ព័ត៌មានជាតិ
តើអនុរដ្ឋមន្ត្រីការបរទេសកូរ៉េជួបជាមួយរដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា និយាយអ្វីខ្លះពាក់ព័ន្ធនឹងបទល្មើសអនឡាញ?
ជំនួបរវាងលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាមួយលោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២នៃក្រសួងការបរទេសកូរ៉េខាងត្បូង កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ភាគីទាំងពីរបានជជែកត្រង់ទៅត្រង់មកជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការខ្ពស់ ដោយឯកភាពលើចំណុចសំខាន់ៗចំនួន៣ ដើម្បីផ្ដល់ថាមពលបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។

ចំណុចសំខាន់ដែលភាគីទាំងពីរបានឯកភាពគ្នានោះ គឺក្រសួងមហាផ្ទៃកម្ពុជា និងភាគីកូរ៉េ នឹងបង្កើតក្រុមការងារ Task Force ដូចដែលកម្ពុជាធ្លាប់ធ្វើជាមួយបណ្ដាប្រទេសផ្សេងៗ ដើម្បីជំរុញសន្ទុះការងារឱ្យកាន់តែប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងយន្តការនេះ លោកស្រី គីម ជីណា សន្យាថា ភាគីកូរ៉េនឹងផ្ដល់ការគាំទ្រលើការងារបណ្ដុះបណ្ដាល បំប៉នសមត្ថភាព ចែករំលែកព័ត៌មាន និងផ្លាស់ប្ដូរបទពិសោធជាមួយមន្រ្តីជំនាញ នៃក្រសួងមហាផ្ទៃកម្ពុជា។

ចំណុចមួយទៀតនោះ គឺភាគីកូរ៉េ នឹងរៀបចំផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសជាមេខ្លោងអំពើឆបោកតាមប្រព័ន្ធអនឡាញមកក្រសួងមហាផ្ទៃកម្ពុជា ដើម្បីកម្ពុជាពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមចូលប្រទេស។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ចាត់ទុកការផ្ដល់បញ្ជីមុខសញ្ញានេះថា ជាស្នូលសំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ ហើយកម្ពុជានឹងរៀបចំបញ្ជីឈ្មោះឧក្រិដ្ឋជនទាំងនោះដាក់ក្នុងបញ្ជីខ្មៅ ហាមឃាត់មិនឱ្យចូលដែនដីកម្ពុជា និងបញ្ជាឱ្យសមត្ថកិច្ចប្រុងប្រយ័ត្ន និងឃាត់ខ្លួនភ្លាមៗ នៅតាមបណ្ដាច្រកទ្វារព្រំដែន។
ការឯកភាពគ្នាបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋរៀងៗខ្លួនបន្ថែមទៀតអំពីគ្រោះថ្នាក់នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ និងជំរុញឱ្យបណ្ដាប្រទេសផ្សេងទៀតរួមគ្នាធ្វើការងារនេះឱ្យបានសកម្ម និងគ្មានទីបញ្ចប់ ក៏ជាចំណុចសំខាន់ដែលលោករដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា និងលោកស្រីអនុរដ្ឋមន្រ្តីការបរទេសកូរ៉េ បានលើកឡើងផងដែរ។

សម្រាប់ទស្សនកិច្ចលោកស្រី គីម ជីណា និងសហការីនៅកម្ពុជាពេលនេះ លោក ស សុខា ចាត់ទុកថា ជាសកម្មភាពគំរូ និងឆ្លុះបញ្ចាំងពីភាពប្រាកដនិយមក្នុងកិច្ចសហការប្រតិបត្តិការដោះស្រាយបញ្ហារួម ព្រោះជាក់ស្ដែងការខិតខំដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធអនឡាញនេះ មិនមែនតែសម្រាប់ប្រជាជនកូរ៉េ ឬប្រជាជនកម្ពុជានោះទេ ក៏ប៉ុន្តែក៏សម្រាប់មនុស្សជាតិលើពិភពលោកទាំងមូលផងដែរ។ លោករដ្ឋមន្ត្រីមហាផ្ទៃបានបញ្ជាក់ថា កម្ពុជាបានអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ (ភាគច្រើនជាជនបរទេស) បញ្ជូនទៅតុលាការផ្ដន្ទាទោស អនុវត្តនីតិវិធីបណ្ដេញ និងបញ្ជូនចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មាន អំពីខ្សែបណ្ដាញមេខ្លោង និងប្រតិបត្តិការសម្អាតប្រាក់ ទៅកាន់ប្រទេសក្នុងនិងក្រៅតំបន់ជាច្រើនករណី។
ប៉ុន្តែជាប្រការគួរឱ្យសោកស្ដាយ លទ្ធផលនេះ ត្រូវប្រទេស និងអង្គការអន្តរជាតិខ្លះផាត់ចោល ហើយព្យាយាមលាបពណ៌ដាក់បន្ទុក ទាំងធាតុពិត ប្រភពនៃបញ្ហា មានភាពប្រទាក់ក្រឡាជាមួយសមត្ថកិច្ចពួកគេដែរ។

ក្នុងន័យនេះ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា សង្ឃឹមថា លោកស្រីអនុរដ្ឋមន្រ្តីទី២ នឹងចូលរួមផ្ដល់ព័ត៌មានពិតទៅកាន់ថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន និងប្រជាជនកូរ៉េ អំពីស្ថានភាពជារួមនៅកម្ពុជា ដែល លោកជំទាវ និងសហការី បានឃើញ បានស្វែងយល់ និងបានទទួលព័ត៌មាន ពីដំណើរទស្សនកិច្ចនេះ។
លោកស្រី គីម ជីណា អនុរដ្ឋមន្រ្តីទី២នៃក្រសួងការបរទេសកូរ៉េ បានទទួលស្គាល់ដែរថា ឧក្រិដ្ឋជននៃអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ មានខ្សែបណ្ដាញធ្វើសកម្មភាពទូលំទូលាយ ចេញពីគ្រប់ទីកន្លែង និងបណ្ដាលឱ្យមានជនរងគ្រោះស្ទើរគ្រប់ប្រទេស ដែលទាមទារជាចាំបាច់នូវកិច្ចសហប្រតិបត្តិការដោះស្រាយទ្វេរភាគី ឬជាសកល៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


