Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងកែបបន្តសកម្មភាពដដែលៗ គឺហៅអាជីវករដែលប្រព្រឹត្តកំហុសមិនឱ្យភ្ញៀវចតលើចំណតសាធារណៈមកធ្វើកិច្ចសន្យា

បានផុស

នៅ

អាជ្ញាធរក្រុងកែប  សហការជាមួយមន្ទីរទេសចរណ៍ខេត្តកែប កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ហៅអាជីវករលក់ដូរនៅឆ្នេរកែបលោកស្រី ឆោម គឹមធើយ មកសាកសួរ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឆ្លៀតតំឡើងថ្លៃនៅក្នុងថ្ងៃបុណ្យទាន និងរក្សាចំណតនៅតំបន់ឆ្នេរកែបជាទីសាធារណៈ។  អាជ្ញាធរហៅអាជីវកររូបនេះ មកធ្វើកិច្ចសន្យាដូច្នេះបន្ទាប់ពីភ្ញៀវទេសចរទៅលេងឆ្នេរកែប ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក រិះគន់តាមបណ្ដាញសង្គមថា នៅខេត្តកែប ចំណតសាធារណៈមុខតូបមិនអនុញ្ញាតឲ្យភ្ញៀវទេសចរចតយានយន្តទេ លុះត្រាតែជួលតូបមួយតំលៃ៥០ដុល្លារទើបអនុញ្ញាតឲ្យចត អ្នកចង់មកលេងកែប មិនបាច់មកទេ កោរមិនដាក់ទឹកទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីបំភ្លឺព័ត៌មានដែលទើបនឹងចេញនៅថ្ងៃទី៩ ខែវិច្ឆិកា រដ្ឋបាលក្រុងកែប ឱ្យដឹងថា នៅចំពោះមុខអាជ្ញាធរ អាជីវករ ឆោម គឹមធើយ សារភាពថា ខ្លួនពិតជាបានដេញភ្ញៀវឲ្យទៅចតនៅចំណតផ្សេងពិតមែន និងទទួលស្គាល់ថា ខ្លួនពិតជាបានប្រាប់ដល់ភ្ញៀវថាតម្លៃតូបជួលមួយ ៥០ដុល្លារពិតប្រាកដមែន ដែលតម្លៃអាចនេះ អាចចចារបាន ប៉ុន្តែបើភ្ញៀវទិញម្ហូបចាប់ពី៤មុខឡើងទៅ គឺមិនគិតថ្លៃតូបឡើយ។

អាជ្ញាធរ ឱ្យដឹងថា អាជីករ ឆោម គឹមធេីយ បានឯកភាពតាមការណែនាំរបស់អាជ្ញាធរក្រុង និងមន្ទីរទេសចរណ៍ខេត្តកែប យល់ព្រមធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវ ទេសចរណ៍។

សេចក្ដីបំភ្លឺរបស់រដ្ឋបាលក្រុងកែប សង្កត់ធ្ងន់ថា អាជីវករ ឆោម គឹមធើយ បានសន្យានឹងអាជ្ញាធរ៤ ចំណុច ដូចជា៖«១៖ មិនឆ្លៀតឱកាសតំឡើងថ្លៃឡើយ ពិសេសថ្ងៃបុណ្យជាតិ និងអន្តរជាតិផ្សេងៗ។ ២៖ រក្សាចំណតរថយន្តជាចំណតសាធារណៈ។ ៣៖ មានបញ្ជីរាយមុខម្ហូប វិក្កយបត្រ ឈ្មោះទីតាំង និងលេខទូរសព្ទទំទាក់ទំនងឲ្យបានត្រឹមត្រូវ។ ៤៖ ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន ឲ្យបានស្អាតជាប្រចាំ។»។

លោកបណ្ឌិត គិន ភា កត់សម្គាល់ឃើញថា​ រាល់ពេលមានបុណ្យទាន ថ្ងៃឈប់សម្រាកម្តងៗតែងតែមានមាត់មានពាក្យរិះគន់រឿងកញ្ចុះ និងរឿងម្ហូបអាហារនៅកែបរហូត។​ យ៉ាងណា លោកបានណែនាំឱ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅខេត្តកែប ត្រូវសាកសួរអំពីតម្លៃជាមុនសិន បើថ្លៃកុំចូល ទើបលែងមានបញ្ហាតទៅទៀត និងស្នើឱ្យថ្នាក់ដឹកនាំខេត្តកែបពិចារណាអំពីបញ្ហានេះ។

បន្ទាប់ពីអាជ្ញាធរក្រុងកែបហៅអាជីវករមកធ្វើកិច្ចសន្យា លោកបណ្ឌិត គិន ភា បញ្ចេញមតិតាមបណ្ដាញសង្គមថា វិធានការហៅមកធ្វើកិច្ចសន្យារបស់អាជ្ញាធរក្រុងកែបម្ដងហើយម្ដងទៀតបែបនេះ  គឺមិនអាចធ្វើ​ឱ្យបញ្ហាស៊ាំញ៉ាំនេះ អាចនឹងយ៉ាប់យ៉ឺនជាងមុនទៅទៀត។

បណ្ឌិត គិន ភា សង្កត់ធ្ងន់បែបនេះ៖« បើប្រើវិធីសាស្ត្រដដែលនិងដំណោះស្រាយដដែលចំពោះបញ្ហាដដែលឬបញ្ហាស្មុគស្មាញជាងមុន លទ្ធផលនឹងដដែលឬអន់ជាងមុន។ មនុស្សដដែល វិធីសាស្ត្រដដែល មិនអាចដោះស្រាយបញ្ហាដដែលបានទេ នោះមិនទាន់គិតដល់បញ្ហាអាក្រក់ជាងមុនផង។ »។វ

គួរកត់សម្គាល់ថា បញ្ហាដែលកើតមាននៅតំបន់ឆ្នេរ ក្នុងខេត្តកែប ខេត្តតូចជាងគេនៅកម្ពុជា  បង្កការអាក់អន់ស្រពន់ចិត្តដល់ភ្ញៀវទេសចរ គឺកើតមានឡើងតាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន នៅកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាមកម៉្លេះ ពោលគឺនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២៣ ខេត្តនេះរងការរិះគន់រឿងទារថ្លៃភាស៊ីពីភ្ញៀវដែលចូលទៅតំបន់កម្សាន្តមាត់ឆ្នេរក្នុងខេត្តកែប។ កាលណោះ សម្ដេច ហ៊ុន សែន នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣កន្លងទៅ បានបញ្ជាទៅកាន់អភិបាលខេត្តកែបធ្វើការជាមួយស្ថាប័នពាក់ព័ន្ធបញ្ឈប់ជាបន្ទាន់ចំពោះទង្វើយកប្រាក់ពីភ្ញៀវដែលទៅកម្សាន្តបែបនេះ បន្ទាប់មកអាជ្ញាធរក៏ហៅអ្នកទាំងពីរមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។

ជាបន្តបន្ទាប់មកទៀត ខេត្តភាគនិរតីដែលកាត់ចេញពីខេត្តកំពត បង្កើតនៅឆ្នាំ២០០៨នេះ កើតមានករណី អាជីវករពីរនាក់ប្ដីប្រពន្ធទារ​លុយ​១ម៉ឺនរៀល ពី​ភ្ញៀវ​ទេសចរដែលគ្រាន់តែ​ដាក់​តុ​អង្គុយ​តាម​ផ្លូវ​សាធារណៈតាមបណ្តោយ​ឆ្នេរកែប ​ នៅខែមេសា ឆ្នាំ២០២៤។ បន្ទាប់មកនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងខែកញ្ញា ឆ្នាំ២០២៤ ខេត្តកែបកើតមានករណីអាជីវករលក់បាយឆាមួយចានក្នុងតម្លៃប្រមាណ៦ម៉ឺនរៀល ដែលករណីនេះរងការរិះគន់ថា អាជីវករលក់ក្នុងតម្លៃលើសស្តង់ដារហួសហេតុពីសំណាក់ភ្ញៀវ និងអ្នកប្រើប្រាស់បណ្ដាញសង្គម។

ចំពោះបញ្ហាតម្លៃលក់ដូរនៅក្នុងខេត្តកែប សម្ដេចធិបតី​ ហ៊ុន ម៉ាណែត ធ្លាប់បានណែនាំទៅកាន់អាជ្ញាធរឱ្យគិតគូរដោះស្រាយឱ្យបាន ដើម្បីកុំឱ្យបញ្ហាតូចៗដែលកើតមានឡើងប៉ះពាល់ទៅដល់វិស័យទេសចរណ៍ និងក្លាយជាបញ្ហាធំប៉ះពាល់ដល់ខេត្តទាំងមូល។

រដ្ឋបាលក្រុងកែប ប្រកាសជូនភ្ញៀវទេសចរថា បើជួបប្រទះភាពមិនប្រក្រតីណាមួយលើការផ្តល់សេវាកម្មនានា ពិសេសពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍ ត្រូវទំនាក់ទំនងទៅកាន់លេខទូរសព្ទដូចជា៖​ 015 250 768/ 011 413 737/ 097 964 68 98/ 096 6666 727៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម