Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីអប់រំ៖ ពិព័រណ៍សិក្សានៅអឺរ៉ុបជាព្រឹត្តិការណ៍ត្រួសត្រាយផ្លូវនិស្សិតកម្ពុជា ចាប់យកជំនាញដែលខ្លួនស្រឡាញ់

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ពិព័រណ៍សិក្សានៅអឺរ៉ុប គឺជាព្រឹត្តិការណ៍មួយបើកច្រកត្រួសត្រាយផ្លូវសម្រាប់យុវជនកម្ពុជា ស្វែងរកឱកាសសិក្សាចម្រុះប្រកបដោយគុណភាព និងការស្រាវជ្រាវកម្រិតអន្តរជាតិ។ ទន្ទឹមនេះ លោកលើកទឹកចិត្តដល់និស្សិតកម្ពុជាស្វែងយល់ពីឱកាសទៅបន្តការសិក្សានៅអឺរ៉ុបឱ្យបានច្រើន ដើម្បីទទួលឱកាសបន្តការសិក្សា និងពង្រឹងសមត្ថិភាព ចាប់យកជំនាញដែលខ្លួនស្រឡាញ់ ដើម្បីក្លាយជាកម្លាំងចលករចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។

លោក ហង់ជួន ណារ៉ុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាពិធីបើកសម្ពោធពិព័រណ៍សិក្សានៅអឺរ៉ុប (Study in Europe Fair) លើកទី៤ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ពីគុណសម្បត្តិនៃការទៅបន្តការសិក្សានៅអឺរ៉ុប ដែលមិនត្រឹមតែទទួលបាននូវចំណេះដឹង ជំនាញ នវានុវត្តន៍ និងបទពិសោធសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងអាចស្វែងយល់ពីភាពចម្រុះនៃទ្វីប វប្បធម៌ និងរបៀបរស់នៅបែបអឺរ៉ុប ជាពិសេសគឺបែបផែននៃការរស់នៅដែលផ្សារភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយ។

លើសពីនេះ ពិព័រណ៍សិក្សាក៏ជាឱកាសសម្រាប់សាកលវិទ្យាល័យក្នុងស្រុក ស្វែងយល់ពីសាកលវិទ្យាល័យល្បីៗនៅអឺរ៉ុបចំនួន៥០ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោក អ៊ីហ្កូ ទ្រីសម៉ាន់

ថ្លែងក្នុងឱកាសនេះ លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានឱ្យដឹងថា ពិព័រណ៍សិក្សានេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សិស្សនិស្សិតកម្ពុជា មាតាបិតា និងអាណាព្យាបាល ទទួលបានព័ត៌មានច្បាស់លាស់អាចទុកចិត្តបានអំពីការបន្តការសិក្សានៅអឺរ៉ុប តាមរយៈការជួបសាកសួរព័ត៌មានដោយផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យជាច្រើនក្នុងសហភាពអឺរ៉ុប។ ទន្ទឹមនេះ សិស្សនិស្សិត ក៏អាចស្វែងយល់បន្ថែមពី ជំនាញដែលខ្លួនស្រលាញ់ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឱកាសផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍ដែលផ្តល់ដោយគ្រឹះស្ថានឧត្តមសិក្សាជាច្រើនមកពីទូទាំងទ្វីបអឺរ៉ុប រួមមាន ប្រទេសបែលហ្សិក សាធារណរដ្ឋឆែក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងកម្មវិធី Erasmus+ របស់គណៈកម្មការអឺរ៉ុប។

ពិព័រណ៍នេះដែរ ក៏ជាសក្ខីភាពបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងភាពជាដៃគូយូរអង្វែងរវាងអឺរ៉ុប និងកម្ពុជា តាមរយៈគម្រោងលើកកម្ពស់ការអប់រំ Global Gateway Flagship៖ “Education for Green and Digital Jobs” ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទនភាពជាច្រើន។

តាងនាមក្រសួងអប់រំ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ពិព័រណ៍សិក្សានៅអឺរ៉ុបនេះឡើងក្នុងបុព្វហេតុអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា និងសូមលើកទឹកចិត្តឱ្យសិស្សនិស្សិតកម្ពុជាចូលរួមស្វែងយល់ពីឱកាសទៅបន្តការសិក្សានៅអឺរ៉ុបឱ្យបានច្រើន ដើម្បីទទួលឱកាសបន្តការសិក្សា និងពង្រឹងសមត្ថិភាព ចាប់យកជំនាញដែលខ្លួនស្រឡាញ់ ដើម្បីក្លាយជាកម្លាំងចលករចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម