ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ចោទរុស្ស៊ីថាប្រើការចរចានៅតួកគី ដើម្បីពន្យារពេលបទឈប់បាញ់និងបញ្ចៀសទណ្ឌកម្ម
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ីថាចង់កេងចំណេញលើកិច្ចចរចាសន្តិភាពដែលកំពុងបន្តនៅក្នុងប្រទេសតួកគី ដើម្បីពន្យារពេលបទឈប់បាញ់ពិតប្រាកដ និងបោកបញ្ឆោតគោលនយោបាយរបស់សហរដ្ឋអាមេរិក ជាជាងស្វែងរកការបញ្ចប់អរិភាព។

ថ្លែងក្នុងទីក្រុងកៀវកាលពីថ្ងៃទី៤ខែមិថុនា លោក ហ្សេលេនស្គី បានរិះគន់វិធីសាស្រ្តរបស់ទីក្រុងមូស្គូចំពោះកិច្ចចរចាទីក្រុងអ៊ីស្តង់ប៊ុល ដោយបញ្ជាក់ថា សំណើរបស់រុស្ស៊ីខ្វះភាពស្មោះត្រង់។ លោកបានប្រកែកថា វិមានក្រឹមឡាំងកំពុងប្រើប្រាស់ការចរចាជាយុទ្ធសាស្ត្រ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មរបស់លោកខាងលិចបន្ថែមទៀត និងដើម្បីជះឥទ្ធិពលលើការសម្រេចចិត្តរបស់អាមេរិក។
នេះមិនមែនជាលើកដំបូងឡើយដែលមេដឹកនាំអ៊ុយក្រែនចោទប្រកាន់រុស្ស៊ី ពាក់ព័ន្ធនឹងការចរចាសន្តិភាព។ កាលពីខែឧសភា លោក ហ្សេលេនស្គី ធ្លាប់បាននិយាយថា «យើងឃើញថា រុស្ស៊ីមិនច្បាស់លាស់សោះអំពីសន្តិភាព។ សកម្មភាពរបស់ពួកគេបង្ហាញពីបំណងចង់ពន្យារពេលដំណើរការដែលមានប្រយោជន៍ និងបង្វែរដានទស្សនៈអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក»។
កិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុលដែលបានបន្តកាលថ្ងៃទី២ខែមិថុនា បានផ្តល់ត្រឹមលទ្ធផលមានកម្រិតប៉ុណ្ណោះ។ ខណៈពេលដែលភាគីទាំងពីរបានយល់ព្រមលើការផ្លាស់ប្តូរអ្នកទោស ការពិភាក្សាស្តីពីបទឈប់បាញ់នៅតែជាប់គាំង។ អ៊ុយក្រែនបានស្នើសុំបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដើម្បីជួយសម្រួលដល់ការចរចាបន្ថែមទៀត ប៉ុន្តែរុស្ស៊ីបានច្រានចោល ដោយផ្តល់ជំនួសមកវិញនូវបទឈប់បាញ់រយៈពេលខ្លីនៅក្នុងតំបន់ជាក់លាក់ ដើម្បីជួយសង្គ្រោះ និងស្វែងរកសាកសពទាហានដែលបាត់បង់ជីវិត។
កន្លងមក ការទាមទាររបស់វិមានក្រឹមឡាំងលើការបញ្ចប់អរិភាព រួមមាន ការកាត់យកទឹកដីបន្ថែមទៀតរបស់អ៊ុយក្រែន និងការធានាថា អ៊ុយក្រែននឹងមិនចូលជាសមាជិកអង្គការណាតូ។
ទោះជម្លោះនៅតែបន្ត អ៊ុយក្រែននៅតែបន្តទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន។ ថ្មីៗនេះ ចក្រភពអង់គ្លេសបានប្រកាសថានឹងផ្គត់ផ្គង់ដ្រូន (យន្តហោះគ្មានមនុស្សបើក) ចំនួន ១០០ ០០០គ្រឿងដល់ប្រទេសអ៊ុយក្រែនត្រឹមខែមេសាឆ្នាំ២០២៦ ច្រើនជាងមុន១០ដងនៃចំនួនដែលខ្លួនធ្លាប់បានសន្យាពីមុន។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាដ៏ធំតម្លៃជាង ៤,៥ពាន់លានផោន ក្នុងគោលបំណងពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែន។
ចំណែកនៅខាងណាតូឯណោះវិញ លោក Mark Rutte បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជាផ្លូវការឲ្យចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងឡាអេ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៥។ ការអញ្ជើញនេះ ត្រូវបានធ្វើក្នុងអំឡុងពេលកិច្ចប្រជុំរវាងអគ្គលេខាធិការអង្គការណាតូ និងលោក ហ្សេលេនស្គី កាលពីថ្ងៃទី២ខែមិថុនានៅទីក្រុង Vilnius ប្រទេសលីទុយអានី។ លោក Rutte បានបង្ហាញថា តម្រូវការរបស់អ៊ុយក្រែន និងការគាំទ្ររបស់សម្ព័ន្ធមិត្តនឹងជាប្រធានបទសំខាន់នៃការពិភាក្សា៕
ដោយ៖ ឈាង
ចុចអាន៖ មេណាតូអញ្ជើញលោក ហ្សេលេនស្គី ឲ្យចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងឡាអេ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


