Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកយល់ព្រមលក់មីស៊ីលរយៈចម្ងាយឆ្ងាយចំនួន ៣ ៣៥០​គ្រាប់​ឲ្យអ៊ុយក្រែន

បានផុស

នៅ

រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ បានអនុម័តការលក់​កញ្ចប់​យោធាបរទេសដ៏មានសក្ដានុពលតម្លៃ ៨២៥លានដុល្លារទៅ​ឲ្យ​អ៊ុយក្រែន ដោយផ្តល់​ឲ្យ​ទីក្រុង​កៀវ​នូវសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយថ្មីមួយនៅ​ក្នុងសង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​​រុស្ស៊ី។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អនុម័ត​នេះ ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍​ទី​២៨​សីហា រួមមានមីស៊ីល Extended Range Attack Munition (ERAM) ៣ ៣៥០​គ្រាប់ ដែលជាប្រភេទអាវុធបាញ់បង្ហោះតាមអាកាសប្រភេទថ្មីដែលមានរយៈចម្ងាយ​រហូតដល់ ៤០០​គីឡូម៉ែត្រ ព្រម​ទាំង​ឧបករណ៍ជំនួយ ប្រព័ន្ធផែនការបេសកកម្ម និងជំនួយបច្ចេកទេស។ ការ​ទិញ​លក់​នេះ កំពុងត្រូវបានផ្តល់មូលនិធិតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយប្រទេសដាណឺម៉ាក ន័រវែស និងហូឡង់ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានបន្ថែមរបស់សហរដ្ឋអាមេរិក។

ការអនុម័ត​កញ្ចប់​យោធា​នេះ បង្ហាញពី​សញ្ញាបន្តការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក ទោះបីជាកិច្ចខិតខំប្រឹងប្រែងការទូតកម្រិតខ្ពស់នាពេលថ្មីៗនេះ ដែលពាក់ព័ន្ធនឹងប្រធានាធិបតី ត្រាំ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និងមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបរាជ័យ​មិន​ទាន់​ឈាន​ដល់​កិច្ចព្រមព្រៀង​ណា​មួយ​ក៏​ដោយ។

សេចក្ដី​ប្រកាស​ស្ដី​ពី​ការ​លក់​មីស៊ីល​អាមេរិក​ឲ្យ​អ៊ុយក្រែន ក៏​ធ្វើ​ឡើង​ចំ​ពេល​ក្រុង​មូស្គូ​បង្កើន​ការ​វាយ​ប្រហារ​យ៉ាង​សន្ធាប់​លើ​ទីក្រុង​កៀវ។ ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​សីហា​ មនុស្សយ៉ាងហោចណាស់ ២៣​នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​របស់​រុស្ស៊ី ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ការ​ខូចខាតដល់​ការិយាល័យ​បេសកកម្មការទូតរបស់សហភាពអឺរ៉ុប និង​ចក្រភពអង់គ្លេសនៅទីនោះ​​ផង​ដែរ។

បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Keith Kellogg បានថ្កោលទោសការវាយប្រហារ​នេះ ដោយកត់សម្គាល់ថា រុស្ស៊ី​បានកំណត់គោលដៅ«មិនមែនជា​ទាហាន និងអាវុធទេ ប៉ុន្តែជាតំបន់លំនៅដ្ឋាន…បំផ្ទុះរថភ្លើងជនស៊ីវិល ការិយាល័យក្រុមប្រឹក្សាបេសកកម្ម EU និងអង់គ្លេស និងជនស៊ីវិលស្លូតត្រង់»។ ទាំងសហភាពអឺរ៉ុប និងអង់គ្លេសបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ដើម្បីតវ៉ាជាផ្លូវការចំពោះការវាយប្រហារលើទីតាំងការទូតរបស់ពួកគេ៕

ការ​វាយ​ប្រហារ​រុស្ស៊ី​លើ​ទីក្រុង​កៀវ​ថ្ងៃទី​២៨សីហា​២០២៥ (រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ ការវាយប្រហាររុស្ស៊ីលើក្រុង​កៀវ សម្លាប់មនុស្ស២៣នាក់ ធ្វើ​ឲ្យ​ខូចខាតដល់ការិយាល័យ EU និងអង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម