថ្ងៃទៅមួយថ្ងៃ អង្គការណាសា បានតាមដានអាចម៍ផ្កាយ 2024 YR4 មិនហ៊ានឲ្យដាច់ពីកន្ទុយភ្នែកឡើយ ហើយឥឡូវឱកាសរបស់វាក្នុងការហោះមកបុកភពផែនដីនៅ៧ឆ្នាំខាងមុខ បានកើនដល់ ៣.១% ខណៈអ្នកវិទ្យាសាស្រ្តបានចង្អុលចំៗថា ទីក្រុងដែលមានហានិភ័យរងគ្រោះដោយអាចម៍ផ្កាយនេះក្នុងឆ្នាំ២០៣២ មានដូចជា Bogotá នៃប្រទេសកូឡុំប៊ី, Abidjan នៃប្រទេសកូតឌីវ័រ, Lagos នៃប្រទេសនីហ្សេរីយ៉ា, Khartoum នៃប្រទេសស៊ូដង់, Mumbai និង Kolkata នៃប្រទេសឥណ្ឌា និង Dhaka នៃប្រទេសបង់ក្លាដែស។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ LAD bible កាលពីថ្ងៃពុធទី១៩ខែកុម្ភៈឆ្នាំ២០២៥។

ដំបូងឡើយឱកាសដែលអាចម៍ផ្កាយនេះ នឹងវាយប្រហារភពផែនដីគឺមានត្រឹម០.៣% ប៉ុណ្ណោះ ប៉ុន្តែក្រោយមានការតាមដាននិងពិនិត្យគន្លងហោះរបស់វាយ៉ាងជាប់លាប់ អង្គការណាសា ក៏បានបង្កើនភាគរយនៃឱកាសរបស់វាជាបន្តបន្ទាប់។
ទោះយ៉ាងណា ណាសា នៅតែធានាថាខ្លួនអាចបញ្ចៀសអាចម៍ផ្កាយនេះ មិនឲ្យហោះមកបុកផែនដីបានឡើយ និងអំពាវនាវដល់គ្រប់គ្នា កុំទាន់ព្រួយបារម្ភខ្លាំងពេក ព្រោះភាគរយដែលវាអាចហោះមកបុកភពរបស់យើង នៅតែមានកម្រិតទាបបំផុត។

រម្លឹកទៅកាលពីដើមខែកុម្ភៈ អង្គការណាសា បានវិភាគគន្លងរបស់អាចម៍ផ្កាយដែលមានអង្កត់ផ្ចិតចន្លោះ៤០ម៉ែត្រទៅ១០០ម៉ែត្រមួយនេះ ហើយមើលឃើញថា វាអាចហោះមកបុកផែនដីនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០៣២។
លោក David Rankin វិស្វករនៃគម្រោង Catalina Sky Survey របស់ ណាសា សន្និដ្ឋានថា យោងតាមគន្លងហោះ, 2024 YR4 អាចធ្លាក់នៅភាគខាងជើងតំបន់អាមេរិកខាងត្បូង ឬអាចនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងត្បូងទ្វីបអាស៊ី សមុទ្រអារ៉ាប់ ឬទ្វីបអាហ្វ្រិក។

បើក្នុងករណីវាហោះមកបុកផែនដីមែន ក្រុមអ្នកវិទ្យាសាស្រ្ត ជឿថា អាចផ្កាយ 2024 YR4 នឹងបង្កការផ្ទុះនៅលើអាកាស ហើយនៅពេលធ្លាក់លើដី វានឹងបង្កការផ្ទុះមានកម្លាំងស្មើគ្រាប់បែក TNT ៥០លានតោន ដោយនឹងបំផ្លាញអ្វីៗនៅជុំវិញវាក្នុងរង្វង់ ៤៨គីឡូម៉ែត្រ ខណៈអតីតអវកាសយានិកអង្គការណាសាលោក Chris Hadfield សន្និដ្ឋានថា វាកម្លាំងផ្ទុះខ្លាំងជាងគ្រាប់បែកដែលទម្លាក់នៅទីក្រុង Hiroshima ៥០០ដងឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៧ប្រទេស ប្រឈមហានិភ័យវាយប្រហារដោយអាចម៍ផ្កាយ ក្នុងឆ្នាំ២០៣២
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


