Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងអាចផលិតគ្រាប់បែកនុយក្លេអ៊ែរចំនួន២០គ្រាប់ក្នុងមួយឆ្នាំ

បានផុស

នៅ

នៅក្នុងសុន្ទរកថាដ៏សំខាន់មួយនៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយថា ប្រទេសកូរ៉េខាងជើងមានលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរថ្មីពី ១០ ទៅ ២០​គ្រាប់ក្នុងមួយឆ្នាំៗ។

លោក Lee Jae-myung (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lee ក៏បានព្រមានផងដែរថា ទីក្រុងព្យុងយ៉ាងកំពុងឈានទៅដល់ការបញ្ចប់ការអភិវឌ្ឍ​មីស៊ីល​បាលិស្ទិក​អន្តរទ្វីប (ICBM) ដែលមានសមត្ថភាពបាញ់ដល់ទ្វីបអាមេរិក​​ឯណោះ។

លោកប្រធានាធិបតី Lee បានធ្វើការកត់សម្គាល់ទាំងនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់គាត់​ទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីចូលកាន់តំណែង​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។ ក្នុង​ជំនួប​ជាមួយ​លោក ដូណាល់ ត្រាំ លោក Lee បានលើក​ឡើង​ថា ឃ្លាំងអាវុធរបស់កូរ៉េខាងជើង​កំពុង​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ​ដោយសារកង្វះក្របខ័ណ្ឌកិច្ចសន្ទនាក្រោមរដ្ឋបាលពីមុន ដោយកត់សម្គាល់ថា ទោះបីជាមានការប្រឹងប្រែងរារាំង និងការដាក់ទណ្ឌកម្មក៏ដោយ «ចំនួនអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងមានបានកើនឡើងក្នុងរយៈពេល ៣-៤​ឆ្នាំកន្លងមកនេះ»។

របាយការណ៍ខែកក្កដាឆ្នាំ​២០២៤ពីសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក (FAS) បានប៉ាន់ប្រមាណថា ប្រទេសកូរ៉េខាងជើងមានសារធាតុគ្រប់គ្រាន់សម្រាប់ផលិត​ក្បាលគ្រាប់​នុយក្លេអ៊ែរ ៧០-៩០​គ្រាប់ ខណៈ​​ក្បាលគ្រាប់​ដែល​​បង្កើត​រួច​​​​​មាន​ចំនួន ៥០​គ្រាប់។

សេចក្តីថ្លែងការណ៍​របស់​​​កូរ៉េ​ខាង​ត្បូង​នេះ ស្របពេលជាមួយនឹងការអត្ថាធិប្បាយថ្មីៗរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានអំពាវនាវ​ឲ្យ​មានការពង្រីកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន​ឲ្យ​បានឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ខណៈពេលដែលលោកប្រធានាធិបតី ត្រាំ បានបង្ហាញក្តីសង្ឃឹមថានឹងជួបលោក គីម ជុងអ៊ុន ម្តងទៀតនៅឆ្នាំនេះ កូរ៉េខាងជើងមិនទាន់បានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់មេដឹកនាំកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិកនៅឡើយទេ៕

ដោយ៖ ឈាង

ចុចអាន៖ ពេលកំពុងពិភាក្សាជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង ត្រាំ ថាចង់ជួប គីម ជុងអ៊ុន ម្ដងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម