Connect with us

ព័ត៌មានអន្ដរជាតិ

​លោក ​Rubio ​និយាយធូរខ្សុយ រឿង​​​ដ្រូន​រុស្ស៊ី​​រំលោភដែនអាកាស​​ប៉ូឡូញ ខណៈអឺរ៉ុប​​​​ប្រតិកម្មបែកខ្ទិះ​​​​​

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ទទួលបានព័ត៌មានបន្ថែម​ទៀត​អំពីឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែល​​ប្រទេសប៉ូឡូញចោទ​ប្រកាន់​​​ភាគី​រុស្ស៊ី​អំពី​ការ​​​​រំលោភដែន​អាកាស​ដោយ​ចេតនា ហើយនឹង​ពិគ្រោះ​យោបល់​អំពី​​រឿង​នេះ​ជាមួយសម្ព័ន្ធមិត្តណាតូ​ មុនពេលធ្វើការសន្និដ្ឋានណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ក្នុងការ​​​ផ្សព្វផ្សាយ​របស់​​ក្រសួង​ការបរទេសសហរដ្ឋអាមេរិក​ ដោយ​​ស្រង់​ខ្លឹមសារ​ឆ្លើយ​តប​ចំពោះអ្នកសារ​ព័ត៌មាន លោក រ៉ូប៊ីអូ បាន​និយាយថា៖«គ្មានការងឿងឆ្ងល់ទេដែលយន្តហោះគ្មានមនុស្សបើកទាំងនោះត្រូវបានបង្ហោះដោយចេតនា។ សំណួរគឺថាតើយន្តហោះគ្មានមនុស្សបើកត្រូវបានគេកំណត់គោលដៅទៅប្រទេសប៉ូឡូញឬអត់។ ជាពិសេស ប្រសិនបើ​​មាន​ករណី​បែបនោះ​មែន​ ប្រសិនបើភស្តុតាងឲ្យ​យើង​ជឿនៅ​ទីនោះមែន​ នោះច្បាស់ណាស់ថាវាជាការ​​​កើនឡើង​ការ​ប្រឈមខ្ពស់»​។

​លោក រដ្ឋមន្រ្តី បានបន្ថែម​ថា៖«​​​មាន​​លទ្ធភាព​ផ្សេងៗជាច្រើនទៀត​ផងដែរ ប៉ុន្តែ​យើង​​ឲ្យ​មាន​ការ​ពិត​​​​​ និង​​ពិគ្រោះ​​ជាមួយ​សម្ព័ន្ធ​មិត្ត​​របស់​យើង មុន​​យើង​​​បង្ហាញ​ការ​​តាំងចិត្ត​ជាក់លាក់​»។

​ប្រទេសនៅតំបន់​អឺរ៉ុប​ជា​ពិសេស​ប្រទេសជាសមាជិក​របស់​អង្គការ​ណាតូ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​ការ​បង្ហោះ​ដ្រូន​របស់​រុស្ស៊ី​ចូលទៅក្នុងដែន​អាកាស​​​របស់​ប្រទេសប៉ូឡូញ​​ស្ថិតនៅជាប់​ព្រំដែន​ជាមួយប្រទេសបេឡារុស។

​ក្រោយ​ការបាញ់ទម្លាក់​យន្ត​ហោះ​​គ្មានមនុស្ស​បើក​​មួយចំនួន​ក្នុងចំណោម​១៩គ្រឿង ដោយ​ការ​ត្រៀម​បង្ការឧបទ្ទវហេតុណាមួយ​នៃ​ការ​ឈ្លាន​ពាន​ពីសំណាក់​ប្រទេសរុស្ស៊ី​​និងបេឡារុសដែលធ្វើលំហាត់សមយុទ្ធ​យោធាទ្រង់ទ្រាយធំ ឈ្មោះ «Zapad 2025» ប្រទេសប៉ូឡូញ បាន​ដាក់​ពង្រាយ​​កងកម្លាំង​របស់ខ្លួន​​រហូត​៤០០០០នាក់ ខណៈប្រទេសបារាំង​​បាន​បញ្ជូន​យន្តហោះចម្បាំង​៣គ្រឿង ប្រទេសហូឡង់​បាន​បញ្ជូន​កងកម្លាំង​៣០០នាក់ និង ប្រទេស​ផ្សេង​ៗទៀត មានអង់គ្លេស អាល្លឺម៉ង់ ជាដើមសុទ្ធតែបាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅការពារប៉ូឡូញ​។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាននិយាយថា ៖«នៅតែមានការប្រមូលផ្តុំព័ត៌មានជាច្រើនកំពុងកើតឡើង។ បើទោះជាវាមិនគួរកើតឡើង។ ខ្ញុំមិនគិតថានរណាម្នាក់សប្បាយចិត្តក្នុងការឃើញវាកើតឡើងនោះទេ»។

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កញ្ញា កងទ័ព​ប៉ូឡូញ​បាន​កម្ទេច UAVs ជាច្រើន​គ្រឿង​ដែល​រំលោភ​ដែន​អាកាស​របស់​ប្រទេស។ យោងតាមនាយករដ្ឋមន្រ្តី Donald Tusk ការរំលោភលើអាកាសចំនួន១៩​ត្រូវបានកត់ត្រានៅយប់ថ្ងៃទី ៩-១០ ខែកញ្ញា។ ណាតូ តាមសំណើរបស់ប៉ូឡូញ បានកោះហៅមាត្រាទី ៤ នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដើម្បីចាប់ផ្តើមការពិគ្រោះយោបល់ក្នុងចំណោមសមាជិកសម្ព័ន្ធភាព៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម