KPT+
មកដឹងពីគោលការណ៍ក្រមសីលធម៌សំខាន់ៗ ៥ សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណេត
ភាពចលាចល និងការបំពុលសង្គមនៅលើបណ្តាញប្រព័ន្ធអ៊ីនធឺណេត គឺកើតចេញពីមនុស្សមួយចំនួនដែលប្រើប្រាស់អ៊ីនធឺណេតមិនបានត្រឹមត្រូវ ខ្វះការគិតពិចារណាច្រើន។ ប្រព័ន្ធអ៊ីនធឺណេត ក៏មានក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់ដែរ។ តើក្រមសីលធម៌ទាំងនោះមានអ្វីខ្លះ?

បើតាមអង្គការ បណ្តាញយុវជនកម្ពុជា (Cambodian Youth Network-CYN) ដែលជាអង្គការក្រៅរដ្ឋាភិបាល បានស្រាវជ្រាវពីគោលការណ៍សំខាន់ៗចំនួន៥ ក្នុងក្រមសីលធម៌របស់អ្នកប្រើប្រាស់អ៊ីនធឺណេត។ គោលការណ៍ទាំង៥នោះមានដូចជា៖
១.សុភវិនិច្ឆ័យក្នុងការប្រើប្រាស់អ៊ីនធឺណេត់
នៅក្នុងគោលការណ៍ទី១ គឺចង់ប្រាប់ដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយគ្រប់រូប មុននឹងសម្រេចចិត្តប្រើប្រាស់អ៊ីនធឺណេតដំបូង គឺត្រូវស្រាវជ្រាវ និងយល់ដឹងអំពីវាឱ្យបានទូលំទូលាយ ស្វែងរកពីគុណសម្បត្តិ និងគុណវិបត្តិរបស់វា។ ជាពិសេស អ៊ីនធឺណេត នាំឱ្យមនុស្សស្គាល់គ្នា ទោះបីជាពួកគេមិនធ្លាប់ស្គាល់គ្នាពីមុនក៏ដោយ។ ដូច្នេះ រាល់ពេលរាប់អាននរណាម្នាក់ ត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបជាការប្រសើរ។

ក្រៅពីនេះ ក៏ត្រូវឈ្វេងយល់ពីសិទ្ធិ សេរីភាព និងការទទួលខុសត្រូវរបស់អ្នកប្រើប្រាស់ក្នុងការទទួល និងផ្សព្វផ្សាយព័ត៌មាន។ អ្នកប្រើប្រាស់ត្រូវពិនិត្យឱ្យច្បាស់ថា ព័ត៌មានដែលខ្លួនបានឃើញ មុននឹងចែករំលែកបន្ត ជារឿងពិត ឬ ប្រឌិត? ចៀសវាងបង្កជាអសន្តិសុខផ្សេងៗដល់សង្គម។
២.ការទទួលខុសត្រូវ និងការគិតពីសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណេត
សុវត្ថិភាពនៅក្នុងអ៊ីនធឺណេត ពិតជាសំខាន់ណាស់សម្រាប់អ្នកប្រើប្រាស់។ អ្នកមិនគួរបើកបង្ហាញពីអត្តសញ្ញាណ និងទីតាំងរបស់ខ្លួនជាសាធារណៈឡើយ វាអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនបាន។ ចំពោះពាក្យសម្ងាត់ អ្នកត្រូវប្រយ័ត្នឱ្យបានខ្ពស់បំផុត អ្នកគួរជ្រើសរើសពាក្យសម្ងាត់បែបណាដែលខ្លាំង និងមិនអាចឱ្យគេលួចបានងាយៗ។

គួរមានការប្រុងប្រយ័ត្នលើការបោកប្រាស់លើប្រព័ន្ធអ៊ីនធឺណេត ព្រោះវាមិនងាយស្រួលក្នុងការដោយះស្រាយឡើយ។ អ្នកមិនគួរជឿពាក្យលួងលោមរបស់បុគ្គលដែលអ្នកស្គាល់តាមអ៊ីនធឺណេតឡើយ ប្រសិនជាមានបញ្ហាផ្សេងៗដែលប៉ះពាល់ ឬ អ្នកត្រូវបានគេគំរាមកំហែង ត្រូវប្រញាប់ប្រាប់អាណាព្យាបាល និងប៉ូលិសជាបន្ទាន់។
៣.ការប្រើប្រាស់ខ្លឹមសារត្រឹមត្រូវ
រាល់ការសរសេរ ឬ បញ្ចេញមតិយោបល់ អ្នកត្រូវគិតពីផលប៉ះពាល់នៃការប្រើពាក្យពេចន៍របស់ខ្លួន ប្រើប្រាស់ភាសាដែលមានសុជីវធម៌ ចៀសវាងប៉ះពាល់ដល់អ្នកដទៃ។ ការបញ្ចេញមតិយោបល់ចំពោះចំណុចដែលមិនត្រឹមត្រូវ ឬ រិះគន់បែបស្ថាបនា គឺលើកយកចំណុចអវិជ្ជមាននៃបញ្ហាអ្វីមួយមកបង្ហាញ និងផ្តល់អនុសាសន៍ដំណោះស្រាយ។
ត្រូវបិទបាំងមុខ កេរ្តិ៍ខ្មាស ឬ អត្តសញ្ញាណរបស់បុគ្គល ឬ ជនរងគ្រោះនៅពេលដែលអ្នកបង្ហោះរូបថត ឬ វីដេអូរបស់ឡេនៅលើបណ្តាញសង្គម ព្រោះរូបភាព និងអត្តសញ្ញាណខ្លះអាចនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គលនោះ ឬ ក្រុមគ្រួសាររបស់ពួកគេ។
មួយវិញទៀត អ្នកលេងបណ្តាញសង្គម ត្រូវបញ្ជាក់ពីស្នាដៃប្រភពព័ត៌មានដើម សារ រូបថត ឬ វីដេអូដែលអ្នកយកទៅប្រើប្រាស់ផ្សព្វផ្សាយ ឬ ចែករំលែកបន្ត។ បន្ថែមពីនោះ អ្នកត្រូវគោរពសិទ្ធិកុមារ ក្រុមមនុស្សងាយរងគ្រោះ និងស្ត្រីដោយមិនត្រូវដាក់ផ្សាយ ឬ ចែករំលែកបន្តនូវរូបភាព វីដេអូផ្សេងៗដែលប៉ះពាល់ដល់ពួកគេទេ។
៤.គោរព និងការពារទ្រព្យសម្បត្តិ
អ្នកប្រើប្រាស់ត្រូវមានវិធី ឬ បច្ចេកទេសក្នុងការថែរក្សាកម្មសិទ្ធិបញ្ញារូបថត វីដេអូ អត្ថបទ សំឡេង របស់អ្នកនៅលើអ៊ីនធឺណេតឱ្យមានសុវត្ថិភាព។ អ្នកត្រូវយល់ដឹងពីច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីងាយស្រួលសម្រាប់ការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន។ អ្នកប្រើប្រាស់ក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការទូទាត់ប្រាក់តាមអ៊ីនធឺណេតដែរ ចៀសវាងជួបការឆបោក ត្រូវស្គាល់ប្រភពទូទាត់ប្រាក់ឱ្យច្បាស់មុននឹងទូទាត់ប្រាក់។ មិនត្រូវធ្វើដាច់ខាត គឺយកស្នាដៃរបស់អ្នកដទៃធ្វើជារបស់ខ្លួន។ មិនត្រូវទាញយក ឬ ផ្សាយវីដេអូចម្រៀងរូបភាព ឬ ឯកសារដែលការពារដោយច្បាប់កម្មសិទ្ធិបញ្ញា ក្នុងគោលបំណងយកទៅប្រើប្រាស់ផ្ទាល់ខ្លួន។
៥.ការគោរពឯកជនភាព
អ្នកប្រើប្រាស់អ៊ីនធឺណេតចំបាច់បំផុត គឺគោរពឯកជនភាពអ្នកដទៃ។ ត្រូវរាយការណ៍ (Report) អ្នកប្រើប្រាស់អ៊ីនធឺណេត ឬ ប្រព័ន្ធផ្សព្វផ្សាយសង្គមណាដែលរំលោភឯកជនភាពរបស់អ្នកដទៃ។ មិនតែប៉ុណ្ណោះ ក៏មិនត្រូវចែកចាយព័ត៌មានណារបស់អ្នកដទៃដោយគ្មានការអនុញ្ញាតដែរ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


