ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ កម្មវិធីនាំពលរដ្ឋទៅមើលការពិតនៅព្រំដែនទទួលបានជោគជ័យធំធេង ដូចការគ្រោងទុក
ទោះបីជាកម្មវិធីដំណើរកម្សាន្តនាំពលរដ្ឋទៅមើលការពិតនៅតាមព្រំដែន មិនទាន់បិទបញ្ចប់ទាំងស្រុង ប៉ុន្តែលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃថា កម្មវិធីមួយនេះ ទទួលបានជោគជ័យយ៉ាងធំធេង ដូចអ្វីដែលបានគ្រោងទុកទាំងស្រុង។ លោក ប៉ែន បូណា អះអាងដូច្នេះ នៅក្នុងវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ប៉ែន បូណា ថ្លែងថា៖«ខ្ញុំសូមគូសបញ្ជាក់ជូនបងប្អូនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទាំងប្រទេសឱ្យបានជ្រាបថា ដំណើរកម្សាន្តនេះ(ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់ភូមិភាគឥសាន) ទទួលបានជោគជ័យធំធេងណាស់ស្របតាមគោលដៅដែលបានគ្រោងទុក»។
លោក ប៉ែន បូណា ហ៊ានវាយតម្លៃថា ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់ភូមិភាគឥសាន ទទួលបានជោគជ័យធំធេង ក៏ព្រោះតែលោក សំអាងថា ប្រជាពលរដ្ឋដែលបានចូលរួមដំណើរកម្សាន្តនេះបានយល់ច្បាស់ស្រឡះក្នុងចិត្តអំពីរឿងព្រំដែន ដែលកាលពីមុនដែលពេលពួកគាត់មិនទាន់បានទៅមើលជាក់ស្តែង និងមិនទាន់បានយល់ពីការងាររបស់រាជរដ្ឋាភិបាល ពលរដ្ឋអាចជឿ ឬមានមន្ទិលសង្ស័យដែរនៅពេលមានការឃោសនាភូតកុហកថា បង្គោលព្រំដែនចេះដើរ បង្គោលព្រំដែនត្រូវបានប្រទេសជិតខាងលួចបង្ខិតជារៀងរាល់ថ្ងៃ ឬថា ថ្នាក់ដឹកនាំ កាត់ទឹកដីឱ្យប្រទេសជិតខាងជាដើម។

តាមលោក ប៉ែន បូណា នៅពេលដែលប្រជាពលរដ្ឋបានទៅឃើញផ្ទាល់ភ្នែកនូវបង្គោលព្រំដែន ផ្លូវក្រវ៉ាត់ព្រំដែន ប៉ុស្តិ៍នគរបាលវីរៈការពារព្រំដែន និងជីវភាពប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន ជាពិសេសសុខសន្តិភាព និងសុវត្ថិភាពពេញលេញនៅតាមខ្សែបន្ទាត់ព្រំដែន ពួកគាត់ស្វាងចែសតែម្តង និងបានយល់ច្បាស់ពីយុទ្ធសាស្ត្រការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យការឃោសនាភូតកុហកនានាសាបរលាបទាំងស្រុង។ នេះហើយជាជោគជ័យ និងជាគោលដៅដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីលោកចង់បាន។
សូមរម្លឹកឡើងវិញថា ក្នុងពេលដែលមជ្ឈដ្ឋានមួយចំនួន បានឡើងឡើងថា រដ្ឋាភិបាលកម្ពុជា កាត់ដីនៅភូមិភាគឥសានឱ្យទៅប្រទេសដទៃ បង្គោលព្រំដែនចេះដើរ នៅព្រំដែនមានជនជាតិដទៃឆ្លងចូលមករស់នៅដោយខុសច្បាប់ ភូមិភាគឥសានគ្មានការអភិវឌ្ឍ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានប្រកាសរៀបចំដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់ភូមិភាគឥសានដើម្បីស្វែងយល់ពីបង្គោលព្រំដែន ផ្លូវក្រវ៉ាត់ព្រំដែន និងបានឃើញពីការអភិវឌ្ឍន៍ និងជីវភាពជាក់ស្តែងរបស់ប្រជពលរដ្ឋនៅតាមបណ្តោយព្រំដែនទាំងជាមួយវៀតណាម និងជាមួយឡាវ។

ដំណើរកម្សាន្តនេះចាប់ផ្តើមកាលពីដើមខែកញ្ញា និងផ្តល់ជូនដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រ ច័ន្ទមុន្នី ដោយផ្ទាល់ដោយមានការចូលរួមពីសម្បុរសជនជាច្រើន ហើយដោយមិនប្រើប្រាស់ថវិកាជាតិ ឬថវិកាដែលប្រជាពលរដ្ឋបរិច្ចាគតាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែននោះឡើយ។កម្មវិធីដំណើរកម្សាន្តនេះ គ្រោងនឹងបិទបញ្ចប់នៅដំណាច់ឆ្នាំ ២០២៤ នេះ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


