វ៉ាក់សាំងកូវីដ-១៩ ទំនងមិនមានប្រសិទ្ធភាពពេញលេញចំពោះមនុស្សដែលមានជំងឺធាត់នោះទេ ដោយអ្នកជំនាញលើកឡើងថា ដំណើរការនៃការការពាររបស់ថ្នាំអាចមានភាពយឺតយ៉ាវចំពោះមនុស្សធាត់ បើប្រៀបធៀបនឹងអ្នកដែលមានសុខភាពល្អ។
យោងតាមរបាយការណ៍មួយរបស់ឥណ្ឌាបានឱ្យដឹងថា ភាពធាត់រារាំងទៅនឹងការឆ្លើយតបរបស់ភាពស៊ាំទៅនឹងវីរុសកូវីដ-១៩ ហើយវ៉ាក់សាំងច្រើនតែមិនមានប្រសិទ្ធភាពចំពោះមនុស្សធាត់ ដោយវាមិនផ្តល់ការការពារខ្លាំងនោះទេ។
យោងតាមគេហទំព័រ The Tribune របស់ឥណ្ឌាបានដកស្រង់សម្ដី លោក Navneet Sood អ្នកពិគ្រោះយោបល់ផ្នែកជំងឺសួតនៃមន្ទីរពេទ្យ Dharamshila Narayana Superspeciality ថា ភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ទាក់ទងគ្នាខ្លាំងជាមួយអ្នកលើសទម្ងន់។ លោកបន្ថែមថា ដោយសារតែបែបនេះ ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទៅនឹងវ៉ាក់សាំងរបស់លើសទម្ងន់ក៏មិនសូវមានប្រសិទ្ធភាព។
ដោយឡែក អ្នកស្រាវជ្រាវពីប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩ចំពោះអ្នកធាត់ មកពីសាកលវិទ្យាល័យ Florida Gulf Coast សហរដ្ឋអាមេរិក និយាយថា មនុស្សធាត់មិនត្រឹមតែងាយឆ្លងជំងឺនោះទេ សូម្បីការលើសទម្ងន់របស់ពួកគេក៏ប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងដែរ។ នេះមានន័យថា ទោះបីវ៉ាក់សាំងត្រូវបានអនុញ្ញាតឱ្យចាក់ក៏ដោយ ក៏មិនសូវបង្ហាញលទ្ធផលល្អចំពោះបុគ្គលទាំងនេះដែរ។
ចំណែក វេជ្ជបណ្ឌិត Jay Gupta ជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្ត្រសុខាភិបាលនៅសាកលវិទ្យាល័យ Florida Coast Coast មានប្រសាសន៍ថា អ្នកជំងឺធាត់មានប្រព័ន្ធភាពស៊ាំខ្សោយ ដូច្នេះប្រតិកម្មនៃប្រព័ន្ធភាពស៊ាំចំពោះអ្នកដែលមានជំងឺធាត់ត្រូវបានពន្យារពេលយឺតបំផុត។
ទន្ទឹមគ្នានេះ វេជ្ជបណ្ឌិត Gianluca Iacobellis នាយកសេវាជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យ UM Hospital រដ្ឋផ្លរីដា បានឱ្យដឹងថា ភាពខ្សោយនៃអ្នកជំងឺធាត់អាចប៉ះពាល់ដល់សមត្ថភាពឆ្លើយតបយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពចំពោះវ៉ាក់សាំងការពារកូវីដ-១៩។
វេជ្ជបណ្ឌិតរូបនេះបន្ថែមថា មនុស្សធាត់ទំនងមិនទទួលបានការការពារច្រើនពីវ៉ាក់សាំងទេ ប៉ុន្តែ បើបាន ក៏ការការពារនោះត្រូវការពេលវេលាយូរដែរ។ ទោះយ៉ាងណា ការស្រាវជ្រាវនៅតែបន្តដើម្បីបញ្ជាក់ពីបញ្ហាទាំងនេះឱ្យប្រាកដ។ លោកក៏សង្ឃឹមថា នឹងមានចម្លើយអំពីប្រសិទ្ធភាពវ៉ាក់សាំង COVID-19 ទៅលើអ្នកជំងឺធាត់ ក្នុងពេលឆាប់ៗខាងមុខ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ WINK/The Tribune
ចុចអាន៖ ចាក់វ៉ាក់សាំងដូសទី១រួច ចៃដន្យឆ្លងកូវីដ គួរចាក់ម្ដងទៀតទេ?
ចុចអាន៖ វ៉ាក់សាំងកូវីដ៣ប្រភេទ អ្នកមានជំងឺថ្លើមក៏អាចចាក់បាន