Connect with us

ព័ត៌មានជាតិ

ប្រធាន​សភា​យក​រឿង​ដែល​ថៃ​បង្ក​រឿង​នៅ​ភូមិ​ព្រៃ​ចាន់​ទៅ​ថ្លែង​នៅ​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​ពិភពលោក​នៅ​ប៉េកាំង​

បានផុស

នៅ

ប្រធាន​សភា​កម្ពុជា​ សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​បន្ត​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ចូលរួម​តាមដាន​ការ​អនុវត្ត​បទ​ឈប់​បាញ់​ដែល​មាន​លក្ខណៈ​ផុយ​ស្រួយ​រវាង​កម្ពុជា-ថៃ​។ សម្ដេច​បាន​លើក​ឡើង​ថា​ទោះ​បី​ជា​មាន​បទ​ឈប់​បាញ់​ក្ដី​តែ​ថៃ​មិន​ឈប់​នោះ​ទេ ការ​រាយ​បន្លា​លួស បាន​ធ្វើ​ទុក្ខបុកម្នេញ​ពី​កង​ទ័ព​ថៃ​លើ​ជន​ស៊ីវិល​កម្ពុជា​នៅ​តែ​មាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ពិភពលោក​ស្តីពី​ស្ត្រី​ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ២០២៥​នេះ សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​ថ្លែង​ថា ទោះ​មាន​បទ​ឈប់​បាញ់​ក្តី ក៏​ភាគី​ប្រទេស​ថៃ​នៅ​បន្ត​ព្យាយាម​រំលោភបំពាន​ដល់​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​បន្ត​បន្ទាប់​ ដោយ​បាន​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ជា​បន្ត​បន្ទាប់​រហូត​ដល់​បច្ចុប្បន្ន តាមរយៈ​ការ​រាយ​លួស​បន្លា និង​កង់​ទ្បាន ការ​ប្រើ​អំពើ​ហិង្សា​លើ​ជន​ស៊ីវិល​កម្ពុជា និង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ជនស៊ីវិល​នៅ​តាម​ព្រំដែន​ជាដើម។

នៅ​ចំពោះ​មុខ​ថ្នាក់​ដឹកនាំ​នីតិប្បញ្ញត្តិ នីតិ​ប្រតិបត្តិ​និង​ដៃគូ​នានា​មក​ពី​ប្រទេស​ជាង ១០០ ក្នុង​ទ្វីប​ទាំង៥ នៃ​ពិភពលោក សម្ដេច​ប្រធាន​រដ្ឋសភា​បាន​អំពាវនាវ​ឱ្យ​មាន​ការ​តាមដាន​ឱ្យ​បាន​ជិតដិត​លើ​ការ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ ដើម្បី​ស្ដារ​នូវ​សន្តិភាព និង​ប្រក្រតី​ភាព​ឡើងវិញ។

ការ​លើក​ឡើង​របស់​សម្ដេច​ប្រធាន​សភា​កម្ពុជា​បន្ទាប់ពី​បទ​ឈប់​បាញ់​កម្ពុជា​-ថៃ​ត្រូវ​បាន​ថៃ​បាន​បំពាន​ជា​បន្តបន្ទាប់​ជាពិសេ​នៅ​ភូមិ​ព្រៃ​ចាន់ ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ​។

បន្ទាប់​ពី​ព្យាយាម​ដេញ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់​ និង​ភូមិ​ជោគ​ជ័យ​មិន​បាន​សម្រេច​ ថៃ​បាន​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង​ចាក់​សំឡេង​រំខាន​ពលរដ្ឋ​ខ្មែរ​នៅ​ទៅ​នោះ​ បើ​ទោះ​បី​ជា​មាន​ការ​ចុះ​សង្កេត​ការណ៍​ដោយ​ក្រុម​អ្នកអង្កេត​ការណ៍​អន្តរកាល IOT ក៏ដោយ​។ តាមរយៈ​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​មេ​គំនិត​នៃ​ការ​ចាក់​សំឡេង​រំខាន​នេះ កាន់ ចមផ្លាំង ថា​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ដេញ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ខុស​ច្បាប់​លើ​ដី​ថៃ ហើយ​ការ​ចាក់​នេះ​ក៏​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ស្រះកែវ និង​យោធ​ភូមិភាគ១​របស់​ថៃ​អនុញ្ញាត​ផង​ដែរ​។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​លោក Volker Turk ដើម្បី​រាយការណ៍​ពី​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​របស់​ថៃ​មក​លើ​ពលរដ្ឋ​កម្ពុជា ក៏​ដូចជា​អញ្ជើញ​លោក Volker មក​មើល​ដោយ​ផ្ទាល់​ផង​ដែរ​។ ស្ថាប័ន​សិទ្ធិ​មនុស្ស​កម្ពុជា​នេះ​បាន​អំពាវ​នាវ​ដល់​ស្ថាប័ន​សិទ្ធិ​មនុស្ស​សហប្រជាជាតិ​ ធ្វើការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ អំពាវនាវ​ឱ្យ​បញ្ឈប់​គ្រប់​សកម្មភាព​ដែល​គំរាម​កំហែង​ផ្លូវ​ចិត្ត​ប្រជាជន​កម្ពុជា ធានា​ការពារ​និង​ការ​ផ្ដល់​ជំនួយ​វេជ្ជសាស្ត្រ​និង​ផ្លូវ​ចិត្ត​ចាំ​បាច់​ដល់​ជន​រងគ្រោះ​ និង​លើក​ទឹក​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ច​សន្ទនា​តាម​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម