កាលពីជំនាន់មុន មនុស្សកម្រញ៉ាំអាហារខាងក្រៅណាស់។ ជាទូទៅអ្នកម្ដាយ និយមចម្អិនអាហារឲ្យគ្រួសារទាំងមូល ហើយគ្រប់គ្នាតែងត្រឡប់មកទទួលទានអាហារជុំគ្នា ទោះបីធ្វើការឆ្ងាយបន្តិចក៏ដោយ។
យូរម្ដងៗ នៅពេលសមាជិកគ្រួសារនាំគ្នាចេញបរិភោគខាងក្រៅ វាពិតជាគួរឲ្យរំភើបនិងពិសេសមែនទែន។ លុះពេលវេលាកាន់តែទៅមុខ ការញ៉ាំអាហារខាងក្រៅបានក្លាយជាទម្លាប់កើតឡើងស្ទើរតែរាល់ថ្ងៃ ខណៈដែលវាមានតម្លៃថ្លៃនិងត្រូវចំណាយច្រើន។
ប៉ុន្តែបើយើងដឹងវិថីទាំងនេះ វានឹងជួយសន្សំប្រាក់លើការចំណាយអាហារខាងក្រៅបានមួយផ្នែក។
ជ្រើសរើសបញ្ជីរមុខអាហារដែលគ្រួសារចង់ញ៉ាំ រួចមើលតម្លៃដែលសមស្របទៅនឹងថវិកាដែលកំពុងមាន។
មិនចាំបាច់ជ្រើសរើសភោជនីយដ្ឋានថ្លៃពេកទេ ត្រឹមតែមានម្ចាស់ហាងគោរពឲ្យតម្លៃភ្ញៀវមានអ្នករត់តុរួសរាយរាក់ទាក់ និងអាហារមានអនាម័យក៏ញ៉ាំឆ្ងាញ់បាត់ទៅហើយ។
តាមដានរាល់ការប្រូម៉ូតសិនរបស់ហាងនានា ព្រោះហាងអាហារខ្លះនឹងមានកម្មវិធីបញ្ចុះតម្លៃពិសេស ឬបញ្ចុះតម្លៃនៅថ្ងៃបុណ្យទានជាដើម។ បើបែបនេះល្អហើយ នៅពេលយើងនាំគ្នាទៅញ៉ាំខាងក្រៅ យើងនឹងចំណេញបានច្រើន។ ចំណែកឯហាងខ្លះមានកម្មវិធីផ្ដល់ជូនអាហារឥតគិតថ្លៃដល់ក្មេងៗ ហើយវាក៏ជាឱកាសកាត់បន្ថយការចំណាយលើអាហាររបស់កូនៗបានផងដែរ។
ហាងអាហារពេលល្ងាចមួយចំនួនធំ ក៏សប្បាយចិត្តផងដែរ បើសិនយើងចង់ខ្ចប់អាហារសល់ទៅផ្ទះទៀតក្រោយទទួលទានមិនអស់។ វាមិនមែនជារឿងខ្មាស់គេទេ គ្រាន់តែខ្ចប់អាហារ ព្រោះបើទុកក៏គេបោះចោលដែរ។ ការខ្ចប់អាហារទៅផ្ទះក៏ធ្វើឲ្យលុយដែលចំណាយទៅអស់តម្លៃផងដែរ។
ហាងអាហារខ្លះមានកម្មវិធីផ្សាយនៅលើបណ្ដាញសង្គមដោយតម្រូវឲ្យយើង បង្ហោះ Chek-in ស្កេនកម្មវិធី សន្សំពិន្ទុជាកាត និងការផ្សាយពាណិជ្ជកម្មផ្សេងៗសម្រាប់គូប៉ុងបញ្ចុះតម្លៃ។ ដូច្នេះយើងអាចប្រើវិធីទាំងនេះទៅទិញអាហារក្នុងតម្លៃថោកជាងមុនបាន។
មិនចាំបាច់កុម្មង់ភេសជ្ជៈផឹកក៏បាន ព្រោះក្រៅពីចំណាយលុយលើគ្រឿងផឹកទាំងនោះ វាក៏មិនល្អសម្រាប់សុខភាពនោះទេដែលផឹកវាក្រោយទទួលទានអាហារ។
បើចង់ភ្លក់អាហាររសជាតិថ្មីៗ គួតែកម្មង់មួយចានសម្រាប់ពីរនាក់ឬបីនាក់ ដើម្បីកុំឲ្យខាតបើរសជាតិទទួលយកមិនបាន។
ចុងក្រោយកុំភ្លេចពិនិត្យមើលវិក័យប័ត្រផងមុនពេលចេញថ្លៃអាហារ ប្រយ័ត្នហាងខ្លះគិតលុយច្រឡំ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ HowLifeWorks
ចុចអាន ៖អ្វីជាភាពខុសគ្នារវាងការសន្សំលុយ និងការវិនិយោគលុយ?
ចុចអាន៖លុយមិនដែលសល់ដូចគេ គួរធ្វើម៉េច?