ព័ត៌មានជាតិ
អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ប្រាប់មន្ត្រីឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះ ថវិកាកង្វល់ពីសប្បុរសជនមិនល្អ
អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ប្រាប់ដល់គណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលថវិកាកង្វល់ពីសប្បុរសជនមិនល្អក្រោមហេតុផលជាសប្បុរសធម៌។

ការបញ្ជាក់យ៉ាងដូច្នេះរបស់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានធ្វើឡើងក្នុងពិធីសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង អាណត្តិទី ៦ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះ។

លោកស្រី ពុំ ចន្ទីនី សង្កត់ធ្ងន់ថា កាកបាទក្រហមកម្ពុជា មានបេសកកម្ម ទិសដៅ ចក្ខុវិស័យ និងសកម្មភាពត្រឹមត្រូវណាស់ ទើបមានសប្បុរសជនចូលរួមបរិច្ចាគធនធានមកជួយ ករណីមិនត្រឹមត្រូវនោះទេ គ្មាននរណាគាំទ្រឡើយផ្នែកមនុស្សធម៌គ្រប់ទីកន្លែងទាំងអស់។ ដូច្នេះកាកបាទក្រហមកម្ពុជា មិនត្រូវការថវិកាណាដែលមិនល្អស្អាតមកជួយផ្នែកការងារសប្បុរសធម៌នោះទេ។

លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកស្រី មិថុនា ភូថង ដែលជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាកន្លងទៅ ដោយទទួលបានជោគជ័យជាច្រើនផ្នែកដឹកនាំជំនួយមនុស្សធម៌ កៀរគរមូលនិធិ និងសង្គ្រោះជនងាយរងគ្រោះក្នុងមូលដ្ឋានខេត្តរហូតដល់ផុតអាណត្តិនៅថ្ងៃនេះ។

លោកស្រីជឿជាក់ថា ប្រធានថ្មី នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង នឹងបន្តអនុវត្តតួនាទីភារកិច្ចពង្រឹងការងារយុវជន-អ្នកស្ម័គ្រចិត្តកាកបាទក្រហមឱ្យបានទូលំទូលាយ និង សុក្រឹតភាពជាងមុន ព្រមទាំងចលនាចូលរួមសកម្មភាពការងារសង្គមយ៉ាងផុលផុស។ ចាំបាច់ហ្វឹកហាត់ជំនាញ និង ការយល់ដឹងពីចលនា គោលការណ៍គ្រឹះអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ការផ្សព្វផ្សាយផ្សេងៗ ជូនអនុសាខា យុវជន អ្នកស្ម័គ្រចិត្ត និងសហគមន៍ ឱ្យបានល្អប្រសើរជាប្រចាំ។
តបនឹងការណែនាំរបស់លោកស្រី ពុំ ចន្ទីនី , លោកស្រី ឈី វ៉ា ប្រធានថ្មីកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានប្ដេជ្ញាចិត្តថា លោកស្រី នឹងប្រឹងប្រែងពង្រឹងអង្គភាព និងលើកទិសដៅការងារជាច្រើនចំពោះសកម្មភាពមនុស្សធម៌ក្នុងសហគមន៍នៅពេលមានគ្រោះមហន្តរាយ និងជនរងគ្រោះឱ្យបានទាន់ពេលវេលា តបនឹងផែនការរបស់កាកបាទក្រហមកម្ពុជា។

លោកស្រី ឈី វ៉ា នឹងជំរុញអនុសាខាក្រុង-ស្រុកទាំង ៧ ដើម្បីចូលរួមចំណែកសហការឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាអភិវឌ្ឍន៍ស្ថាប័ននេះ ឱ្យកាន់តែរឹងមាំស្វែងរកមូលនិធិ និងមានធនធានគ្រប់គ្រាន់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ។
ក្នុងអាណត្តិ ៦ ឆ្នាំ កន្លងទៅ លោកស្រី មិថុនា ភូថង អតីតប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង បង្ហាញថា សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាតាមបណ្តាក្រុង-ស្រុកទាំង ៧ បានផ្តល់សេវាកម្មមនុស្សធម៌ជូនអ្នកទទួលផលដោយផ្ទាល់សរុប ៧.៣៣៣ គ្រួសារ និងមានអ្នកទទួលផលដោយប្រយោលប្រមាណ ៤ ម៉ឺន ១ ពាន់នាក់ ដោយរងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ក្នុងនោះ មានខ្យល់កន្ត្រាក់ ទឹកជំនន់ អគ្គិភ័យ រលំផ្ទះ យុទ្ធភណ្ឌមិនទាន់ផ្ទុះ រន្ទះបាញ់ គ្រោះថ្នាក់ចរាចរណ៍ ស្ត្រីពោះម៉ាយ កុមារកំព្រា និងលង់ទឹក។

ក្រៅពីនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ក៏ធ្វើសកម្មភាពច្រើនការងារអប់រំថែទាំសុខភាពនៅតាមសហគមន៍នីមួយៗ ដូចជា ៖ បង្រៀនការសង្គ្រោះបឋម អប់រំបង្ការជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍ ចូលរួមសកម្មភាពកិច្ចប្រជុំផ្សេងៗ និងបញ្ហាផលប៉ះពាល់គ្រឿងញៀនជាដើម៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


