Connect with us

ព័ត៌មានអន្ដរជាតិ

ត្រួសៗពីឧត្តមសេនីយ៍ថៃមួយរូប អាចឈោងចាប់​តំណែង​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​​ខាងមុខ​

បានផុស

នៅ

បន្ទាប់​ពី​មានភាព​ចលាចល​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​​នាយករដ្ឋមន្ត្រី​ថៃ​ ផែថងថាន ​ស៊ីណាវ៉ាត្រ​​ក្នុង​មួយរយៈចុងក្រោយ​នេះ ​ជាមួយនឹងជម្លោះ​ព្រំដែន​​រវាង​ ​កម្ពុជា​និង​ថៃ​ ​​ជម្លោះ​​​​នោះ​​​បាន​​ធ្វើ​ឲ្យ​ទំនុក​ចិត្ត​សាធារណៈ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​លើ​រដ្ឋាភិបាល​របស់​លោកស្រីនាយករដ្ឋមន្ត្រី​។ ជាពិសេសចំពេលមានព័ត៌មាននៃការរុះរើគណៈរដ្ឋមន្ត្រី និងស្ថានការណ៍ព្រំដែនកំពុងតានតឹង តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ គឺជាតំណែងមួយទៀត ដែលកំពុងត្រូវបានឃ្លាំមើល ដោយឈ្មោះអតីតមន្ត្រីយោធា​ពីររូបបច្ចុប្បន្នកំពុងពេញនិយម ដែល​អាច​នឹង​​​​តែងតាំង​ក្នុងគណៈរដ្ឋមន្ត្រី​បន្ទាប់​​។

រូបភាព៖thethaiger
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាពេលបច្ចុប្បន្ននេះ ឈ្មោះ ឧត្តមសេនីយ៍ ស៊ូណៃ ប្រាពូឆាណាយ​​​ (Sunai Prapuchanay) ឬឈ្មោះហៅក្រៅថា «Big Nai» ត្រូវបានគេរំពឹងថា នឹងជំនួសតំណែងរដ្ឋមន្ត្រី​​ក្រសួង​ការពារជាតិថៃ លោក​ Phumtham Wechayachai ដែល​​នឹងទៅកាន់​តំណែង​​រដ្ឋមន្ត្រី​​ក្រសួងមហាផ្ទៃ​ ជំនួសលោក Anutin Charnirakul ​ប្រធានគណបក្ស​​​​ភូមិចៃ​ថៃ ដែល​បាន​ដកខ្លួន​ពីរដ្ឋាភិបាល​ចម្រុះ​ ទៅធ្វើជា​បក្ស​ប្រឆាំង​វិញ​។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ឈ្មោះ ឧត្តមសេនីយ៍ថៃរូបនេះកាន់តែមានប្រជាប្រិយភាព បាននាំឲ្យមនុស្សជាច្រើន ព្យាយាម​ស្វែងរកមូលហេតុថា តើលោក ស៊ូណៃ ប្រាពូឆាណាយ​​​ ជានរណា?

ជីវប្រវត្តិ និងការសិក្សារបស់ឧត្តមសេនីយ៍ ស៊ូណៃ ប្រាពូឆាណាយ

បុរស​យោធា​រូប​នេះ ជា​អតីត​ជំនួយការ​មេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ (C-in-C) និងជា​អតីត​មេ​បញ្ជាការ​នៃ​បញ្ជាការ​សង្គ្រាម​ពិសេស ឬមេបញ្ជាការ NSO និយាយឲ្យសាមញ្ញគឺអតីតមេបញ្ជាការកងកម្លាំងពិសេស។

លោកធ្លាប់ជា​កម្មាភិបាល​នៃ​សាលា​ត្រៀម​កង​យោធពល​ខេមរភូមិន្ទ​ថ្នាក់​ទី ២១ (សាលា​ត្រៀម​សិក្សា​ថ្នាក់​ទី ២១) ជំនាន់​ដូចគ្នា​នឹងលោក​វរសេនីយ៍ឯក Tawee Sodsong រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។ បន្ទាប់​មក លោក​បាន​ក្លាយ​ជា​នាយទាហាន​​ ដោយបានសិក្សានៅសាលា ​រាជ​បណ្ឌិត្យ​សភា​យោធា Chulachomklao ខណៈ​ លោក Tawee បានក្លាយ​ជា​សិស្សនៃសាលានគរបាលភូមិន្ទ ថ្នាក់ទី៣៧ ។

រូបភាព៖Deep Blue Sea

ប្រវត្តិ​អាជីព​បម្រើយោធា និងឆាកនយោបាយ

បេក្ខជនឈានមុខគេក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃរូបនេះ ត្រូវបានគេចាត់ទុកថា ជាបុរសនៅក្នុងជួរកងកម្លាំងពិសេសដែលមានរចនាប័ទ្មការងារដ៏ខ្លាំងក្លា មានអំណាច និងស្ងប់ស្ងាត់ គាត់ក៏មានការសម្រេចចិត្តម៉ឹងម៉ាត់ ព្រមទាំងមានទំនួលខុសត្រូវលើកិច្ចការដែលខ្លួនបានធ្វើកន្លងមកដែរ។

នៅក្នុងអំឡុងឆ្នាំ ១៩៨២ ដល់ ១៩៨៩ លោកស៊ូណៃ និងក្រុមកងកម្លាំងពិសេសរបស់គាត់ បានទៅបំពេញបេសកកម្មសម្ងាត់នៅព្រំដែនកម្ពុជា-ថៃ ក្នុងសម័យសង្រ្គាមជាមួយកម្ពុជាដល់ទៅ៤លើក។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់​ពី​ចូល​និវត្តន៍​ពី​ការ​ងារ​​យោធា​​​ លោកចាប់​អារម្មណ៍​នឹងអាជីព​នយោបាយជាខ្លាំង។ លោក​បាន​ដាក់​ពាក្យ​បោះឆ្នោត​ជា​ប្រធាន​រដ្ឋបាល​ខេត្ត Lopburi និង​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​សភា​គណបក្ស​ភឿថៃ។ ប៉ុន្តែ​មិន​បាន​ជាប់​ឆ្នោត រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងរដ្ឋាភិបាលលោកស្រី ផែថងថាន​​កន្លងមក​នោះទេ​​។

​អតីត​ជំនួយការ​មេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់មហាជន នៅពេលដែលបានបង្ហាញខ្លួននៅក្នុងការតវ៉ារបស់កសិករអំពៅ ទាក់ទងនឹងការហាមឃាត់ការដុត និងតស៊ូមតិលើបញ្ហាកសិកម្ម/ការបំពុល។ លោក​បាន​ណែនាំ​ខ្លួន​ថា ​ជា​បេក្ខភាព​អភិបាល​នៃ​រដ្ឋបាល​ខេត្ត​ Lopburi រួម​ជាមួយ​លោក​បណ្ឌិត ស៊ូឆាត ឡៃណាំនឿង (Suchart Lainamneung អតីត​សមាជិក​សភា​ភឿថៃ)។

រូបភាព៖thethaiger

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លម្អិតសាវតារមេបញ្ជាការភូមិភាគ ២ ថៃ ដែលបង្កភាពតានតឹង នៅព្រំដែនជាមួយកម្ពុជា 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម