ព័ត៌មានជាតិ
អភិបាលរាជធានី បរិច្ចាគឈាមជូន សមាគមគ្រូពេទ្យ TYDA ដើម្បីសង្គ្រោះជីវិតមនុស្ស និងត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ
នារសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត បានស្ម័គ្រចិត្តអញ្ជើញមកបរិច្ចាគឈាមមនុស្សធម៌នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមការរៀបចំដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដើម្បីយកឈាមទាំងនេះទៅបម្រើដល់សេចក្តីត្រូវការជាប្រចាំក្នុងការសង្គ្រោះជីវិតដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺកំពុងសម្រាកព្យាបាល និងដើម្បីត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋរងគ្រោះដោយសង្គ្រាមឈ្លានពានទឹកដីនៅទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

លោក ឃួង ស្រេង មានប្រសាសន៍ថា នេះជាលើកទីមួយហើយដែលលោកបានឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាសម្រុកមកផ្ដល់ឈាម ដើម្បីយកឈាមទាំងនេះទៅបម្រើដល់សេចក្តីត្រូវការជាប្រចាំក្នុងការសង្គ្រោះជីវិតដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺកំពុងសម្រាកព្យាបាល និងដើម្បីត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋរងគ្រោះដោយសង្គ្រាមឈ្លានពានទឹកដី។ នេះជាមោទនភាពបង្ហាញពីស្មារតីស្នេហាជាតិជាធ្លុងមួយ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន។

លោក ឃួង ស្រេង បន្តទៀតថា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងកងទ័ពជួរមុខរបស់យើង ដោយតែងតែជួយឧបត្ថម្ភទាំងថវិកា សម្ភារៈ និងម្ហូបអាហារ ដល់ទាហានជួរមុខរបស់យើងរហូតមក។ វីរកងទ័ពជួរមុខរបស់យើង ជាសសរគ្រឹះការពារទឹកដីដ៏រឹងមាំ ដោយពួកគាត់បានលះបង់កម្លាំងកាយចិត្ត ព្រមទាំងអាយុជីវិត ដើម្បីការពារទឹកដីរបស់យើង។

លោក ឃួង ស្រេង បន្តបន្ថែមថា សម្រាប់យើងជាសមរភូមិក្រោយ សូមលើកទឹកចិត្តដល់កងទ័ពជួរមុខរបស់យើង។ កងទ័ពជួរមុខរបស់យើង មិននៅឯកោនោះទេ គឺមានរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ បាននិងកំពុងផ្ដល់នូវការលើកទឹកចិត្ត និងផ្ដល់ជាស្បៀងអាហារ មិនខ្វះខាតឡើយ និងសូមជូនពរឲ្យកងទ័ពជួរមុខរបស់យើង ជួបតែជ័យជំនះឈ្នះពីសត្រូវឈ្លានពាន។

សកម្មភាពនេះ ត្រូវបានរៀបចំដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដឹកនាំដោយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល។

គោលបំណងសំខាន់ នៃការបង្កើតឲ្យមានពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តខាងលើនេះ មានចំនួន ២ គឺ ៖ ១/ បម្រើដល់សេចក្តីត្រូវការជាប្រចាំក្នុងការសង្គ្រោះជីវិតដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ហើយមានតម្រូវការឈាមជាបន្ទាន់។ ២/ ត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋ ក្នុងករណីដែលទទួលរងរបួស ឬគ្រោះថ្នាក់ដោយសារសង្គ្រាមឈ្លានពានទឹកដីនៅទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ឈរលើគោលបំណងសំខាន់ ២ ខាងលើ ពិធីបរិច្ចាគឈាមមនុស្សធម៌ពេលនេះ គឺធ្វើឡើងដើម្បីត្រៀមបង្ការផង និងយោងលើសេចក្តីត្រូវការផង សម្រាប់តម្រូវការឈាមជាទូទៅ និងចំពោះសភាពការណ៍វិវត្តជាក់ស្ដែង ដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិតចំពោះវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋ នៃតំបន់ប្រឈមនឹងសង្គ្រាមឈ្លានពាន ហើយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ ទាមទារឲ្យមានតម្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់គ្រូពេទ្យ ព្រោះ“ឈាមជាជីវិត“៕
អត្ថបទ ៖ ស្រីរ័ត្ន




-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


