Connect with us

ព័ត៌មានជាតិ

ចៅក្រម២២រូប និងព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារង៥រូប ត្រូវបានរងទណ្ឌកម្មវិន័យ

បានផុស

នៅ

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់ទណ្ឌកម្មវិន័យដល់ចៅក្រមចំនួន២២រូប និងព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារងចំនួន៥រូប។ ការសម្រចនេះ គឺបានធ្វើឡើងក្នុងសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកទី៣៩ ដែលប្រព្រឹត្តទៅក្នុងព្រះបរមរាជវាំង នាថ្ងៃទី១៧ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចៅក្រមទាំង២២ ដែលត្រូវបានរងការដាក់ទណ្ឌកម្មខាងវិន័យថ្នាក់ទី១ គឺមានចំនួន៣រូប ត្រូវស្ដីបន្ទោសដោយផ្ទាល់មាត់ ចំនួន៩រូប ត្រូវស្តីបន្ទោសដោយចុះក្នុងសំណុំលិខិតផ្ទាល់ខ្លួន និងដាក់វិន័យក្រោមរូបភាពផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ ក្នុងរយៈពេល២ឆ្នាំ មានចំនួនម្នាក់។ ខណៈចៅក្រមចំនួន៩រូបផ្សេងទៀត ត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់ទណ្ឌវិន័យថ្នាក់ទី២ ក្រោមរូបភាពផ្លាស់ដោយបង្ខំមានចំនួន៣រូប ការផ្លាស់ដោយបង្ខំ តម្រូវឱ្យទទួលការបណ្តុះបណ្តាលបន្ថែមមានចំនួនម្នាក់ និងការបន្ថយមួយថ្នាក់ នៃឋានន្តរស័ក្តិ មានចំនួន៥រូប។

ដោយឡែក ព្រះរាជអាជ្ញារងចំនួន៣រូប ត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់ទណ្ឌកម្មខាងវិន័យដូចគ្នានេះ ពោលគឺការស្តីបន្ទោសដោយផ្ទាល់មាត់ មានចំនួនម្នាក់ ផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ ក្នុងរយៈពេល២ឆ្នាំ ម្នាក់ និងព្រះរាជអាជ្ញារងម្នាក់ទៀតត្រូវផ្លាស់ដោយបង្ខំ តម្រូវឱ្យទទួលការបណ្តុះបណ្តាលបន្ថែម និងបន្ថយមួយថ្នាក់ នៃឋានន្តរស័ក្តិ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងសម័យប្រជុំដែលស្ថិតក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏មានព្រះរាជអាជ្ញាចំនួន២រូប ត្រូវបានដាក់វិន័យផងដែរ ក្នុងនោះព្រះរាជអាជ្ញាមួយរូបត្រូវបានសម្រេចបណ្ដេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ខណៈព្រះរាជអាជ្ញារង១រូបទៀតត្រូវបានព្យួរពីការងារដោយមិនឱ្យមានបៀវត្សក្នុងរយៈពេល១ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម