Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសផែនការសម្រាប់កិច្ចប្រជុំ​កំពូល​ពូទីន-ហ្សេលេនស្គី

បានផុស

នៅ

មេ​ដឹកនាំ​​អាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់​ឲ្យ​ដឹង​ថា លោកបានផ្តួចផ្តើមរៀបចំ​ឲ្យ​មានជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី។

លោក ដូណាល់ ត្រាំ និង​លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅ​សេតវិមាន​ថ្ងៃទី​១៨សីហា​២០២៥ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីពិភាក្សាជាមួយលោក ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុបនៅសេតវិមាន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​ខែ​សីហា​ឆ្នាំ​២០២៥​ លោក ត្រាំ បានបញ្ជាក់ថា នៅ​អំឡុង​ពេល​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ លោកបានហៅ​ទូរសព្ទ​ទៅ​លោក ពូទីន ដើម្បី​រៀបចំ​ដំណើរការ​កិច្ចចរចា​ទ្វេ​ភាគី ខណៈ​ទីតាំងមិនទាន់​​កំណត់នៅ​ឡើយទេ។ បន្ថែម​ពី​នេះ លោក ត្រាំ ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រោយ​កិច្ច​ប្រជុំ​ទ្វេភាគី​ពូទីន-ហ្សេលេនស្គី លោក​ក៏​នឹង​រៀបចំ​ជំនួប​ត្រីភាគី​ផង​ដែរ ដោយ​ក្នុង​នោះ​មានវត្តមាន​របស់​លោក​និង​ភាគី​ជម្លោះ​ទាំង​ពីរ។

ក្នុងអំឡុងពេលកិច្ចប្រជុំនៅសេតវិមានដដែល​នេះ លោក ត្រាំ ក៏​លើកឡើងអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា ប្រទេសអឺរ៉ុបនឹងសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តល់ការធានា។

លោក ហ្សេលេនស្គី ក្រោយ​ជំនួប​នៅ​សេតវិមាន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ថា លោក​បាន​ពិភាក្សា​អំពី​បញ្ហា​ជា​ច្រើន ដោយ​ក្នុង​នោះ​មាន​ដូចជា​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​កុមារ​អ៊ុយក្រែន​ដែល​ត្រូវ​បាន​និរទេស​ខ្លួន​ដោយ​រុស្ស៊ី និង​ការ​ធានា​សន្តិសុខ​នា​ថ្ងៃ​អនាគត។ លោក​បាន​និយាយ​ថា «សហរដ្ឋអាមេរិកកំពុងផ្តល់សញ្ញាច្បាស់លាស់ថា ខ្លួននឹងក្លាយជាអ្នកចូលរួមក្នុងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន»។

មេដឹកនាំ​អ៊ុយក្រែន​ក៏​បាន​បញ្ជាក់​ថា លោក ត្រាំ បាន​ស្នើ​ឲ្យ​មាន​ការ​ជួប​គ្នា​រវាង​រូប​​​​លោក និង​លោក ពូទីន «ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។ លោក​បាន​បន្ថែម​ថា រុស្ស៊ី «បាន​ស្នើ​ឡើង​ដំបូង​ឲ្យ​មាន​ជំនួប​ទ្វេភាគី [រវាង​ ពូទីន និង ហ្សេលេនស្គី] បន្ទាប់​មក​ជា​ត្រីភាគី»៕

លោក វ៉្លាឌីមៀរ ពូទីន និង​លោក ដូណាល់ ត្រាំ នៅ​រដ្ឋ​អាឡាស្កា​ថ្ងៃទី​១៥​សីហា​២០២៥ (រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ លោក ត្រាំ៖ ហ្សេលេនស្គី អាច​បញ្ចប់​សង្គ្រាម​ស្ទើរតែភ្លាមៗ បើយល់ព្រម​តាម​លក្ខខណ្ឌ​​២​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម