Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន ប្តេជ្ញាគាំទ្រចិនដោយឥតងាករេ ក្នុងជំនួបជាមួយលោក ស៊ី

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅ​ថ្ងៃសុក្រ​ទី​៥​កញ្ញា​នេះ​ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាថានឹងគាំទ្រ«ឥត​ងាក​រេ» សម្រាប់ផលប្រយោជន៍របស់ប្រទេសចិន ក្នុងអំឡុងពេលពិភាក្សាជាមួយប្រធានាធិបតី ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ដោយគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរក្សាទំនាក់ទំនងប្រពៃណីចំពេលមានការផ្លាស់ប្តូរថាមវន្តក្នុងតំបន់។

លោក គីម ជុងអ៊ុន និង​លោក ស៊ី ជីនពីង (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ ធ្វើ​ឡើង​មួយថ្ងៃបន្ទាប់ពីលោក គីម, លោក ស៊ី និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានរួមគ្នាចូលរួមក្បួនដង្ហែយោធាដ៏ធំបំផុតរបស់ប្រទេសចិន ប្រារព្ធខួបលើកទី៨០នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ។

យោងតាម KCNA លោក គីម បានប្រាប់លោក ស៊ី ថាទីក្រុងព្យុងយ៉ាងនឹងបន្តគាំទ្រ«ជំហរ និងការខិតខំប្រឹងប្រែង» របស់បក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលចិន ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេស។ លោក​បាន​សង្កត់​ធ្ងន់​ថា ចំណង​មិត្តភាព​ទ្វេ​ភាគី​នឹង​នៅ​តែ​មិន​ផ្លាស់​ប្តូរ «មិន​ថា​ទិដ្ឋភាព​អន្តរជាតិ​វិវឌ្ឍ​យ៉ាង​ណា​នោះ​ទេ»។

លោក ស៊ី បាននិយាយថា ភាគីទាំងពីរគឺជា «អ្នកជិតខាងល្អ មិត្តល្អ និងសមមិត្តល្អដែលចែករំលែកជោគវាសនារួម» ដោយបន្ថែមថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនជាស្រេចក្នុងការបង្រួបបង្រួម និងពង្រឹងទំនាក់ទំនងដ៏​រឹង​មាំ​ជាមួយទីក្រុងព្យុងយ៉ាង។ មេដឹកនាំទាំងពីរបានឯកភាពពង្រឹងដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ ការសម្របសម្រួលជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើអភិបាលកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងបក្ស។

ជំនួបនេះ គឺជាជំនួបផ្ទាល់លើកដំបូងរវាងលោក គីម និ​ង​លោក ស៊ី ក្នុងរយៈពេលជាង​៦​ឆ្នាំ។ វា​កើត​ឡើង​បន្ទាប់​ពី​ការពិភាក្សាទ្វេភាគីរបស់លោក គីម ជាមួយលោក ពូទីន កាលពីថ្ងៃពុធ ជាកន្លែងដែលមេដឹកនាំទាំងពីរបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការ«រយៈពេលវែង»។

លោក វ៉្លាឌីមៀរពូទីន, លោក ស៊ី និង​លោក គីម (រូបថត៖ Reuters)

ខណៈពេលដែលលោក គីម លោក ស៊ី និងលោក ពូទីន បានបង្ហាញខ្លួនជាមួយគ្នានៅឯក្បួនដង្ហែនោះ គ្មានកិច្ចប្រជុំកំពូលត្រីភាគីណាមួយត្រូវបានធ្វើឡើងនោះទេ ចំពេលមានការព្រួយបារម្ភថា វាអាចបញ្ជូនជា​សញ្ញា​​ប្រឆាំងនឹងសហរដ្ឋអាមេរិកកាន់តែខ្លាំង។ ក្រុមអ្នកវិភាគនិយាយថា ដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងរបស់លោក គីម មានគោលបំណងពង្រឹងជំហរក្នុងស្រុករបស់គាត់ បញ្ជាក់ឡើងវិញនូវទំនាក់ទំនងជាមួយចិន និងរុស្ស៊ី និងពង្រឹងជំហរចរចា មុនពេលការចរចាដ៏មានសក្តានុពលជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

លោក គីម បានចាកចេញពីទីក្រុងប៉េកាំងតាមរថភ្លើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលជាដំណើរទស្សនកិច្ច​លើកទី៥​របស់គាត់ទៅកាន់ប្រទេសចិនចាប់តាំងពីឆ្នាំ​២០១៩៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម