Connect with us

ព័ត៌មានជាតិ

ពលករ និងពលរដ្ឋជិត ៥ពាន់នាក់ចូលរួម និងទទួលបានការងារក្នុងពិព័រណ៌ការងារនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ

បានផុស

នៅ

អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបប្រមាណជិត ៥ពាន់នាក់ បានចូលរួម និងទទួលបានការងារ​ពីពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាចុងសប្តាហ៍ទី២ និងសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ថា ក្នុងខែវិច្ឆិកានេះ ក្រសួងការងារបានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តចំនួន២ រួចហើយ គឺនៅខេត្តបាត់ដំបង ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅស្រុកថ្មគោល និងស្រុកមោងឬស្សី ដែលមានអ្នកចូលរួម ២ ១៩៤នាក់ អ្នកជាប់ការងារ (បឋម) ៤៤៤នាក់ និងក្រុមហ៊ុនធំៗចូលរួមផ្ទាល់ចំនួន ១៧ក្រុមហ៊ុន។ មួយទៀតគឺ នៅខេត្តបន្ទាយមានជ័យ ពីថ្ងៃទី២៣-២៤វិច្ឆិកា ក្នុងស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដែលមានអ្នកចូលរួម ២ ៦៦៤នាក់ អ្នកជាប់ការងារ (បឋម) ១ ១៣៣នាក់ និងក្រុមហ៊ុនធំៗចូលរួមផ្ទាល់ចំនួន ២០ក្រុមហ៊ុន។

លោក ស៊ុន មេសា បញ្ជាក់ថា «លទ្ធផលសរុបទាំង២ខេត្តនេះមានអ្នកចូលរួមសរុបប្រមាណជិត៥ពាន់នាក់ ដែលក្នុងពិព័រណ៍ការងារនេះមានអ្នកជាប់ការងារ (បឋម) ១ ៥៧៧នាក់។ ជាមួយលទ្ធផលដ៏វិសេសនេះ ខ្ញុំសូមអរគុណដល់អតីតពលករ និងពលរដ្ឋទាំង២ខេត្ត ដែលបានមកចូលរួម និងសូមរអគុណទៅដល់មន្ត្រីក្រសួងការងារ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលបានចុះទៅសម្ភាសផ្ទាល់ដើម្បីជ្រើសរើសកម្លាំងពលកម្ម»។

អ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់បន្ថែមថា ជំហានបន្ទាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់នៅខេត្តសៀមរាប ដែលតាមគម្រោងគឺធ្វើនៅថ្ងៃទី២៩-៣០ វិច្ឆិកា ប៉ុន្តែដោយសារមានការប្រែប្រួលខ្លះ ពេលវេលានេះត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី៦-៧ខែធ្នូ ឆ្នាំ២០២៥ វិញ នៅស្រុកសូទ្រនិគម និងស្រុកពួក ខេត្តសៀមរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម