Connect with us

ព័ត៌មានជាតិ

សេចក្ដីព្រាងច្បាប់ថវិកាជាតិ ត្រូវបានរដ្ឋសភាប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

បានផុស

នៅ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្ដីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ឬស្គាល់ថា ច្បាប់ថវិកាជាតិ ឱ្យគណៈកម្មការជំនាញរបស់ខ្លួន ដើម្បីពិនិត្យសិក្សា មុនដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គអនុម័ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចនេះ បានធ្វើឡើងដោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដែលកិច្ចប្រជុំដឹកនាំដោយប្រធានរដ្ឋសភាស្ដីទី លោក ជាម យៀប។

តាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បន្ទាប់ពីបានពិភាក្សា អង្គប្រជុំអនុម័តយល់ព្រមប្រគល់សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ភ្ជាប់ជាមួយនឹងសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ឱ្យគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ចំណែកសេចក្ដីព្រាងច្បាប់មួយទៀត ក៏អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តប្រគល់ឱ្យគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន សហការជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ពិនិត្យសិក្សាដែរ នោះគឺសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើ៖១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។

២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីនស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ ៣.ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

សេចក្ដីព្រាងច្បាប់ទាំង៣ខាងលើ ដែលបានចូលដល់ដៃរដ្ឋសភាពេលនេះ ត្រូវបានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី អនុម័តកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ និយាយចំពោះសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០២៦ ដែលមាន៦ជំពូក និង១៥មាត្រា បានបង្ហាញថា ក្នុងឆ្នាំ២០២៦ រដ្ឋគ្រោងចាយថវិកាខ្ទង់១០ពាន់លានដុល្លារ ដោយផ្ដល់អាទិភាពទៅលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងការគាំទ្រការអនុវត្តគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាល។

គម្រោងចំណាយនេះ ស្មើនឹង១៨,៨៥% នៃ ផ.ស.ស ឬកើនចំនួន ៧,៨% បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម