Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោលើកទឹកចិត្តមហាគ្រួសារខ្មែរទិញស្រូវពីកសិករដាល់អំបុកយកទៅចែកកងទ័ពវាយសត្រូវឈ្លានពាន

បានផុស

នៅ

ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន! អគ្គភស្ដុភារជាន់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន  លើកទឹកចិត្តឱ្យមហាគ្រួសារខ្មែរជួយទិញស្រូវថ្មីពីកសិករដាល់អំបុក ឬទិញអំបុកពីអាជីវករខ្មែរ វេចខ្ចប់ ក្នុង១កញ្ចប់ទម្ងន់១ឬ២គីឡូក្រាម យកចែកជនភៀសសឹក និងកងទ័ពខ្មែរដ៏អង់អាច កំពុងវាយកម្ទេចសត្រូវថៃឈ្លានពាន។ សម្ដេច ហ៊ុន សែន អំពាវនាវនាព្រឹកថ្ងៃពុធដូច្នេះ បន្ទាប់ពីបានឃើញសំណូមពររបស់កងទ័ពខ្មែរនៅពីសមរភូមិដែលសុំឱ្យជួយផ្ដល់ស្បៀងជាអំបុកល្អជាងជួយជាមី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់ សរសេរលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះថា៖« ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹក។ សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ ប្រសិនដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខ។ ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន។ »។

សម្ដេច ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន និងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន ដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។

សម្ដេច ហ៊ុន សែន ក៏បានចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារទង្វើដ៏សាហាវព្រៃផ្សៃរបស់យោធាថៃបាញ់មិនរើសគោលដៅ ឈ្លានពាន វាយប្រហារលើទីតាំងស៊ីវិល។

សម្ដេច ហ៊ុន សែន អគ្គភស្ដុភារជាន់ខ្ពស់ បានអរគុណជាថ្មីម្ដងទៀតចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹក។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម