Connect with us

ព័ត៌មានជាតិ

តម្រូវការឈាមនៅរាជធានីភ្នំពេញ មានការកើនឡើងពី ៣៥០ ទៅ៤០០ប្លោក ក្នុង១ថ្ងៃ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថាបច្ចុប្បន្នតម្រូវការឈាមនៅរាជធានីភ្នំពេញមានការកើនឡើងពី ៣៥០ ទៅ៤០០ប្លោក ក្នុង១ថ្ងៃ ខណៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃនៅមានកម្រិតនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ «ឈាមខ្មែរតែមួយ» នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ លោកស្រីវេជ្ជបណ្ឌិតឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍ថា ការផ្គត់ផ្គង់ឈាមក្នុងរាជធានីភ្នំពេញក្នុង១ថ្ងៃៗ ពី៣៥០ទៅ៤០០សាក់ មានការកើនឡើងដោយសារមានការវះកាត់ជំងឺធំៗជាច្រើន ពិសេស ប្រជាជនមានការជឿជាក់ទៅលើវិស័យសុខាភិបាល ខណៈមជ្ឈមណ្ឌលជាតិទទួលបានអំណោយឈាមពីសប្បុរសជនដោយស្ម័គ្រចិត្តបានតែ ២០%ប៉ុណ្ណោះ នៃប្រជាជនសរុប។ លោកស្រីបន្តថា ដូចនេះធ្វើឱ្យមានការខ្វះខាតឈាមនៅឡើយ ទើបលោកស្រីស្នើឱ្យសប្បុរសជនបន្តចូលរួមបរិច្ចាគឈាមដើម្បីឱ្យមជ្ឈណ្ឌលមានឈាមគ្រប់គ្រាន់ជូនដល់អ្នកជំងឺដែលត្រូវការជួយសង្គ្រោះជីវិត។

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ការបរិច្ចាឈាមមិនត្រឹមតែមិនមានផលប៉ះពាល់ដល់សុខភាពទេថែមទាំងជួយដល់សុខភាពអ្នកបរិច្ចាគមានសុវត្ថិភាពល្អ ដោយទទួលបានការពិនិត្យសុខភាពពីគ្រូពេទ្យ ដឹងពីមេរោគផ្សេងៗ ដូចជាមេរោគអេដស៍ និងរលាកថ្លើមប្រភេទបេ និងសេហើយរាល់ព័ត៌មានទាំងអស់ នឹងរក្សាការសំងាត់ជូនផងដែរ។

លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា ការរៀបចំកម្មវិធីនេះ ពិតជាមានសារសំខាន់ណាស់ក្នុងការជួយបំផុសស្មារតីចូលរួមបរិច្ចាគឈាមឱ្យកាន់តែផុលផុសបន្ថែមទៀតដើម្បីជួយដល់អ្នកដែលត្រូវការឈាមជាចាំបាច់និងជាគំរូមួយដល់ក្មេងៗជំនាន់ក្រោយ។

ជាមួយគ្នានេះ កញ្ញា នី មុនីនាថ ប្រធានមូលនិធិឈាមនីមុនីនាថបានលើកឡើងថា «ការបរិច្ចាគឈាមមិនមែនជាការបញ្ចេញឈាមប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ចេញចិត្ត និងស្មារតីនិងមនុស្សធម៌របស់យើង។ នេះជាអំណោយជីវិតមិនអាចវាស់តម្លៃបាន។ ការលក់ឈាមដើម្បីរកថវិកាចិញ្ចឹមជីវិតឬជួយសាច់ញាតជារឿងមិនគួរកើតមានឡើយនៅប្រទេសកម្ពុជា។ ឈាមមិនមែនទំនិញ ឈាមគឺជាជីវិតរបស់ពួកយើងទាំងអស់គ្នា។ ដំណោះស្រាយតែមួយគត់គឺស្មារតីឈាមខ្មែរតែមួយដែលមានន័យថាពួកយើងមានឈាមដូចគ្នាជាមនុស្សដូចគ្នាជាជាតិ ដូចគ្នា។ ដូចនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋមានសុខភាពល្អសូមចូលរួមបរិច្ចាគឈាជាប្រចាំព្រោះមិនត្រឹមតែជួយសង្គ្រោះអាយុជីវិតអ្នកជំងឺទេតែជួយកាត់បន្ថយសកម្មភាពលក់ឈាមនិងអភិវឌ្ឍស្មារតីដោយស្ម័គ្រចិត្តនៅក្នុងសង្គម»។

ឧកញ៉ា បណ្ឌិត សេង វណ្ណារិទ្ធ អ្នកជំនាញខាងអប់រំបានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំខ្លាចនិងកុំកំណាញ់ក្នុងការបរិរិច្ចាគឈាមព្រោះការផ្តល់ឈាមជាការសាបព្រោះនូវក្តីស្រលាញ់ហើយពេលក្តីស្រលាញ់ជះភាយពេញប្រទេសទៅយើងនឹងទទួលបានសុខសន្តិភាពយូរអង្វែងនិងអភិវឌ្ឍឥតឈប់ឈរនិងមានភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិនិងសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។

ឧកញ៉ា បណ្ឌិត សេង វណ្ណារិទ្ធ បានបញ្ជាក់ថា «ឈាមមិនអាចផលិតបានតាមរោងចក្រទេគឺមានតែយកចេញពីខ្លួនមនុស្សហើយឈាមផ្តល់តាមរយៈអំពើគុណធម៌និងក្តីស្រលាញ់ដែលជួយគ្នាទៅវិញទៅមកថ្ងៃនេះយើងផ្តល់ឈាមថ្ងៃក្រោយយើងនឹងត្រូវការឈាមវិញព្រោះមនុស្សចៀសមិនផុតពីឈឺទេ។អីចឹងយើងផ្តល់ឱ្យយើងក៏ទទួលបាននូវក្តីស្រលាញ់»៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម