Connect with us

KPT+

៤ ចំណុចគួរធ្វើ ដើម្បីការពារសុវត្ថិភាពពេលទៅលេងទឹកធ្លាក់ក្នុងរដូវភ្លៀង

បានផុស

នៅ

រដូវភ្លៀង គឺជាពេលដែលតំបន់ទឹកធ្លាក់មានទេសភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិឱ្យទៅកម្សាន្តកាន់តែច្រើន។ ប៉ុន្តែភាពស្រស់បំព្រងនេះ ក៏លាក់បាំងហានិភ័យជាច្រើនផងដែរ ដូចជា ទឹកជំនន់ភ្លាមៗ ចរន្តទឹកខ្លាំង និងថ្មរអិល។

ដូចនេះ ដើម្បីកាត់បន្ថយហានិភ័យ និងធានាសុវត្ថិភាពផ្ទាល់ខ្លួន អ្នកទេសចរគួរយល់ដឹងពីគន្លឹះសំខាន់ៗមួយចំនួន មុននិងអំឡុងពេលលេងទឹកធ្លាក់។ ខាងក្រោមនេះ គឺជា ៤ ចំណុចសំខាន់ៗដែលគួរយកចិត្តទុកដាក់៖

១. សញ្ញានៃការមកដល់របស់កម្លាំងទឹក
នៅរដូវភ្លៀង ស្ថានភាពទឹកនៅតំបន់ទឹកធ្លាក់អាចប្រែប្រួលយ៉ាងឆាប់រហ័ស។ តាមបទពិសោធរបស់ប្រជាពលរដ្ឋ និងអ្នកប្រកបរបរនៅក្បែរតំបន់ទឹកធ្លាក់ បានឱ្យដឹងថា នៅពេលមេឃចាប់ផ្តើមស្រទុំ ឬជិតមានភ្លៀង ទឹកអាចហូរមកជាគំហុកភ្លាមៗ ដោយមិនអាចដឹងជាមុនបានឡើយ។ ហេតុដូច្នេះ អ្នកទេសចរគួរប្រុងប្រយ័ត្នជានិច្ច ជៀសវាងលេងទឹកឆ្ងាយពីច្រាំង និងត្រូវចាកចេញពីមាត់ទឹកភ្លាមៗ ប្រសិនបើសង្កេតឃើញសញ្ញាអាកាសធាតុមិនល្អ ឬកម្រិតទឹកចាប់ផ្តើមកើនឡើង។

សហគមន៍តំបន់ការពារធម្មជាតិគោកមានទឹកជ្រាវ 
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. គ្រោះថ្នាក់ចៃដន្យ
តំបន់ទឹកធ្លាក់ភាគច្រើនស្ថិតនៅតាមជ្រលងភ្នំ និងព័ទ្ធជុំវិញដោយព្រៃឈើ។ នៅក្នុងរដូវភ្លៀង ពេលចរន្តទឹកហូរខ្លាំង ឬកម្ពស់ទឹកកើនឡើងភ្លាមៗ ជាហេតុដែលទឹកអាចនាំយកមែកឈើ កំណាត់ឈើ និងសំណល់ផ្សេងៗដែលបាក់ធ្លាក់ពីលើភ្នំ ឬមាត់ជ្រោះហូរមកជាមួយ។ ទោះបីជាករណីបែបនេះមិនកើតឡើងញឹកញាប់ក៏ដោយ ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ដល់អ្នកលេងទឹកបាន។ ដូច្នេះ គួរជៀសវាងលេងទឹកនៅពេលចរន្តទឹកកំពុងហូរខ្លាំង និងត្រូវប្រុងប្រយ័ត្នជានិច្ច ប្រសិនបើឃើញមានមែកឈើ ឬសំណល់ហូរមកតាមទឹក។

៣. បង្កើនការប្រុងប្រយ័ត្ន និងជ្រើសរើសកន្លែងសុវត្ថិភាព
គួរជ្រើសរើសលេងទឹកនៅតំបន់ដែលចរន្តទឹកហូរយឺត និងនៅឆ្ងាយពីល្បាក់ទឹកធ្លាក់ ឬចំណោតដែលទឹកហូរចុះខ្លាំង ព្រោះកម្លាំងទឹកនៅតំបន់ទាំងនោះអាចធ្វើឱ្យយើងបាត់ជំហរ និងត្រូវទឹកនាំហូរទៅបាន។ សញ្ញាងាយសម្គាល់មួយ គឺកន្លែងដែលមានទឹកបែកពពុះសៗច្រើន ជាទូទៅជាតំបន់ដែលចរន្តទឹកមានកម្លាំងខ្លាំង មិនគួរចុះលេងឡើយ។

លើសពីនេះ ពេលដើរលើផ្ទាំងថ្ម គួរប្រុងប្រយ័ត្នជាពិសេស ព្រោះថ្មនៅកន្លែងដែលទឹកហូរយឺត ច្រើនមានស្លែដុះ បណ្ដាលឱ្យរអិល និងអាចដួលរងរបួសបាន។ ការសង្កេតស្ថានភាពជុំវិញ និងជ្រើសរើសកន្លែងលេងទឹកឱ្យបានត្រឹមត្រូវ គឺជាវិធីសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យ។

៤. កុំពាក់អាវពោងពេលលេងទឹកធ្លាក់
មនុស្សជាច្រើនយល់ថា អាវពោងអាចជួយការពារសុវត្ថិភាពបានគ្រប់ស្ថានភាព ប៉ុន្តែសម្រាប់ការលេងទឹកធ្លាក់ វាអាចបង្កហានិភ័យទៅវិញ។ ដោយសារតំបន់ទឹកធ្លាក់មានចរន្តទឹកហូរខ្លាំង អាវពោងអាចធ្វើឱ្យរាងកាយអណ្ដែត និងត្រូវចរន្តទឹកនាំហូរទៅបានងាយ ជាពិសេសនៅកន្លែងដែលមានល្បាក់ទឹក ឬទឹកហូរគំហុក។

ជារួម ការទៅកម្សាន្តតំបន់ទឹកធ្លាក់ក្នុងរដូវភ្លៀង អាចផ្តល់នូវទេសភាពស្រស់បំព្រង និងបទពិសោធដ៏រីករាយ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពផងដែរ។ ឯការតាមដានព័ត៌មានព្យាករណ៍អាកាសធាតុមុនចេញដំណើរ សង្កេតការប្រែប្រួលនៃស្ថានភាពទឹក ជ្រើសរើសកន្លែងលេងទឹកប្រកបដោយសុវត្ថិភាព និងគោរពតាមការណែនាំរបស់អាជ្ញាធរ ឬអ្នកគ្រប់គ្រងតំបន់ទេសចរណ៍ គឺជាវិធានការសំខាន់ដែលអាចជួយកាត់បន្ថយហានិភ័យ និងការពារអាយុជីវិត។ សូមចងចាំថា ការកម្សាន្តនឹងកាន់តែមានន័យ នៅពេលយើងត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម