Connect with us

KPT+

តើគួររៀបចំផែនការបែបណា ដើម្បីត្រៀមខ្លួនប្រលង IELTS បានល្អ?

បានផុស

នៅ

IELTS គឺជាប្រព័ន្ធតេស្តភាសាអង់គ្លេសដែលមានស្តង់ដារ និងពេញនិយមនៅទូទាំងពិភពលោកដែលប្រទេសក្នុងពិភពលោកជាច្រើនត្រូវការការប្រឡង IELTS នេះ ដើម្បីបញ្ជាក់ពីសមត្ថភាពភាសាអង់គ្លេសរបស់ពួកគេ។ ការប្រឡង IELTS ឱ្យទទួលបានពិន្ទុខ្ពស់ មិនមែនជារឿងងាយស្រួលឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើគួរត្រៀមខ្លួន ឬ រៀបចំការសិក្សា IELTS បែបណាទើបអាចប្រឡងទទួលបានលទ្ធផលល្អ? ដើម្បីអាចឱ្យការប្រឡង IELTS របស់អ្នកបានល្អ អ្នកគួរស្វែងរកសាលារៀន ឬ​ រៀនបន្ថែមដោយខ្លួនឯងនៅតាមប្រព័ន្ធអនឡាញទៀត។ ប្រឡង IELTS មាន៤ផ្នែក គឺសរសេរ អាន ស្តាប់ និងនិយាយ ជាភាសាអង់គ្លេស ដូច្នេះ អ្នកគួរពង្រឹងសមត្ថភាពរបស់ខ្លួនឯងជាមុនសិន។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រចំនួន ៤ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន៖

ទី១.ស្វែងយល់ពីទម្រង់តេស្ត

ដំបូងឡើយអ្នកត្រូវស្រាវជ្រាវមើលសិនថា តើទម្រង់នៃការប្រឡង IELTS បែបណាខ្លះ? បន្ទាប់ពីបានមើលពីទម្រង់តេស្តចប់សព្វគ្រប់ អ្នកអាចចាប់ផ្តើមស្វែងរកឯកសារ ឬ មេរៀនដែលស្រដៀងនឹងទម្រង់តេស្តនានាសម្រាប់សិក្សាខ្លួនឯង។

ទី២.ពង្រឹងលើពាក្យ និងវេយ្យាករណ៍

ក្នុងភាសាអង់គ្លេស ពាក្យ ប្រយោគ និងវេយ្យាករណ៍ ពិតជាសំខាន់ណាស់។ អ្នកសិក្សាគួរហ្វឹកហាត់លើពាក្យ និងវេយ្យាករណ៍របស់អង់គ្លេសឱ្យបានល្អ។ ពោល គឺត្រូវព្យាយាមសិក្សាពាក្យនីមួយៗឱ្យបានច្បាស់ ចៀសវាងស្រពិចស្រពិល និងទាយពាក្យមួយចំនួនកំឡុងពេលប្រឡង ធ្វើបែបនេះមិនល្អឡើយ។ នៅពេលដែលអ្នកស្ទាត់ជាមួយពាក្យ និង វេយ្យាករណ៍ហើយ វាក៏ជួយឱ្យការសរសេរ និងស្តាប់របស់អ្នកបានល្អផងដែរ។

ទី៣.ហាត់សរសេរ ស្តាប់ និងនិយាយ

ពិតណាស់ វិញ្ញាសារនីមួយៗនឹងមានការសរសេរតែងសេចក្តី ស្តាប់ការសន្ទនារួចឆ្លើយនឹងសំណួរផ្សេងៗ និងនិយាយ។ ដូចនេះ អ្នកមិនអាចព្រងើយកន្តើយបានទេ។ នៅពេលទំនេរគួរហាត់សរសេរតែងសេចក្តី ឬ ពាក្យពិបាកដោយខ្លួនឯងដើម្បីឱ្យស៊ាំសម្រាប់ការប្រឡង។ ហាត់ស្តាប់ការសន្ទនា ក៏សំខាន់ដូចគ្នា អ្នកគួររកការសន្ទនាណាដែលគ្រូបានដាក់ឱ្យ ឬ នៅតាមប្រព័ន្ធអនឡាញ ហើយស្តាប់ជាញឹកញាប់ ដើម្បីឱ្យស៊ាំជាមួយសំឡេង ពាក្យ និងរបៀបគេនិយាយក្នុងភាសាអង់គ្លេស។ ព្យាយាមនិយាយ ឬ សន្ទនាជាភាសាអង់គ្លេសជាមួយនរណាក៏បាន ដើម្បីឱ្យការនិយាយរបស់អ្នកបានល្អប្រសើរ។

ទី៤.ស្វែងរកអ្នកជួយកែតម្រូវ

អ្នកជួយណែនាំ និងកែតម្រូវសំខាន់ណាស់ អ្នកមិនអាចរៀនតែម្នាក់ឯងបានឡើយ អ្នកគួរមានអ្នកជួយកែតម្រូវ ពិនិត្យ និងផ្តល់យោបល់នៅជិតខ្លួនម្នាក់។ គេអាចជាគ្រូ មិត្តភក្តិ អតីតសិស្សប្រឡង IELTS បានពិន្ទុខ្ពស់ជាដើម។ នៅពេលដែលអ្នកសិក្សាមានទីប្រឹក្សា ជំរុញ និងកែតម្រូវពួកគេ នោះនឹងធ្វើឱ្យគេទទួលបានការអភិវឌ្ឍលឿនជាមិនខាន។

សូមជម្រាបថា ការប្រឡង IELTS មានពីរប្រភេទ គឺប្រឡងសម្រាប់មនុស្សទៅធ្វើការនៅក្រៅប្រទេស ឬ រស់នៅបរទេស និងសម្រាប់និស្សិតទទួលអាហារូបករណ៍នៅបរទេស។ ចំណែកពិន្ទុ IELTS ដែលកំណត់ជ្រើសយកអាស្រ័យលើការកំណត់របស់ស្ថាប័ននីមួយៗ។ ដូច្នេះហើយ​ ប្រសិនអ្នកសិក្សាចង់ទទួលបានពិន្ទុល្អ គួរខិតខំព្យាយាមយកចិត្តទុកដាក់រៀននៅក្នុងថ្នាក់ជាមួយគ្រូ និងស្វ័យសិក្សាដោយខ្លួនឯងបន្ថែមទៀត​ ព្រោះគ្មានលទ្ធផលណាដែលទទួលបានជោគជ័យដោយគ្មានការខិតខំប្រឹងប្រែងពីសាមីខ្លួនឡើយ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម