សុខភាព
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជោគជ័យមួយជំហានទៀតលើការធ្វើតេស្តសុវត្ថិភាពម្ហូបអាហារស្តង់ដាអន្តរជាតិ
មន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពចំណីអាហារ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានជោគជ័យពីការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ (ISO/IEC 17025/2017) ដើម្បីពង្រីកវិសាលភាពលើសេវាកម្មរបស់ខ្លួន ។ ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិនៃមន្ទីរពិសោធន៍នេះ ពិតជាមានសារៈសំខាន់បំផុតក្នុងការធានាឱ្យសេវាកម្មដែលផ្ដល់ដោយ មន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចទទួលបានការជឿជាក់ និងមានសុក្រិតភាពសម្រាប់លទ្ធផលវិភាគផ្នែកគុណភាព និងសុវត្ថិភាពនៃម្ហូបអាហារក្នុងវិស័យជលផល និងវិស័យឧស្សាហកម្មម្ហូបអាហារផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។

ភាពជោគជ័យនេះ បន្ទាប់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានកិច្ចសហការក្រោមគម្រោង CAPFISH-Capture ផ្ដោតលើការអភិវឌ្ឍផ្នែកជលផលក្រោយប្រមូលផល ក្រោមការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU) អនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល (FiA) និងអង្គការ UNIDO ដែលក្នុងនោះ ការលើកកម្ពស់សមត្ថភាពការធ្វើតេស្តរបស់មន្ទីរពិសោធន៍ផ្តោតលើសុវត្ថិភាពម្ហូបអាហារគឺជាសកម្មភាពដ៍សំខាន់មួយរបស់គម្រោង ដើម្បីធានាគុណភាពនិងសុវត្ថិភាពលើផលិតផលជលផលនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។
តាមរយៈជំនួយបច្ចេកទេសពីគម្រោង CAPFISH-Capture មន្ទីរពិសោធន៍បរិស្ថាននិងសុវត្ថិភាពចំណីអាហាររបស់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានស្តង់ដា ISO/IEC 17025/2017 ក្នុងខែកញ្ញា ឆ្នាំ២០២២ ពីស្ថាប័នផ្តល់សេវាកម្មវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិ (IAS) លើសមត្ថភាពធ្វើតេស្តប៉ារ៉ាម៉ែត្រមីក្រូជីវសាស្ត្រនៃម្ហូបអាហារ។ នាពេលថ្មីៗនេះ ដោយមានជំនួយបន្ថែមពីគម្រោង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏បានពង្រីកវិសាលភាព និងសមត្ថភាពធ្វើតេស្តរបស់ខ្លួនលើប៉ារ៉ាម៉ែត្រមីក្រូជីវសាស្ត្រនៃម្ហូបអាហារ និងទឹកចំនួន ៩ ប៉ារ៉ាម៉ែត្របន្ថែមទៀត ក្រោយពីត្រូវបានវាយតម្លៃទទួលស្គាល់ជាអន្តរជាតិដោយ IAS។ ដូចនេះ អតិថិជនក្នុងវិស័យកែច្នៃម្ហូបអាហារដែលបំណងចង់វិភាគសំណាកម្ហូបអាហារនិងទឹក អាចមកទទួលយកសេវាកម្មធ្វើវិភាគប្រកបដោយទំនុកចិត្តនិងទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
លោក សុខ ណារិន តំណាងប្រចាំព្រះរាជាណាចក្រកម្ពុជារបស់អង្គការ UNIDO មានប្រសាសន៍ថា៖«កិច្ចខិតខំប្រឹងប្រែងនិងការអភិវឌ្ឍខាងលើនេះបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់យើងក្នុងការបង្កើនសមត្ថភាពមន្ទីរពិសោធន៍នៅកម្ពុជា ដើម្បីផ្ដល់ប្រយោជន៍សម្រាប់ជំរុញការធ្វើពាណិជ្ជកម្មផល ផលិតផលជលផល និងផលិតផលកសិកម្មផ្សេងទៀត ដើម្បីជួយឱ្យសហគ្រាសផ្នែកម្ហូបអាហារអាចសន្សំសំចៃពេលវេលានិងកាត់បន្ថយការចំណាយលើការបញ្ជូនផល និងផលិតផលរបស់ខ្លួនទៅធ្វើតេស្តនៅមន្ទីរពិសោធន៍របស់ប្រទេសជិតខាងបានយ៉ាងច្រើនផងដែរ»។

លោកសាស្ត្រាចារ្យ André – SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អ ជាមួយគម្រោង CAPFISH-Capture ដោយបានលើកឡើងថា «ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ដោយ IAS បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាកររបស់វិទ្យាស្ថាន ក្នុងការលើកកម្ពស់គុណភាពសេវាកម្មធ្វើតេស្ត ជាពិសេសលើកិច្ចការពាក់ព័ន្ធនឹងគុណភាពនិងសុវត្ថិភាពម្ហូបអាហារ។ លោកបញ្ជាក់ថា៖« លទ្ឋផលដែលសម្រេចបាននេះ បង្កើនសមត្ថភាពរបស់យើងក្នុងការគាំទ្រសុខភាពសាធារណៈតាមរយៈការពង្រឹងសុវត្ថិភាពម្ហូបអាហារនិងជួយឱ្យវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហាររបស់កម្ពុជាអាចឆ្លើយតបទៅនឹងបទដ្ឋានជាតិនិងអន្តរជាតិ ដែលចុងក្រោយផ្ដល់អត្ថប្រយោជន៍ ដល់ម្ចាស់អាជីវកម្មនិងអ្នកបរិភោគ»។
ជាមួយគ្នានេះ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានសម្ដែងនូវសុទិដ្ឋិនិយមថា តាមរយៈការពង្រីកវិសាលភាព លើសេវាកម្មធ្វើតេស្តរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានឹងអាចជំរុញកិច្ចសហការបានកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសសម្រេចបាននូវគោលបំណងរួមគឺលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃផល ផលិតផលជលផលកម្ពុជាចាប់តាំងពីការប្រមូលផលរហូតដល់តុអាហារ។ លោកបញ្ជាក់ដែរថា៖« ការអនុវត្តកន្លងមក រដ្ឋបាលជលផលតែងតែបញ្ជូនសំណាកនៃផល ផលិតផលជលផលទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីទទួលបានលទ្ធផលវិភាគតាមស្តង់ដាដែលអាចជឿជាក់ និងទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសបំពេញនូវលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល»។
ចំណែកលោក អ៉ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា៖«ការពង្រីកវិសាលភាពទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាជំហានវិជ្ជមានមួយទៀត ដែលនឹងគាំទ្រដល់ប្រព័ន្ធត្រួតពិនិត្យផ្លូវការនិងអនុលោមភាពស្របតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារដែលសហគ្រាសផ្នែកម្ហូបអាហារពីវិស័យឯកជនត្រូវអនុលោមតាម»៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល