Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន៖ កូរ៉េខាងជើង​លូក​ដៃ​ក្នុង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ដើម្បី​ការពារ «ប្រជាជាតិ​បងប្អូន»​

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ប្រកាស​ជាសាធារណៈ​ថា ការចូលរួមផ្នែកយោធារបស់ប្រទេសលោកនៅក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន​គឺ​ជា​រឿង​យុត្តិធម៌​ ដោយពណ៌នាថា វាជាការអនុវត្តស្របច្បាប់នៃសិទ្ធិអធិបតេយ្យភាពរបស់ក្រុង​ព្យុងយ៉ាង​ក្នុងការការពារ «ប្រជាជាតិបងប្អូន»។

លោក​ គីម ជុងអ៊ុន និង​លោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយរបស់​ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​ KCNA នៅ​ថ្ងៃ​ទី​១០​ឧសភា​២០២៥ លោក គីម បានសរសើរទាហានកូរ៉េខាងជើងដែលបានចូលរួមក្នុង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ជាពិសេសអ្នកដែលចូលរួមក្នុងប្រតិបត្តិការនៅ​តំបន់ Kursk ដោយដាក់ងារ​ឲ្យ​ពួកគេថាជាវីរបុរសជាតិ។ លោក​បញ្ជាក់​ថា សកម្មភាព​​របស់​​ពួក​គេគឺ​​ជា​ការ​​ទង្វើ​ដ៏​​ត្រឹមត្រូវ​នៃ​អធិបតេយ្យភាព​ជាតិ និង​សាមគ្គីភាព​ជាមួយ​រុស្ស៊ី។

លោក គីម ក៏បានចេញ​សារ​ព្រមានដល់សហរដ្ឋអាមេរិកផងដែរ ដោយបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងនឹងមិនស្ទាក់ស្ទើរក្នុងការអនុញ្ញាត​ឲ្យ​មានសកម្មភាពយោធា ប្រសិនបើ​អាមេរិកបន្តនូវអ្វីដែលលោកហៅថា​ជា​ការញុះញង់ផ្នែកយោធាប្រឆាំងនឹងរុស្ស៊ី។

កាលពីចុងខែមេសា កូរ៉េខាងជើងបានបញ្ជាក់ជាផ្លូវការថា ខ្លួន​ពិត​ជា​​បញ្ជូនសព្វាវុធ និង​ទាហាន​ជាង១​ម៉ឺន​នាក់​ ទៅកាន់ប្រទេសរុស្ស៊ី ដោយឆ្លុះបញ្ចាំងពីទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរក្រោមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលចុះហត្ថលេខាដោយលោក គីម និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាលពីឆ្នាំមុន។

មជ្ឈិដ្ឋាន​អន្តរជាតិ បានសម្តែងការព្រួយបារម្ភចំពោះការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងជម្លោះនេះ ដោយចាត់ទុកវាជាការកើនឡើងដ៏​ខ្លាំង​ដែលអាចធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់បន្ថែមទៀត។ ក្រុមអ្នកវិភាគបានលើកឡើងថា ការគាំទ្ររបស់ក្រុងព្យុងយ៉ាងចំពោះទីក្រុងមូស្គូអាចមានបំណងពង្រឹងសម្ព័ន្ធភាពរបស់ខ្លួនជាមួយរុស្ស៊ី និងទទួលបានឥទ្ធិពលនៅក្នុងការចរចាការទូតនាពេលអនាគត៕

ដោយ៖ ឈាង

ចុចអាន៖ លោក ស៊ី និង​លោក​ ពូទីន ជំរុញ​ឲ្យ​អ​ន្តរជាតិ​ដក​ទណ្ឌកម្ម និង​សម្ពាធ​យោធា​លើ​កូរ៉េ​ខាង​ជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម