Connect with us

ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃទី​ ១០ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៥ លោក ប៉េង ពោធិ៍​សា អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង មន្ត្រីរាជការ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​អភិបាល​រង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​អនុប្រធាន​មន្ទីរ​មុខងារ​សាធារណៈ​ខេត្ត លោក​នាយក​រង​ទីចាត់ការ​ធនធាន​មនុស្ស​សាលាខេត្ត លោក លោកស្រី អនុប្រធាន​មន្ទីរ និង​មន្ត្រីរាជការ នៃ​មន្ទីរ​សុខាភិបាល លោក លោកស្រី បុគ្គលិក​សុខាភិបាល ជា​ច្រើន​រូប​ទៀត។

មានប្រសាសន៍​ទៅកាន់​ពិធី​នេះ លោក​អភិបាលខេត្ត បាន​បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​គ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល នៅ​តាម​ប៉ុស្តិ៍​សុខភាព មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក គ្រប់​កម្រិត ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច និង​ការងារ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​លះបង់​ខ្ពស់ ក្នុងការ​បម្រើ និង​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាជន ​ជាពិសេស​ការ​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ សេវា​អប់រំ​សុខភាព ការពិនិត្យ​ព្យាបាល និង​ការពង្រីក​យន្តការ​គាំពារ​សុខភាព​សង្គម​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ។

លោក​អភិបាល​ខេត្ត​ បាន​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​សុខាភិបាល​ទាំងអស់ ជា​ពិសេស​មន្ត្រី​ដែល​ទើប​ទទួល​បាន​ការ​តែងតាំង​ថ្មី នូវ​កិច្ចការ​សំខាន់ៗ​ មួយចំនួន​ដូចខាងក្រោម ៖

១-​ត្រូវ​បន្ត​ខិតខំ​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​ទាំង​ក្នុងចំណោម ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ដើម្បី​ធានា​ឲ្យ​សកម្មភាព​ការងារ​មាន​ភាពរលូន និង​សម្រេចបាន​លទ្ធផល​ជោគជ័យ។​

២-​ត្រូវ​ពង្រឹង​របៀបរបប​ការងារ​ឲ្យ​បានល្អ និង​បែងចែក​តួនាទី​ភារកិច្ច​នៅក្នុង​អង្គភាព និង​ក្រុម​គ្រូពេទ្យ​ទាំង​នៅក្នុង​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាពឲ្យ​បានច្បាស់លាស់ តាម​មុខជំនាញ​រៀងៗ​ ខ្លួន។​

៣-​ត្រូវ​បន្ត​យកចិត្តទុកដាក់​គ្រប់គ្រង ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ឲ្យ​បានល្អ ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​ឲ្យ​ការអនុវត្ត​ការងារ​បាន​ត្រឹមត្រូវ ស្របតាម​នីតិវិធី គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា។​

៤-​ត្រូវ​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ និង​ម៉ឺងម៉ាត់​ក្នុង​ការងារ ជាពិសេស​ការគោរពម៉ោង​ពេល​បម្រើ​ការងារ​នៅតាម​បណ្តា​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព។​

៥-​មន្ត្រី​សុខាភិបាល​ទាំងអស់ ត្រូវតែ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ខិតខំ​កែលម្អ គុណភាព​សេវា ដោយមាន​បែងចែក​វេន​ប្រចាំការ ២៤​ ម៉ោង លើ ​២៤​ ម៉ោង និង​មិនត្រូវ​ធ្វេសប្រហែស​ណាមួយ​កើត​ឡើង ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកជំងឺ​ដោយ​ការ​ធ្វេសប្រហែស​នោះឡើយ។​

៦-​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​គ្រូពេទ្យ ដោយ​ត្រូវ​ប្រើ​ឥរិយាបថ និង​ពាក្យសំដី​ឲ្យ​បាន​សមរម្យ និង​មិនត្រូវ​រើសអើង​ជាមួយ​ប្រជាពលរដ្ឋ និង​អ្នកជំងឺ ដែល​មក​ទទួល​សេវា​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​ជាដាច់ខាត។

៧-​មន្ទីរ​សុខាភិបាល ក៏ដូចជា​អង្គភាព​ផ្តល់​សេវា​សុខាភិបាល​គ្រប់​ថ្នាក់ និង​គ្រប់​កម្រិត​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុងការ​លើកកម្ពស់​ការ​អប់រំ​សុខភាព​សហគមន៍ និង​ពង្រឹងគុណភាព​ថែទាំ​សុខភាព ជា​ពិសេស​សមត្ថភាព​ធ្វើ​រោគវិនិច្ឆ័យ ព្យាបាល និង​ថែទាំ ដើម្បី​ចូលរួម​អនុវត្ត​ឲ្យ​កាន់តែ​ទទួលបាន​ជោគជ័យ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​មូលធន​មនុស្ស និង​ការកាត់បន្ថយ មរណភាព​មាតា ទារក និង​កុមារ។​

៨-ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ពង្រឹង​ការអនុវត្ត​គោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន គតិយុត្តិ​នានា ដើម្បី​ធានា​នូវ​ការអនុវត្ត​ការផ្តល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ជាពិសេស​ក្នុងការ​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​ផ្សេងៗ ​ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង កម្មករ កម្មការិនី ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព តួយ៉ាង កម្មវិធី​មូលនិធិ​សមធម៌​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ការ​ប្រើប្រាស់​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ និង​កម្មករ កម្មការិនី ជាដើម៕

អត្ថបទ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម