សុខភាព
អ្នកជំនាញប្រាប់វិធីថែទាំមូលដ្ឋាន ខណៈមនុស្សមានសម្ពាធឈាមខ្ពស់កើនឡើងទ្វេដង
ការសិក្សាដ៏ធំមួយបានស្វែងរកឃើញចំនួនមនុស្សអាយុ៣០ឆ្នាំឡើងបានកើនឡើងសម្ពាធឈាមខ្ពស់ទ្វេដងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ និងពាក់កណ្តាលនៃពួកគេមិនបានព្យាបាលទេ។
នោះបើទោះជាការព្យាបាលងាយស្រួល និងមានតម្លៃថោក ដូចជារបៀបទទួលទានអាហារដែលមានសុខភាព លំហាត់ប្រាណរហូតដល់ប្រើថ្នាំគ្រាប់ដែលកាត់បន្ថយសម្ពាធឈាមឲ្យទាប និងជម្រើសផ្សេងៗ។
ការស្រាវជ្រាវត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ Lancet បានរកឃើញថា វាស្រួលវាស់វែង ប៉ុន្តែមនុស្សជាច្រើនមិនបានព្យាបាលដោយកម្រិតមូលដ្ឋានទាំងនេះទេទាំងនៅប្រទេសអ្នកមាន និងប្រទេសខ្សត់ខ្សោយ។

យោងតាមអង្គការសុខភាពពិភពលោកថា ជាលទ្ធផលគឺមានការស្លាប់៨.៥លាននាក់ជារៀងរាល់ឆ្នាំ។ សម្ពាធឈាមឡើងខ្ពស់បង្កឲ្យដាច់សរសៃឈាមខួរក្បាល ខ្សោយបេះដូង និងខ្សោយសរីរាង្គដូចជាក្រលៀនជាដើម។
អ្នកដឹកនាំស្រាវជ្រាវជាសកល លោក Majid Ezzati ជាអ្នកជំនាញសុខភាពសកលនៅមហាវិទ្យាល័យ Imperial College London បានរៀបរាប់ថា ៖«យើងបានប្រើទិន្នន័យពីឆ្នាំ១៩៩០ដល់២០១៩ លើមនុស្សអាយុ៣០ឆ្នាំដល់៧៩ឆ្នាំពីការសិក្សាតំណាងប្រជាជនជាមួយនឹងការវាស់សម្ពាធឈាម និងទិន្នន័យនៃការព្យាបាលជំងឺលើសឈាម»។
«យើងបានកំណត់ពីដំណើរឡើងឈាមថាមានសម្ពាធឈាមស៊ីស្តូលីកចំនួន១៤០មីលីម៉ែត្រ Hg ឬខ្ពស់ជាងនេះ សម្ពាធឈាម diastolic ចំនួន៩០មីលីម៉ែត្រ Hg ឬទាបជាងនេះ ឬការលេបថ្នាំសម្រាប់ជឺងឺលើសឈាម»។
ពួកគេបានឲ្យដឹងថា អ្នកស្រាវជ្រាវបានពិនិត្យមើលទិន្នន័យពីចំនួន១៨៤ប្រទេស។ ចំនួននៃមនុស្សដែលមានសម្ពាធឈាមខ្ពស់បានកើនឡើងទ្វេដងពី៦៤៨លាននាក់នៅឆ្នាំ១៩៩០ឡើងដល់ជិត១.៣ពាន់លាននាក់នៅឆ្នាំ២០១៩។
លោក Ezzati បានរៀបរាប់ក្នុងសេចក្តីប្រកាសមួយថា ៖«គោលនយោបាយដែលអាចឲ្យមនុស្សរស់នៅក្នុងប្រទេសក្រីក្របំផុតទទួលបានអាហារដែលមានសុខភាពល្អ។ ជាពិសេសកាត់បន្ថយការទទួលទានអំបិល និងបង្កើនផ្លែឈើ និងបន្លែឲ្យបានច្រើន»។
«រួមជាមួយនឹងការធ្វើឲ្យប្រសើរឡើងនូវការរកឃើញវិធីថែទាំសុខភាពជាមូលដ្ឋាន និងជាសកល។ ធានាបាននូវការប្រើប្រាស់ថ្នាំឲ្យមានប្រសិទ្ធភាព។ ត្រូវតែផ្តល់ហិរញ្ញប្បទាន និងអនុវត្តដើម្បីកាត់បន្ថយការកើនឡើងនៃសម្ពាធឈាមខ្ពស់ក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម»។
ប្រទេសដែលមានចំណូលខ្ពស់ដូចជា កាណាដា ស្វីស ចក្រភពអង់គ្លេស និងអេស្ប៉ាញបានរាយការណ៍ពីចំនួនប្រជាជនដែលមានសម្ពាធឈាមខ្ពស់របស់ពួកគេគឺមានកម្រិតទាប ប៉ុន្តែប្រទេសដែលមានចំណូលទាបនិងមធ្យមដូចជា ប៉ារ៉ាហ្គាយ និងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាលរួមមាន ហុងគ្រី ប៉ូឡូញ និងក្រូអាស៊ីគឺមានអត្រាខ្ពស់។ ប្រទេសកាណាដា និងប៉េរូមានអត្រាសម្ពាធឈាមខ្ពស់ទាបបំផុត។
ក្រុមអ្នកស្រាវជ្រាវបានសរសេរថា ៖«អត្រាសម្ពាធឈាមខ្ពស់បំផុតនៅបណ្តាលប្រទេសអឺរ៉ុបកណ្តាល និងខាងកើត អាស៊ីកណ្តាល អូសេអានី អាហ្វ្រិកខាងត្បូង ព្រមទាំងប្រទេសអាមេរិកឡាទីន និងការាបៀនមួយចំនួន»។
ការសិក្សារកឃើញថា ជារួម មនុស្សប្រុសស្រីអាយុ៣០ដល់ជាង៧០ឆ្នាំមួយភាគបីទូទាំងពិភពលោកមានសម្ពាធឈាមខ្ពស់។
លោក Robert Storey សាស្ត្រាចារ្យជំងឺបេះដូងនៅសាកលវិទ្យាល័យ Sheffield ដែលមិនពាក់ព័ន្ធនឹងការសិក្សានេះបានរៀបរាប់ថា ៖«ការរាលដាលនៃជំងឺសរសៃឈាមបេះដូងមិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងទេក្នុងរយៈពេល១៨ខែចុងក្រោយ ប៉ុន្តែឆ្លុះបញ្ចាំងពីទិន្នាការទូទាំងពិភពលោកកំពុងមានកង្វល់ពីរបៀបរស់នៅគ្មានសុខភាពល្អដូចជាប្រើ ខ្លាញ់ ស្ករ ប្រៃ និងគ្រឿងស្រវឹងច្រើនពេក ការរស់នៅគ្មានលំហាត់ប្រាណ ជក់បារី ទាំងអស់នេះដែលនាំឲ្យមានឡើងសម្ពាធឈាមខ្ពស់ និងកម្រិតកូឡេស្តេរ៉ុលអាក្រក់ដែលបណ្តាលឱ្យខូចសរសៃឈាមដែលផ្គត់ផ្គង់បេះដូងនិងខួរក្បាល»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


