Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ​អឺរ៉ុប​នឹងជួប​ប្រជុំ​​នៅ​​​វ៉ាស៊ីនតោន ខណៈ​លោក ត្រាំ រៀបចំ​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី

បានផុស

នៅ

សេតវិមាន បាន​ប្រកាស​កាលពីថ្ងៃអាទិត្យ​ទី​៧ខែ​កញ្ញា​ថា មេដឹកនាំអឺរ៉ុបនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅដើមសប្តាហ៍នេះ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាមួយប្រធានាធិបតី ដូណាល់ ត្រាំ លើការបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។

លោក វ៉្លាឌីមៀរ ពូទីន និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីប្រទេសរុស្ស៊ីបាន​ទម្លាក់គ្រាប់បែក​​ដ៏ធំបំផុត​​របស់​ខ្លួន​លើ​អ៊ុយក្រែនថា លោកក៏នឹងជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នា​ពេលឆាប់ៗនេះផង​ដែរ។ លោក​បាន​បន្ថែម​ថា ក្រុង​វ៉ាស៊ីនតោន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ឈាន​ទៅ​រក​«​ដំណាក់​កាល​ទី​ពីរ​»​នៃ​ទណ្ឌកម្ម​លើ​ក្រុង​មូស្គូ។

យ៉ាង​ណាមិញ លោក ត្រាំ មិន​បាន​បញ្ជាក់​ថា មេ​ដឹក​នាំ​អឺរ៉ុប​រូប​ណា​ខ្លះ​ទេ​ដែល​នឹង​ទៅ​ជួប​ប្រជុំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្វាគមន៍ចំពោះលទ្ធភាពនៃការដាក់ទណ្ឌកម្មកាន់តែខ្លាំងលើ​រុស្ស៊ី ដោយចាត់ទុក​ថា​វា​ជា«គំនិតដ៏​ត្រឹមត្រូវ»។ បន្ថែម​ពី​នេះ លោកបានជំរុញ​​ឲ្យ​អឺរ៉ុបបញ្ឈប់ការនាំចូលថាមពលទាំងអស់ពីប្រទេសរុស្ស៊ី។ លោក ហ្សេលេនស្គី បានប្រាប់​ថា «យើងត្រូវតែបញ្ឈប់ថាមពលគ្រប់ប្រភេទពីរុស្ស៊ី ព្រម​ទាំង​កិច្ចព្រមព្រៀងណាមួយក៏​ដោយ​ជាមួយរុស្ស៊ី។ យើងមិនអាចមានកិច្ចព្រមព្រៀង​បានទេ ប្រសិនបើយើងចង់បញ្ឈប់ពួកគេ»។

ការអត្ថាធិប្បាយរបស់​លោក ហ្សេលេនស្គី បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបើក​ការ​វាយប្រហារ​ដោយ​ប្រើ​យន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់ ៨១០​គ្រឿង និងមីស៊ីល​ ១៣​គ្រាប់នៅអ៊ុយក្រែន ដោយសម្លាប់មនុស្ស ៤​នាក់ និងធ្វើ​ឲ្យ​ខូចខាតអគាររដ្ឋាភិបាលសំខាន់របស់​រដ្ឋធានី​កៀវ​​ជាលើកដំបូង។

អគារ​រដ្ឋាភិបាល​អ៊ុយក្រែន​ដែល​រង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី (រូបថត៖ AP)

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត ចាប់តាំងពីការចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំរបស់ខ្លួននៅក្នុងខែមីនាឆ្នាំ​២០២២ ប្រទេសរុស្ស៊ីរកចំណូលបានប្រហែល ៩៨៥​ពាន់លានដុល្លារពីការនាំចេញប្រេង និងឧស្ម័ន។ ចិន និងឥណ្ឌា គឺជាអ្នកទិញធំជាងគេ ខណៈដែលសហភាពអឺរ៉ុបបានកាត់បន្ថយការទិញយ៉ាងគំហុក ហើយបានសន្យាថានឹងបញ្ឈប់ការទិញទាំងនោះទាំងស្រុងនៅឆ្នាំ​២០២៧។

កាល​ពី​ខែ​មុន សហរដ្ឋ​អាមេរិក​បានដំឡើង​​ពន្ធ ៥០% លើ​ទំនិញ​ឥណ្ឌា ដើម្បី​ឆ្លើយ​តប​នឹង​ការ​បន្ត​នាំ​ចូល​ប្រេង​របស់​ក្រុងញ៉ូវដេលី​ពី​រុស្ស៊ី។ ប្រទេសឥណ្ឌាបានទទូចថា ខ្លួននឹងបន្តកិច្ចព្រមព្រៀងជាមួយ​រុស្ស៊ី​ ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងនេះ ប្រទេសរុស្ស៊ីបានសន្យាក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន ក្នុង​ការ​ពង្រីកការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសចិន៕

ដោយ៖ ឈាង

ចុចអាន៖ អគារ​រដ្ឋាភិបាល​អ៊ុយក្រែន រង​ការ​វាយប្រហារ​តាម​អាកាស​ពី​រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម