Connect with us

សុខភាព

មកដឹង​ពី​មេរោគ​ក្រពះ រោគ​សញ្ញា​​និង​វិធី​ព្យាបាល

បានផុស

នៅ

១) មេរោគ​ក្រពះ​អាច​បង្ក​ជា​ជំងឺ​អ្វីខ្លះ​? ហើយ​វា​អាច​បង្ក​ជា​រោគសញ្ញា​ដូចម្តេច​?

– មេរោគ​ក្រពះ H. pylori ត្រូវបាន​គេ​រកឃើញ​នៅ​ឆ្នាំ ១៩៩៤ ហើយ​មេរោគ​នេះ ត្រូវបានគេទទួលស្គាល់​ថា ​ជា​មេរោគ​ដែល​អាច​បង្ក​ឲ្យ​កើតជា​ដំបៅ​ក្រពះ និង​មហារីកក្រពះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– មេរោគ​ក្រពះ​អាច​បង្ក​ជា​ជំងឺ​មួយចំនួន​ដូចជា​៖

• ជំងឺ​រលាក​ក្រពះ (100%)

• ដំបៅ​ក្រពះ (១០%)

• មហារីកក្រពះ (១%)

– រោគសញ្ញា​រួមមាន​៖

• ចុក​ឆ្អល់​ក្នុង​ពោះ​

• តឹង​ណែន​ចុងដង្ហើម​

• ក្រហាយ ឬ​ក្តៅ​នៅ​ចុងដង្ហើម​

• បត់ជើង​មក​ពណ៌​ខ្មៅ ឬ​មាន​ឈាម​ជាដើម​

២) តើ​ធ្វើយ៉ាងណា​ដើម្បីឲ្យ​ដឹងថា​អ្នកជំងឺ មាន​មេរោគ​ក្រពះ​?

– ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ថា​អ្នកជំងឺ​មាន​មេរោគ​ក្រពះ​ឬទេ យើង​ត្រូវ​៖

• យក​កោសិកា​ក្រពះ​មក​ពិនិត្យ​

• ធ្វើតេស្ត​ដង្ហើម​

• ធ្វើតេស្ត​លាមក​

៣) ក្នុងចំណោម​វិធីសាស្ត្រ​ទាំងបី​នេះ តើ​វិធី​មួយណា​ដែល​ល្អប្រសើរ​ជាងគេ​សម្រាប់​រក​មេរោគ​ក្រពះ​?

– វិធីសាស្ត្រ​ទាំង​៣​ខាងលើនេះ គឺមាន​ប្រសិទ្ធិភាព​ខ្ពស់​ដូចគ្នា​ក្នុង​ការរក​មេរោគ​ក្រពះ ប៉ុន្តែ​វា​មាន​លក្ខណៈពិសេស​រៀងៗ​ខ្លួន ដូចជា​ការយក​រំអិល​ក្រពះ​មក​ពិនិត្យ វិធី​នេះ​តម្រូវ​ចាំបាច់​ឲ្យមាន​ការ​សុង​ក្រពះ​ដើម្បី​យក​រំអិល​ក្រពះ​ទៅពិនិត្យ ដែល​អ្នកជំងឺ​ភាគច្រើន មានការ​ភ័យខ្លាច ប៉ុន្តែ​វា​ក៏មាន​ផលចំណេញ​ជាច្រើន​ទៀត​ដែរ​ដូចជា បន្ថែម​ពីលើ​ការរក​មេរោគ​ក្រពះ គឺ​យើង​អាចធ្វើ​រោគវិនិច្ឆ័យ​បាន​ថា អ្នកជំងឺ​មាន​បញ្ហា​នៅក្នុង​ក្រពះ​ផ្សេងទៀត​ដូចជា រលាក​ក្រពះ ដំបៅ​ក្រពះ និង​មហារីកក្រពះ​ជាដើម​។ វា​អាចជួយ​ឲ្យ​គ្រូពេទ្យ​ធ្វើការ​ព្យាបាល ​នូវ​ផលវិបាក​មួយចំនួន​ដូច​ការព្យាបាល​ការ​ហូរឈាម​ក្រពះ​ជាដើម​។ ចំណែកឯ​ការធ្វើ​តេស្ត​លាមក និង​តេស្ត​ដង្ហើម វា​មិន​តម្រូវ​ឲ្យ​អ្នកជំងឺ​ត្រូវធ្វើ​ការ​សុង​ក្រពះ​នោះទេ គឺ​ការធ្វើ​តេស្ត​លាមក អ្នកជំងឺ​គ្រាន់តែ​យក​លាមក​មក​ឲ្យ​គ្រូពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ​ជាការ​ស្រេច រីឯ​ការធ្វើ​តេស្ត​ដង្ហើម អ្នកជំងឺ​គ្រាន់តែ​ធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ ដោយ​គ្រាន់តែ ផ្លុំ​ខ្យល់​ចូល​ទៅក្នុង​ថង់ រួច​យកទៅ​ពិនិត្យ​ជាការ​ស្រេច និង​អាច​ទទួលបាន​លទ្ធ​ផល​ភ្លាមៗ​បន្ទាប់ពី​ការ​ផ្លុំ​។​

៤) តើ​ការធ្វើ​តេស្ត​ដង្ហើម​តម្រូវ​ឲ្យ​អ្នកជំងឺ​ត្រៀម​អ្វីខ្លះ​?

– ការធ្វើ​តេស្ត តម្រូវឲ្យ​អ្នកជំងឺ​៖

• តម​អាហា​រយៈពេល​៦​ម៉ោង​

• បញ្ឈប់​នូវ​ការប្រើប្រាស់​ថ្នាំ​ផ្សះ​រយៈពេល​យ៉ាងតិច​១​ខែ​

• បញ្ឈប់​នូវ​ការប្រើប្រាស់​ថ្នាំ​ក្រពះ​រយៈពេល​យ៉ាងតិច​២​សប្តាហ៍​

៥) តើ​អ្នកជំងឺ​ប្រភេទ​ណាខ្លះ ដែល​គួរ​ជ្រើស​រើសយក​ការធ្វើ​តេស្ត​ដង្ហើម​?

– ជាទូទៅ​ប្រសិនបើ​មិនមាន​ការចាំបាច់​ក្នុងការ​សុង​ក្រពះ​ទេ តេស្ត​ដង្ហើម គឺ​សាក​សម​បំផុត​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ ថា​អ្នកជំងឺ​មាន​មេរោគ​ក្រពះ​ឬទេ​។ ប៉ុន្តែ​ក្នុងករណី​ចាំបាច់ អ្នកជំងឺ​ត្រូវ​ធ្វើការ​សុង​ក្រពះ​នោះ ការ​យក​កោសិកា​ក្រពះ​ពិនិត្យ គឺជា​មធ្យោបាយ​ល្អ​បំផុត​។​

​រោគសញ្ញា​ដែល​បញ្ជាក់ថា​អ្នកជំងឺ​គួរ​សុង​ក្រពះ រួមមាន​៖

– បន្ទោរ​បង់​មក​ខ្មៅ ឬ​មាន​ឈាម​

– អ្នកជំងឺ​ស្រក​ទម្ងន់​ខុសធម្មតា​

– កង្វះ​គ្រាប់​ឈាម​ដោយ​ឥត​មូលហេតុ​

– មាន​អាយុ​លើស​ពី​៥០​ឆ្នាំ ហើយ​មាន​រោគសញ្ញា​ចុក​ឆ្អល់ចុងដង្ហើម​ថ្មីៗ​

– ធ្លាប់​កាត់​ក្រពះ​

៦) តើ​ការមើល​ឈាម​អាច​បញ្ជាក់បាន​ថា អ្នកជំងឺ​មាន​មេរោគ​ក្រពះ​ដែរឬទេ​?

– ការមើល​ឈាម​មិនអាច​បញ្ជាក់បាន​ថា ​អ្នកជំងឺ​មាន​មេរោគ​ក្រពះ​នោះទេ​។ ការមើល​ឈាម គ្រាន់តែ​អាច​បញ្ជាក់​បាន​ថា អ្នកជំងឺ​មាន​ប្រព័ន្ធ​ការពារ​ប្រឆាំងនឹង​មេរោគ មិនមែន​មេរោគ​នោះទេ​។​

– ការមើល​ឈាម​ឃើញ អាចមាន​លទ្ធផល​២៖

​អ្នកជំងឺ​អាច​ឆ្លង​មេរោគ​ពីមុន​រួច​ជា​ទៅវិញ ឬ​អ្នកជំងឺ​មាន​មេរោគ​ពិតមែន ដែល​យើង​មិនអាច បែងចែក​ដាច់​ថា​អ្នកជំងឺ​ឈឺ ឬ​អត់​។​

៧) បើ​មិនមាន​ការព្យាបាល អ្នកជំងឺ​អាចមាន​បញ្ហា​អ្វីខ្លះ​?

– ជាទូទៅ​បើ​មិនមាន​ការព្យាបាល​ត្រឹមត្រូវ​រយៈពេល​មួយ អ្នកជំងឺ​នឹង​វិវត្តន៍​ទៅជា​រលាក​ក្រពះ​រ៉ាំរ៉ៃ ហើយ​អាច​ក្លាយ​ទៅ​ដំបៅ​ក្រពះ និង​ជា​ចុងក្រោយ​មហារីកក្រពះ​។​

៨) តើ​បន្ទាប់ពី​ការព្យាបាល អាច​ការពារ​អ្នកជំងឺ​មិនឲ្យ​កើត​មហារីកក្រពះ​បានដែរ​ឬទេ​?

– បើ​ការព្យាបាល​ទាន់ពេលវេលា យើង​អាច​ការពារ​មិន​ឲ្យ​មាន​ជំងឺមហារីក​ក្រពះ​បាន​។ ប៉ុន្តែ​ក្នុងករណី​យឺតយ៉ាវ ការ​រលាក​រ៉ាំរ៉ៃ អាចធ្វើ​ឲ្យ​កោសិកា​ក្រពះ​មានការ​ផ្លាស់ប្តូរ​ទៅជា​ស្វិត ការព្យាបាល​អាច​កាត់បន្ថយ​អត្រា​មហារីក​បាន ប៉ុន្តែ​មិនបាន​១០០%​នោះទេ​។​

“​ប្រសិនបើ​លោកអ្នក​មាន​អាកា​រៈ ឬ​រោគសញ្ញា ដូចដែល​បាន​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មកជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​និង​ឈានទៅរក​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ហើយ​ទាន់ពេលវេលា ជៀសវាង​ការ​យឺត​ពេលដែល​អាចឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​សូម​ប្រយ័ត្ន​ជំងឺមហារីក​នៃ​ខួរឆ្អឹង ​ដែល​បង្ក​កំណើត​ខុស​ប្រក្រតី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម