Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភាទទួលបានបណ្ដឹងពីពលរដ្ឋចំនួន២០ករណី ក្នុងពេល៣ខែ

បានផុស

នៅ

នៅចន្លោះសម័យប្រជុំលើកទី៣និងលើកទី៤ ដែលមានរយៈពេល៣ខែ ព្រឹទ្ធសភាកម្ពុជាទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋចំនួន២០ករណី។ នេះបើតាមរបាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលអានដោយលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា លើកទី៤ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍ បានឱ្យដឹងថា ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន២០បណ្ដឹង និងបានបញ្ជូនទៅក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនចំនួន១២បណ្តឹង ដើម្បីមុខការ ហើយតម្កល់ទុកមិនចាត់ការចំនួន១បណ្ដឹង កំពុងពិនិត្យសិក្សាចំនួន៩បណ្ដឹង ទទួលលិខិតឆ្លើយតបការដោះស្រាយពីស្ថាប័នពាក់ព័ន្ធចំនួន៦បណ្ដឹង ផ្តល់ព័ត៌មានទៅម្ចាស់បណ្ដឹងចំនួន២០បណ្ដឹង រម្លឹក និងជំរុញការដោះស្រាយពាក្យបណ្តឹងចំនួន៧បណ្ដឹង និងទទួលនូវឯកសារពីក្រសួងស្ថាប័នពាក់ព័ន្ធចម្លងជូនមកគណៈកម្មការនានារបស់ព្រឹទ្ធសភាចំនួន៣៣បណ្ដឹង។

ជាមួយនឹងការទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិកសមាជិកាព្រឹទ្ធសភា បានខិតខំបំពេញការងារជាប្រក្រតីក្នុងព្រឹទ្ធសភា និងសកម្មក្នុងការចុះប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួនជាញឹកញាប់។

ក្នុងអំឡុងពេល៣ខែដូចគ្នានេះ ព្រឹទ្ធសភា ក្នុងមុខងារនីតិកម្ម ក៏បានពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ចំនួន១ សេចក្តីព្រាងច្បាប់ចំនួន៣ និងបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចំនួន១រូប តំណាងឱ្យព្រឹទ្ធសភា។

ក្រៅពីបំពេញការងារលើមុខងារនីតិកម្ម គណៈកម្មការនានារបស់ព្រឹទ្ធសភា បានយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្មដោយបានជួបពិភាក្សាការងារជាមួយក្រសួងស្ថាប័ននានា និងការចុះតាមបណ្តាខេត្ត រាជធានី ចំនួន ៣០លើក ដើម្បីតាមដានមើលវឌ្ឍនភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

គួរឱ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំលើកទី៤ ក្រោមវត្តមានដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៦០រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយ គឺស្ដាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម