KPT+
៧កន្លែង មានទេសភាពស្អាតបំផុតនៅរដូវវស្សា ដើរលេងដោយមិនបាច់ខ្វល់អាកាសធាតុ
រដូវវស្សា ជាពេលវេលាដែលធម្មជាតិបង្អួតសម្រស់ ហើយសម្រាប់អ្នកដែលចូលចិត្តការធ្វើដំណើរកម្សាន្ត គយគន់ ទេសភាពស្រស់បំព្រងនៃធម្មជាតិ សិក្តិសមបំផុតអំឡុងប៉ុន្មានខែនេះ។ បើនិយាយពីកន្លែងកម្សាន្ត យើងនឹងដល់តំបន់ ធម្មជាតិ ដែលសម្បូរខ្លាំងណាស់នៅលើទឹកដីនៃប្រទេសកម្ពុជា។

ការធ្វើដំណើរកម្សាន្តនៅរដូវនេះ អាចមានហានិភ័យបន្តិចនៅតំបន់ខ្លះ តែយ៉ាងណា កម្ពុជាក៏មិនខ្វះកន្លែងដើរលេងដែរ ដូចជានៅតំបន់ភ្នំ និងរមណីយដ្ឋាន មានសុវត្ថិភាពខ្ពស់សម្រាប់ការធ្វើដំណើរកម្សាន្ត បើទោះបីជាអាកាសធាតុ មិនអំណោយផលក៏ដោយ។ ដូចនេះ កម្ពុជាថ្មី សូមចែករំលែក ៧កន្លែង ដែលអាចឱ្យយើងកម្សាន្តបានដោយមិនបាច់ភ័យ។
១. ភ្នំខ្នងផ្សារ
ខ្នងផ្សារ ជាកន្លែងដែលទេសចរមិនមើលរំលងឡើយ ក៏ព្រោះតែទីនេះ មានទេសភាពស្អាតខ្លាំង ពិសេសនៅរដូវវស្សា។
នៅពេលដែលយើងឡើងដល់កំពូលភ្នំ យើងនឹងអាចគយគនវាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា កម្សាន្តបែបដំណើរផ្សងព្រេង បោះតង់ មើលថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ ទិដ្ឋភាពថ្ងៃអស្តង្គតនាពេលល្ងាច សោយសុខនឹងធម្មជាតិ។ រមណីយដ្ឋានធម្មជាតិខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។


២. មណ្ឌលគីរី
មណ្ឌលគីរី ត្រូវបានគេស្គាល់ថា ជាទឹកដីនៃភ្នំដែលក្រាលគ្របដោយរុក្ខជាតិ វាលស្មៅ និងព្រៃឈើចម្រុះជាប្លុកៗ ហើយទឹកដីនៃខេត្តមួយនេះ តែងផ្តល់ទស្សនីយភាពគួរឱ្យចង់គយគន់គ្រប់រដូវ។ នៅខែប្រាំងដែលធម្មជាតិក្រៀមស្វិត យើងនឹងអាចមើលឃើញវាលស្មៅពណ៌មាស ដែលក្រាលគ្របប្រជុំភ្នំតូចៗ ជាចំណីអារម្មណ៍ម៉្យាង។ ប៉ុន្តែកាន់តែពិសេសទៀតនោះ គឺសម្រស់មណ្ឌលគិរីនារដូវវស្សានេះ ក៏ព្រោះតែអំឡុងពេលវេលាដែលមានភ្លៀងធ្លាក់ញឹកញាប់នេះ រុក្ខជាតិនឹងលូតលាស់ឡើង បង្កើតបានជាទិដ្ឋភាពពណ៌បៃតងខៀវខ្ចី ផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងជំនួយដល់សុខភាពភ្នែកថែមទៀត។ ការធ្វើដំណើរកម្សាន្តមកកាន់ខេត្តទេសចរណ៍មួយនេះនារដូវភ្លៀងធ្លាក់ មិនសូវមានជាបញ្ហាចោទប៉ុន្មានទេ ក៏ព្រោះតែទីនេះ មានកន្លែងកម្សាន្តលក្ខណៈធម្មជាតិច្រើន បើទោះជាមានបញ្ហាអាកាសធាតុក៏ដោយ។


៣. ភ្នំ ១៥០០
ភ្នំ ១៥០០ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ទឹកដីនៃអតីតមូលដ្ឋានទ័ពរបស់កងកម្លាំងខ្មែរក្រហមកាន់កាប់ ហើយបច្ចុប្បន្នជាប់ឈ្មោះជាស្រុកទេសចរណ៍ដ៏ល្បី និងមានភាពទាក់ទាញខ្លាំង ដោយសារសម្រស់ដ៏ស្រស់ត្រកាលនៃព្រៃភ្នំធម្មជាតិ ពិសេសផ្លូវអន្ទង់អាំងឆ្ពោះទៅកាន់តំបន់ទេសភាព ដែលអាចសម្រាកកម្សាន្ត ស្នាក់នៅ និងបោះតង់បាន។ ជាទូទៅ ទេសចរដែលមកកម្សាន្ត តំបន់ទេសចរណ៍ធម្មជាតិមួយនេះ តែងរកការស្នាក់នៅតាមរីហ្សត ឬផ្ទះស្នាក់ នៅលើភ្នំតែម្តង ហើយក្រៅនេះ សម្រាប់អ្នកនិយមការដើរលេងបែបដំណើរផ្សងព្រេង គេច្រើនធ្វើដំណើរលក្ខណៈបោះតង់ នៅលើភ្នំទំព័រ (គួរស្វែងរកអ្នកស្រុកនាំផ្លូវ ព្រោះស្ថានភាពភ្នំនេះពិបាកឡើង និងងាយវង្វេង)។



៤. គីរីរម្យ
មិនថារដូវប្រាំង ឬវស្សា រមណីយដ្ឋានឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ជាទីឋានដែលទេសចរជាតិមិនដែលរំលង ឡើយ ក៏ព្រោះតែទីនេះ ជាតំបន់ភ្នំធម្មជាតិមានដើមឈើធំៗ ទឹកធ្លាក់ និងកន្លែងកម្សាន្តច្រើន ហើយមានភាពងាយស្រួល ក្នុងការធ្វើដំណើរ ពិសេសចម្ងាយតែប្រមាណជាង ១០០គីឡម៉ែត្រ ពីភ្នំពេញប៉ុណ្ណោះ។ នៅទីនេះ គេនិយមការកម្សាន្តបែបបោះតង់ និងពិចនិកខ្លាំងបំផុត។


៥. ភ្នំបូកគោ
ស្របពេលដែលមានភ្លៀងធ្លាក់ញឹកញាប់បែបនេះ ទេសភាពនៅលើកំពូលភ្នំបូកពិតជាអស្ចារ្យណាស់ ដោយសារតែភ្នំខ្ពស់ខ្លាំង ហើយរាល់ពេលដែលមេឃចង់ភ្លៀង ឬចាប់ផ្តើមរលឹមម្តងៗ ពពកចុះទាប បីដូចជាឋានសួគ៌លើដី អាចឱ្យយើងប៉ះផ្ទាល់បាន។ ទិដ្ឋភាពបែបនេះ កើតមានតែពេលអាកាសធាតុត្រជាក់ខ្លាំង និងពេលរលឹមប៉ុណ្ណោះ។

៦. ភ្នំកំពង់ត្រាច
រមណីយដ្ឌានភ្នំថ្មដ៏ល្បីល្បាញនៃភាពស្រស់ស្អាតបែបធម្មជាតិ ភ្នំកំពង់ត្រាច ដែលស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ជាកន្លែងដ៏ពេញនិយមសម្រាប់ទេសចរជាតិ និងអន្តរជាតិ។ មកដល់ទីនេះ ទេសចរអាចងូតទឹកកម្សាន្តទឹកដែលនៅក្នុងរ៉ូងភ្នំ និងទស្សនាសិលាចរិកជាច្រើនក្នុងនោះ។ នៅពេលដែលយើងដើរចូលដល់ក្នុងល្អាងភ្នំ យើងនឹងសំឡេងសត្វយំ ទឹកធ្លាក់ និងរ៉ូងដើរទៅកាន់់ល្អាងតូចធំជាច្រើន។ នៅទីនោះ មានល្អាងមួយ មានវិជ្ជមាត្រប្រមាណ ៣០ម៉ែត្រ ហើយដីនៅទីនោះ មានពណ៌៧ផ្សេងៗគ្នា។ ល្អាងខ្លះ មានកាំជណ្តើរឡើងកំពស់ប្រមាណ ៤ម៉ែត្រ ព្រមទាំងមានថ្មរចនានៃធម្មជាតិ មើលទៅរាងដូចជារូបសត្វ ឫវត្ថុ។ ចេញពីល្អាងនេះមានរូងមួយទៀត ដែលអាចធ្វើដំណើរបាន ឆ្ពោះទៅល្អាងវាលស្រែ ១០០ និងល្អាងថ្មដុះ។

៧. ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា ដែលមានចម្ងាយជាង១០គីឡូម៉ែត្រពីក្រុងកំពត ជារមណីយដ្ឋានធម្មជាតិ ដែលហ៊ុមព័ទ្ធដោយទេសភាពដ៏ស្រស់ត្រកាលនៃភ្នំព័ទ្ធជុំវិញ និងផ្ទៃទឹកប្រមាណ ៣០០០ហិកតា មានខួបប្រាំងខួបវស្សា មិនចេះរីងស្ងួតឡើយ។ នៅដូវភ្លៀងធ្លាក់នេះ នឹងធ្វើឱ្យទីឋានមួយនេះ កាន់តែស្រស់ស្អាត ក៏ព្រោះតែមានផ្ទៃទឹកធំល្វឹងល្វើយ អមដោយភ្នំមានរុក្ខជាតិដុះចម្រុះ ខៀវស្រងាត់ រំលេចលើសណ្ឋានដីគ្រួសក្រហមស្អាតពេកក្រៃ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


