ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃលើការងារលើកកម្រិតគុណភាពផ្លូវបេតុង ៣ ខ្សែ
ផ្លូវបេតុងចំនួន ៣ ខ្សែ ប្រវែង ២ ១៧២ ម៉ែត្រ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ត្រូវបានក្រុមការងារអន្តរក្រសួង ដឹកនាំដោយលោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអ្នកពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវ កាលពីព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ ម្សិលមិញ។


នាឱកាសចុះពិនិត្យ និងវាយតម្លៃ លោកបណ្ឌិត នួន ដាញ៉ិល បានឲ្យដឹងថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យឲ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី ១ ដែលបានកំណត់អាទិភាពគន្លឹះ ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”។


លោកបណ្ឌិត នួន ដាញ៉ិល បានបន្តថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ត្រសំខាន់ៗ របស់ក្រសួងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវ ពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង។ កែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈការជំរុញអត្រាគ្របដណ្ដប់ នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០% នៅឆ្នាំ ២០៣០។ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្នុងគោលដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចនៅជនបទឲ្យមានការរីកចម្រើន ជាពិសេសការពង្រឹងតួនាទី ភារកិច្ចរបស់គណៈកម្មការអភិវឌ្ឍន៍ភូមិ ដើម្បីជំរុញការអភិវឌ្ឍភូមិគំរូ។ ការពង្រឹងស្ថាប័ន និងកិច្ចការ តាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ , ការរៀបចំសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។


លោកបណ្ឌិត បានបញ្ជាក់ថា នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក ២១ សម្រាប់អនុវត្តការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ៣ ខ្សែ ប្រវែងសរុប ២ ១៧២ ម កម្រាស់ ០,១៥ ម (ខ្សែទី ១ ប្រវែង ៨៣៥ ម ទទឹង ៦ ម , ខ្សែទី ២ និងខ្សែទី ៣ ប្រវែងសរុប ១ ៣៣៧ ម ទទឹង ៥ ម) និងផ្លាកឈ្មោះផ្លូវចំនួន ៦ កន្លែង ស្ថិតនៅភូមិកណ្តាល ទៅភូមិថ្មី ឃុំសន្លុង ភូមិទួលពង្រ ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជាលទ្ធផលគណៈកម្មាធិការអន្តរក្រសួង បានសម្រេចឯកភាពការវាយតម្លៃបញ្ចប់ការងារ ១០០% លើគម្រោងស្ថាបនាផ្លូវក្រាលបេតុងផ្លូវ ចំនួន ៣ ខ្សែ នេះ៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


