ព័ត៌មានអន្ដរជាតិ
សភាបារាំង បើកផ្លូវឱ្យអ្នកជំងឺធ្ងន់ធ្ងរមានសិទ្ធិបញ្ចប់ជីវិត ដោយស្របច្បាប់
តំណាងរាស្រ្តបារាំង បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលនឹងបង្កើតសិទ្ធិស្របច្បាប់ក្នុងការជួយបញ្ចប់ជីវិតសម្រាប់មនុស្សពេញវ័យណាដែលមានជំងឺមិនអាចព្យាបាលបាន ឬក៏គ្មានលទ្ធភាពព្យាបាល បន្ទាប់ពីការជជែកវែកញែកខាងសីលធម៌ និងនយោបាយអំពើបញ្ហានេះ។
ទីភ្នាក់ងារសារព័ត៌មាន AFP និង Al Jazeera ផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឱ្យដឹងថា ច្បាប់នេះ ត្រូវបានអនុម័តកាលពីថ្ងៃពុធនៅក្នុងសភាបារាំង នឹងអនុញ្ញាតឱ្យមនុស្សម្នាក់ទទួលបានសារធាតុមួយក្រោមលក្ខខណ្ឌតឹងរ៉ឹង ប្រសិនបើពួកគេស្នើសុំ។ សារធាតុនោះអាចត្រូវបានគ្រប់គ្រងដោយខ្លួនឯង ឬគ្រប់គ្រងដោយវេជ្ជបណ្ឌិត ឬគិលានុបដ្ឋាយិកា ប្រសិនបើអ្នកជំងឺមិនអាចធ្វើបាន។

ការទទួលបានជំនួយសម្រាប់ការបញ្ចប់ជីវិតនឹងត្រូវបានកំណត់ ចំពោះមនុស្សពេញវ័យជាពលរដ្ឋបារាំង ឬអ្នករស់នៅស្របច្បាប់នៅប្រទេសបារាំង និងអ្នកទទួលរងពីជំងឺណាមិនអាចព្យាបាលបាន ស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ឬដំណាក់កាលចុងក្រោយ។
គួរបញ្ជាក់ថា ច្បាប់នេះក៏នឹងត្រូវបានរក្សាទុកសម្រាប់អ្នកជំងឺដែលជួបប្រទះនឹងទុក្ខវេទនាខាងរាងកាយ ឬផ្លូវចិត្តជាប់លាប់ទាក់ទងនឹងស្ថានភាពជាក់ស្តែង និងមានសមត្ថភាពពេញលេញក្នុងការធ្វើការសម្រេចចិត្តដោយសេរី។
សភាជាន់ទាប គឺរដ្ឋសភាបារាំង បានអនុម័តសេចក្តីសម្រេចនេះដោយសំឡេងគាំទ្រ ២៩១ ទល់នឹង ២៤១ ។ ជុំវិញរឿងនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron លើកឡើងលើបណ្តាញសង្គម X ថា៖ « ស្តីពីបញ្ហានេះ ជារឿងផ្ទាល់ខ្លួន ក៏ដូចជារឿងធ្ងន់ធ្ងរ និងទាក់ទងនឹងអាយុជីវិត ទុក្ខវេទនា និងសេចក្តីថ្លៃថ្នូរ មានតែវិធីសាស្រ្តមួយដែលអាចធ្វើទៅបាន គឺចំណាយពេលស្តាប់ ចូលរួមក្នុងការសន្ទនា និងធ្វើការជជែកពិភាក្សា»។
លោកបន្តថា៖ « នៅឆ្នាំ២០២២ ខ្ញុំបានប្តេជ្ញាចិត្តក្នុងការបង្កើតផ្លូវនេះ[ច្បាប់បញ្ចប់ជីវិត] រួមគ្នាជាមួយប្រជាជនបារាំង។ ដោយមានភាពជាមនុស្ស និងការគោរពយ៉ាងពេញលេញ ចំពោះលទ្ធិប្រជាធិបតេយ្យរបស់យើង ខ្ញុំបានគោរពការប្តេជ្ញាចិត្តនេះ»។
ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេសនេះអនុម័តច្បាប់បញ្ចប់ជីវិត ប្រទេសបារាំងនឹងចូលរួមជាមួយប្រទេសហូឡង់ បែលហ្ស៊ិក ស្វីស និងកាណាដា ក្នុងការបញ្ចប់ជីវិតដោយមានជំនួយស្របច្បាប់។
ក្រុមអ្នកគាំទ្រនិយាយថា ច្បាប់នេះនឹងផ្តល់ឱ្យមនុស្សដែលប្រឈមនឹងទុក្ខវេទនាដែលមិនអាចទ្រាំទ្របាននៅចុងបញ្ចប់នៃជីវិត នូវស្វ័យភាព និងការគ្រប់គ្រងកាន់តែច្រើនលើរបៀបពួកគេជ្រើសរើស ខណៈរក្សាបាននូវការការពារយ៉ាងតឹងរ៉ឹង។
លោកស្រី Anne Raynaud តំណាងសមាគមបារាំងសម្រាប់សិទ្ធិអ្នកស្លាប់ដោយសេចក្តីថ្លៃថ្នូរ និយាយថា៖ « មនុស្សនឹងអាចសម្រេចចិត្តដោយខ្លួនឯងថាពេលណា និងរបៀបណាដែលពួកគេចង់ស្លាប់ ពេលដែលទុក្ខវេទនារបស់ពួកគេមិនអាចទ្រាំទ្របាន»៕
សម្រួល៖ ណឺ មិនា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


