Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អភិវឌ្ឍន៍ជនបទ ៖ រាជរដ្ឋាភិបាលជំរុញប្រែក្លាយជនបទឲ្យទៅជា តំបន់រីកចម្រើន មុនកម្ពុជាឈានទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០

បានផុស

នៅ

លោក អ៊ិន ចន្ថា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជា​សមាជិក​គណៈកម្មាធិការ​លទ្ធកម្ម លើក​ឡើង​ថា រាជរដ្ឋាភិបាល បាន​និង​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ជនបទ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ប្រែក្លាយ​តំបន់​ជនបទ​ឲ្យ​ទៅ​ជា​តំបន់​មាន​ភាព​រីកចម្រើន និង​ស៊ីវិល័យ មុន​នឹង​កម្ពុជា​ឈាន​ទៅ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ​ក្នុង​ឱកាស លោក អ៊ិន ចន្ថា បាន​ដឹកនាំ​គណៈកម្មការ​អន្តរក្រសួង​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ លើ​ការ​ថែទាំ​ជា​ប្រចាំ​ផ្លូវ​ក្រាល​ល្បាយ​ថ្មភ្នំ ចំនួន ១៦ ខ្សែ ប្រវែង​សរុប ៩៥៩០០ ម៉ែត្រ និង​ទទឹង ៥ ម៉ែត្រ ស្ថិត​ក្នុង​ឃុំ​ស្ទឹងត្រង់ ឃុំ​អូរអណ្តូង ឃុំ​ស្ទឹង​កាច់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ និង​សង្កាត់​បរ​យ៉ា​ខា សង្កាត់​អូរ​តា​វ៉ៅ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​ទទួល​ការ​អនុវត្ត​ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ប៉ៃលិន នៅ​ខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃ​ទី ១៣ ខែ​តុលា ឆ្នាំ ២០២៥។

នា​ឱកាស​នោះ លោក អ៊ិន ចន្ថា លើក​ឡើង​បន្ត​ថា កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នៃ​រដ្ឋសភា នឹង​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន ជាពិសេស​ការ​បន្ត​ជំរុញ​ការ​លើក​កម្ពស់​ជីវភាព​ប្រជាជន​នៅ​ជនបទ​តាមរយៈ​ការ​ស្តារ , ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ដឹក​ជញ្ជូន​នៅ​ជនបទ និង​ការ​លើក​កម្រិត​ផ្លូវ​ជនបទ​ជាដើម។ សំដៅ​ធានា​ដល់​ការ​ប្រើប្រាស់​យូរអង្វែង ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ជំរុញ​ការ​ផ្សារភ្ជាប់​សកម្មភាព​ធុរកិច្ច​ផ្សេងៗ រវាង​តំបន់​ជនបទ និង​ទីប្រជុំជន។

ជុំវិញ​ការ​អភិវឌ្ឍ​ផ្លូវ ១៦ ខ្សែ លោក​រដ្ឋលេខាធិការ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ស្ថាបនា​ផ្លូវ​ទាំងពីរ​ខ្សែ បញ្ចប់​ទៅ​តាម​ផែនការ និង​ប្រកប​ដោយ​គុណភាព​ខ្ពស់ ធានា​ការ​ប្រើប្រាស់​ដល់​សហគមន៍​មូលដ្ឋាន និង​សាធារណជន​ធ្វើដំណើរ​ឆ្លងកាត់​ជាដើម។

លោក​បាន​សំណូមពរ​ដល់​ម្ចាស់​គម្រោង ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​រក្សា​គុណភាព​ឲ្យ​បាន​ល្អ​ប្រសើរ ជា​ប្រយោជន៍​សម្រាប់​សង្គមជាតិ។

ជាមួយ​គ្នា​នេះ លោក​ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ត្រូវ​ថែរក្សា​ការពារ​សុខ​សន្តិភាព​ឲ្យ​ខាង​តែ​បាន។ ចូលរួម​ថែរក្សា​ផ្លូវ និង​សំណង់​សិល្ប​ការ្យ​ទាំងនេះ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​ឲ្យ​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង ព្រមទាំង​មាន​ជំនឿ​ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកប​ដោយ​ឋាមវ័ន្ត​ផង​ដែរ។

បើ​តាម​របាយការណ៍​របស់​លោក ហ៊ត ឫទ្ធី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ បាន​ឲ្យ​ដឹង​ថា ផ្លូវ​ក្រាល​ល្បាយ​ថ្មភ្នំ​ចំនួន ១៦ ខ្សែ ប្រវែង​សរុប ៩៥ ៩០០ ម ទទឹង ៥ ម ស្ថិត​ក្នុង​ឃុំ​ស្ទឹងត្រង់ ឃុំ​អូរអណ្តូង ឃុំ​ស្ទឹង​កាច់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ សង្កាត់​ប​រយ៉ា​ខា សង្កាត់​អូរ​តា​វ៉ៅ និង​សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន (​គម្រោង​លេខ DRR-RM-2025-No.015) ទទួល​ការ​អនុវត្ត​ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ប៉ៃលិន។ ចំពោះ​ការងារ​នេះ សម្រេច​បាន​លទ្ធផល​ដូច​ខាង​ក្រោម ៖ ការងារ​បំពេញ​ដី តាម​ជើងទេរ​សងខាង​ផ្លូវ សម្រេច​បាន ១០០% , ការងារ​ថែម​ល្បាយ​ថ្មភ្នំ សម្រេច​បាន ១០០% ,​ ការងារ​កៀរ​ផ្លូវ​ល្បាយ​ថ្មភ្នំ សម្រេច​បាន ១០០% , ការងារ​សម្អាត​លូ​មូល លូ​ប្រអប់ ស្ពាន​ទទឹង​ផ្លូវ និង​ប្រឡាយ​បើកមុខ​ទឹក​ហូរ​ចេញពី​លូ សម្រេច​បាន ១០០% និង​ការងារ​សម្អាត​រុក្ខជាតិ​សងខាង​ផ្លូវ (800_CV) សម្រេច​បាន ១០០% ។ សរុប​មក ការ​អនុវត្ត​លើ​គម្រោង​សម្រេច​បាន ១០០% ស្រប​តាម​កិច្ចសន្យា និង​តាម​បទដ្ឋាន​បច្ចេកទេស​ផង​ដែរ៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម