ព័ត៌មានជាតិ
សហគ្រាសជលផលចំនួន ៥៦៨ បានទទួលការគាំទ្ររៀបចំផែនការអាជីវកម្ម និងផ្នែក សុវត្ថិភាពម្ហូបអាហារ
តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) សហគ្រាសជលផលចំនួន ៥៦៨ បានទទួលការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះសហគ្រាសទទួលផលដឹកនាំដោយស្រ្តី មានចំនួនសរុប ៦២%។
ក្នុងចំណោមនោះសហគ្រាសចំនួន ៦៤ បានកែលម្អប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មសម្ភារ បរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការពង្រីកទីផ្សារជាដើម។ សហគ្រាសធុនតូច និងមធ្យមចំនួន ៣៣ ឈានទៅទទួលបានវិញ្ញាបនប័ត្រគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ឬវិញ្ញាបនប័ត្រ HACCP ដែលមានការទទួលស្គាល់ជាអន្តរជាតិ ខណៈដែលសហគ្រាសចំនួន ១១ កំពុងអនុវត្តប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដើម្បីត្រៀមលក្ខណៈនាំចេញ។

សេចក្តីប្រកាសព័ត៌មានរួមបានឱ្យដឹងថា ផលជះនៃការវិនិយោគតាមរយៈគម្រោង បានកៀគរទុនបដិភាគជាង ៦ លានដុល្លារអាមេរិក ក្រោមរូបភាពនៃជំនួយហិរញវត្ថុពីគម្រោង ទុនចូលរួមរបស់ម្ចាស់អាជីវកម្ម និងកញ្ចប់ហិរញ្ញវត្ថុពីវិស័យឯកជន ដែលជំរុញការលក់ផលិតផលជលផលកើនឡើង ៦១% និងការបង្កើត និងរក្សាការងារចំនួន ១៧.៨១១ ហើយស្ត្រីទទួលបានការងារទាំងនេះជាងពាក់កណ្តាល។
លទ្ធផលដែលទទួលបាននេះ ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បាននិងកំពុងលើកកម្ពស់ភាពប្រកួតប្រជែង គុណភាព និងសុវត្ថិភាពផលិតផលជលផល ការផ្តល់ភាពអង់អាចផ្នែកហិរញ្ញវត្ថុ និងការទទួលបានទីផ្សារសម្រាប់តួអង្គនៅក្នុងខ្សែច្រវាក់តម្លៃជលផលនៅកម្ពុជាទាំងមូល។
ខណៈដែលគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ឈានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ភាគីពាក់ព័ន្ធមកពីស្ថាប័នរាជរដ្ឋាភិបាល ផ្នែកឧស្សាហកម្ម គ្រឹះស្ថានឧត្តមសិក្សា និងដៃគូអភិវឌ្ឍន៍ ប្រមាណជាង ១០០ នាក់បានចូលរួមពិនិត្យបូកសរុបលើលទ្ធផល និងផលជះរយៈពេលវែងរបស់គម្រោង រួមទាំងគិតគូរអំពីទិសដៅបន្តក្រោយពេលគម្រោងបញ្ចប់នៅថ្ងៃទី ០៨ខែតុលាឆ្នាំ ២០២៥។

លោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានផ្តល់ភាពអង់អាចដល់សហគ្រាសជលផល ក្នុងការអភិវឌ្ឍ លូតលាស់ បោះជំហានទៅប្រកួតប្រជែងទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ លោកបន្តថា ភាគីពាក់ព័ន្ធ បានមើលឃើញច្បាស់អំពីវឌ្ឍនភាព និងការរីកចម្រើនជាក់ស្តែងផ្នែកប្រតិបត្តិការអាជីវកម្ម និងពាណិជ្ជកម្ម ភាពអនុលោមផ្នែកសុវត្ថិភាពម្ហូបអាហារ និងការទទួលបានទីផ្សារកាន់តែប្រសើរ ខណៈដែលកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម អាចយកទៅអនុវត្ត ឬពង្រីកវិសាលភាពគ្របដណ្តប់លើផលិតផលកសិកម្មផ្សេងទៀតបានផងដែរ។
ទន្ទឹមនេះលោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការ UNIDO លើកឡើងថា គម្រោងនេះបង្ហាញឱ្យឃើញថាការវិនិយោគចំគោលដៅ អមជាមួយនឹងជំនួយបច្ចេកទេស ពិតជាបានរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងអនុលោមភាពផ្នែកសុវត្ថិភាពម្ហូបអាហារសម្រាប់អនុវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជាប្រកបដោយប្រសិទិ្ធភាពមែន។ លោកបន្តថា៖«ជីវភាពរស់នៅរបស់ម្ចាស់ និងដៃគូអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមកំពុងសម្រេចបានភាពរីកចម្រើនកាន់តែរឹងមាំ និងមានទំនុកចិត្តខ្ពស់ក្នុងការនាំចេញផលិតផលរបស់ខ្លួន»។
ចំណែក លោក ឃួន អេវីរ៉ាត ប្រធានស្តីទីផ្នែកសហប្រតិបត្តិការរបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា មានប្រាសាសន៍ថា៖ «សហភាពអឺរ៉ុប (EU) មានមោទនភាពក្នុងការគាំទ្រវិស័យជលផលរបស់កម្ពុជាតាមរយៈកម្មវិធី CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប ដោយបានរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងម៉ាំសម្រាប់កំណើនប្រកបដោយចីរភាព បរិយាប័ន្ន និងភាពរួចរាល់សម្រាប់ការនាំចេញ»។
ថ្វីត្បិតគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នឹងបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ កេរដំណែលគម្រោង នឹងជាប្រទីបសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្តនាពេលអនាគត ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង សុវត្ថិភាពម្ហូបអាហារ និងការទទួលបានទីផ្សារកាន់តែប្រសើរសម្រាប់វិស័យជលផលកម្ពុជា រួមចំណែកធានាបាននូវកំណើន និងភាពធន់របស់វិស័យនេះប្រកបដោយនិរន្តរភាព។ ឧត្តមភាពដែលគម្រោងសម្រេចបាន នឹងជាមគ្គុទេសន៍សម្រាប់កិច្ចអន្តរាគមន៍បន្តរបស់គម្រោងកម្មវិធីថ្មី ការសម្របសម្រួលគោលនយោបាយ និងការចូលរួមពីវិស័យឯកជននាពេលខាងមុខ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


