Connect with us

ព័ត៌មានជាតិ

តុលាការផ្ដន្ទាទោសអតីតនគរបាលរាជធានី ស្រវឹងស្រាបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យមនុស្សម្នាក់ស្លាប់ ៣នាក់របួស  ជាប់ក្នុងពន្ធនាគារត្រឹមតែ១ឆ្នាំ

បានផុស

នៅ

សលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសលើអតីតនាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការនគរបាលរាជធានី ឈ្មោះ ហ៊ុន ហេង ដែលបើកបរទាំងស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ ៣នាក់រងរបួស ដាក់ពន្ធនាគាររយៈពេលកំណត់៣ឆ្នាំ ដោយត្រូវអនុវត្តទោសនៅក្នុងពន្ធនាគារត្រឹមតែ១ឆ្នាំ ចំណែកទោសដែលសេសសល់ត្រូវព្យួរធម្មតា និងពិន័យជាប្រាក់៤លានរៀល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានី ចេញនៅថ្ងៃទី១៤ ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះ ជនជាប់ចោទ ហ៊ុន ហេង ក៏ត្រូវបានហាមឃាត់មិនឱ្យបើកបរយានយន្តគ្រប់ប្រភេទរយៈពេល៥ឆ្នាំ បន្ទាប់ពីអនុវត្តទោសចប់នៅក្នុងពន្ធនាគារផងដែរ។

សូមរម្លឹកថា កាលពីថ្ងៃទី១៥ ខែឧសភា បុគ្គល ហ៊ុន ហេង បានបើកបររថយន្តទាំងស្រវឹងមានអត្រាជាតិអាល់កុល 0.35mg/L ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទៅបុករះយានជំនិះដែលធ្វើដំណើរលើកំណាត់ផ្លូវព្រះនរោត្ដម  ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងចំណែកអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បន្ទាប់ពីកើតមានករណីនេះ និងមានប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ក៏បានបណ្ដេញបុគ្គល ហ៊ុន ហេង ចេញពីតួនាទីជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុផងដែរ។ បុគ្គល ហ៊ុន ហេង ត្រូវបានចៅក្រមបញ្ជូនឱ្យទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ(PJ)  កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅ។

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានអះអាងកាលពីថ្ងៃទី១៧ ខែឧសភា ថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស គឺសម្ដេចតែងតែតាមដានជាប់ជានិច្ច។

សូមរម្លឹកថា កាលពីចុងខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ  សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាឱ្យលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញអធិបញ្ជាឱ្យប្ដឹងឧទ្ធរណ៍លើការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចស្របតាមច្បាប់ ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ លើអ្នកបើករថយន្ត Ford Ranger ទាំងស្រវឹងបុករះបណ្ដាលឱ្យស្លាប់មនុស្សប្រុសស្រី៤នាក់ និងរងរបួស៤នាក់ នៅក្រោមស្ពានអាកាសឬស្សីកែវ។  កាលណោះ សម្ដេច ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា ការបញ្ជារបស់សម្ដេច គឺដើម្បីឱ្យសាលាឧទ្ធរណ៍ពិនិត្យមើល ថាតើការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ មានទម្ងន់គ្រប់គ្រាន់ តាមច្បាប់ជាធរមានឬនៅ។ បន្ទាប់មកភ្លាមៗ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានសម្រេចឱ្យសភាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ពិនិត្យសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម