Connect with us

ព័ត៌មានជាតិ

កម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី

បានផុស

នៅ

កងទ័ពកម្ពុជា និងថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃកម្ពុជា និង ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៉ីង មេបញ្ជាការកងទ័ពភូមិភាគទី២ថៃ។នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្នុងសេចក្តីប្រកាសព័ត៌មាន ចេញកាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានឯកភាពគ្នាលើផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១នេះ ត្រូវធ្វើឡើងចំនួន ០៣ (បី) លើក គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ដូចអ្វីដែលបានឯកភាព អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងថា កម្ពុជា និងថៃ បានអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី១ នៃដំណាក់កាលទី១ ដោយជោគជ័យនៅក្រោមការសង្កេត និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។

កាលណោះ កម្ពុជា បានដកអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ដូចជាប្រព័ន្ធបាញ់កាំជ្រួចហ្វូង៤០កាណុង និងកាំភ្លើងធំចល័ត ចេញពីតំបន់ជម្លោះតាមបណ្ដោយព្រំដែនក្នុងស្រុកជាំក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ នៅវេលាម៉ោង ៦:៤៥នាទី ថ្ងៃទី០១ ខែវិច្ឆិកាមកកាន់មូលដ្ឋានដើមវិញ ដោយមួយផ្នែកនៅក្នុងខេត្តកណ្ដាល និងមួយផ្នែកទៀតនៅក្នុងខេត្តកំពង់ស្ពឺ ក្រោមការឃ្លាំមើលពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅវេលាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា។

ប៉ុន្តែទោះបីជា កម្ពុជា និងថៃ កំពុងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ចេញពីព្រំដែនជម្លោះយ៉ាងណាក្ដី ថ្មីៗនេះនៅក្នុងប្រទេសថៃវិញ ទាំងមន្ត្រីថ្នាក់ដឹកនាំថៃ ទាំងរដ្ឋាភិបាលស៊ីវិលនិងយោធា បានព្រមានប្រើប្រាស់កម្លាំងដណ្ដើមយកប្រាសាទតាក្របីដែលកម្ពុជាកំពុងគ្រប់គ្រង ខណ:នៅមុនការព្រមានបែបនេះ អ្នកនាំពាក្យកងទ័ពថៃ លោក វីនថៃ ស៊ូវារី បានអះអាងថា សព្វាវុធដែលថៃដកចេញពីព្រំដែនទៅកាន់បន្ទាយ នឹងអាចចល័តទៅទីតាំងជម្លោះជាមួយកម្ពុជាវិញបានទាន់ពេលវេលា បើមានករណីណាមួយកើតឡើង។

ចំពោះការព្រមានប្រើប្រាស់កម្លាំងយោធាពីភាគីថៃ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ចេញនៅថ្ងៃទី៥ ខែវិច្ឆិកា ចាត់ទុកថា ទង្វើនេះបង្កឲ្យមានភាពតានតឹងឡើង និងបង្កឱ្យមានការព្រួយបារម្ភអំពីការបាត់បង់ទំនុកចិត្តគ្នាទៅលើការដោះស្រាយបញ្ហាដោយសន្តិវិធី។អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដោយទទូចឱ្យភាគីថៃ គោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវរាល់ខ្លឹមសារដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដោយមិនត្រូវធ្វើអត្ថាធិប្បាយណាមួយ ដែលនាំឱ្យមានភាពតានតឹង និងបាត់បង់ទំនុកចិត្តរវាងគ្នាដែលមិនអំណោយផលដល់ការសន្ទនាដោយសន្តិវិធី។ កម្ពុជាអំពាវនាវដល់ភាគីថៃបញ្ឈប់នូវការដាក់លក្ខខណ្ឌផ្សេងៗ ដែលមិនស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំនានា ក្នុងពេលកន្លងមក។ ទោះជាយ៉ាងណា

ទោះជាយ៉ាងណាវិញការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ចេញពីព្រំដែនជម្លោះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អះអាងថា កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ដើម្បីធានាថា ផែនការសកម្មភាពនេះនឹងត្រូវបានអនុវត្តឱ្យបានពេញលេញ ត្រឹមត្រូវ មានប្រសិទ្ធភាព និងប្រកបដោយតម្លាភាព៕

ដោយ÷ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម