Connect with us

ព័ត៌មានជាតិ

វិនិយោគិនប្រទេសក្រូអាស៊ី ស្ថិតនៅអឺរ៉ុបកណ្តាល នឹងទស្សនកិច្ចនៅកម្ពុជាស្វែងយល់ពីសក្តានុពលវិនិយោគ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី រួមទាំងវិនិយោគិន នឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជានាដើមឆ្នាំ ២០២៦ខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យសំខាន់ៗ​ជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះត្រូវបានបង្ហើបឱ្យដឹងនៅក្នុងជំនួបទ្វេភាគីរវាង ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក GORDAN GRLIĆ RADMAN រដ្ឋមន្ត្រីការបរទេសនិងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី កាលពីថ្ងៃទី២២ ខែ
តុលា​ ឆ្នាំ ២០២៥ ក្នុងឱកាសចូលរួមសន្និសីទស្តីពីសកម្មភាពមីនអ៊ុយក្រែន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងជំនួបនោះ លោក GORDAN GRLIĆ RADMAN បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតប្រែងក្នុងសកម្មភាពមីនមនុស្សធម៌របស់កម្ពុជា និងគ្រោងនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យសកម្មភាពមីន តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា។ លោកក៏បានលើកឡើងដែរថា កម្ពុជាគឺជាទីតាំងសំខាន់សម្រាប់ក្រូអាស៊ី ក្នុងការបង្កើនបណ្តាញទំនាក់ទំនងនៅក្នុងតំបន់អាស៊ាន ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។ លើសពីនេះ លោកបញ្ជាក់ថា នឹងអញ្ជើញធ្វើទស្សនកិច្ចមកកម្ពុជាដើមឆ្នាំ២០២៦ ដោយមានការចូលរួមជាមួយវិនិយោគគិន និងអ្នកជំនាញពាណិជ្ជកម្ម ដើម្បីស្វែងយល់ និងបង្កើនកិច្ចសហការក្នុងវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ថាមពល និងរួមទាំងវិស័យមីនផងដែរ។

ជាការឆ្លើយតប ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្លស់ចំពោះលោក GORDAN GRLIĆ RADMAN ក៏ដូចជាប្រទេសក្រូអាស៊ី ដែលមើលឃើញពីសក្តានុពលរបស់កម្ពុជា និងបានលើកឡើងដែរថា កម្ពុជាមានបរិយាកាសវិនិយោគអំណោយផល មានភាពប្រកួតប្រជែងខ្ពស់ និងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មរឹងមាំ ដែលជាលក្ខណៈពិសេសសម្រាប់ការវិនិយោគរបស់ក្រូអាស៊ី។ លោកក៏បានជម្រាបថា៖« កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងកិច្ចសហការជាមួយក្រូអាស៊ី ក្នុងវិស័យសកម្មភាពមីន ហើយភាពជោគជ័យ បទពិសោធន៍ និងជំនាញរបស់កម្ពុជា នឹងធ្វើឱ្យកម្ពុជាក្លាយជាដៃគូដ៏សំខាន់របស់ក្រូអាស៊ី ក្នុងកិច្ចការសកម្មភាពមីន ទាំងក្នុងតំបន់និងទូទាំងពិភពលោក»។

គួរជម្រាបថា ក្រូអាស៊ី គឺជាប្រទេសមួយស្ថិតនៅអឺរ៉ុបកណ្តាល និងភាគអាគ្នេយ៍ ដែលជាប្រទេសអភិវឌ្ឍន៍មួយមានសេដ្ឋកិច្ចរីកចម្រើន និងប្រាក់ចំណូលប្រជាជនខ្ពស់។ ប្រទេសនេះពឹងផ្អែកទៅលើវិស័យសំខាន់ៗដូចជា វិស័យសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម ព្រមទាំងវិស័យទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម