Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈចាប់ផ្ដើមធ្វើជំរឿនជាក់ស្តែងលើមន្ត្រីអប់រំ និងសុខាភិបាលមូលដ្ឋាននៅរាជធានីភ្នំពេញ

បានផុស

នៅ

គណៈកម្មការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងជំរឿនមន្រ្តី នៃក្រសួងមុខងារសាធារណៈ  នៅរសៀលថ្ងៃទី១៦ ខែធ្នូ បានចាប់ផ្ដើមចុះយុទ្ធនាការជំរឿនជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាននៅរាជធានីភ្នំពេញ ជាមួយនឹងគម្រោងបញ្ចប់ការងារនេះក្នុងរយៈពេល១សប្ដាហ៍ ។ អង្គភាពសុខាភិបាលមូលដ្ឋាន ដែលក្រសួងមុខងារសាធារណៈ នឹងចាប់ផ្ដើមចុះធ្វើជំរឿនមន្រ្តីជាក់ស្ដែង គឺនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចតុមុខ និងមន្រ្តីនៃគ្រឹះស្ថានអប់រំ នឹងចាប់ផ្ដើមពីសាលាក្នុងរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបន្ទាប់បញ្ចប់ទៅ​គណៈកម្មការ នឹងបន្តទៅខណ្ឌ និងរដ្ឋបាលស្រុកដទៃទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឈាង រ៉ា បានណែនាំឱ្យថ្នាក់ដឹកនាំមន្ត្រីសុខាភិបាល ព្រមទាំងមន្ត្រីជំនាញសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចូលរួមសហការ និងផ្ដល់ការគាំទ្រឱ្យបានពេញទំហឹងដល់គណៈកម្មការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងជំរឿនមន្រ្តី នៃក្រសួងមុខងារសាធារណៈ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅសម្រេចបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។ រដ្ឋមន្ត្រីសុខាភិបាល ដាក់ក្ដីសង្ឃឹមថា ការងារជំរឿនជាក់ស្តែងនៅតាមរចនាសម្ព័ន្ធអង្គភាពសុខាភិបាលមូលដ្ឋានដែលត្រូវអនុវត្តតាមការគ្រោងទុក នឹងទទួលបានលទ្ធផលផ្លែផ្កាដូចការរំពឹងទុក។

 បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងអំណរគុណចំពោះក្រុមការងារនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង ក្រោមការដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានសហការគ្នាយ៉ាងសកម្មជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតដល់ពេលបើកយុទ្ធនាការជាផ្លូវការនាថ្ងៃនេះ។

ក្នុងនាមរដ្ឋមន្ត្រីក្រសួងអប់រំ បានចាត់ទុកការធ្វើជំរឿនមន្រ្តីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ​នេះ ថាគឺ ជាមូលដ្ឋានសំខាន់ក្នុងការបន្តជំរុញអនុវត្តការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងការពង្រឹងអភិបាលកិច្ចឱ្យកាន់តែប្រសើរ ក្នុងវិស័យអប់រំ យុវជន និងកីឡា នៅគ្រប់កម្រិតសិក្សា ជាពិសេសជំរុញប្រសិទ្ធភាពការដាក់ពង្រាយគ្រូបង្រៀនដល់កន្លែងដែលខ្វះគ្រូ និងការបំពេញការងាររបស់មន្ត្រីក្នុងរដ្ឋបាលសាធារណៈ ជួយលើកកម្ពស់ទាំងប្រសិទ្ធភាព និងផលិតភាពការងារ ព្រមទាំងការទទួលខុសត្រូវ ដោយផ្តើមចេញពីការពិនិត្យ និងវាយតម្លៃ ស្ថានភាពបច្ចុប្បន្ននៃការបំពេញការងាររបស់មន្ត្រី រួមទាំងការគិតគូរអំពីវិធានការដោះស្រាយ ដើម្បីពង្រឹង សមត្ថភាព និងសមិទ្ធកម្មសា្ថប័ន។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី  រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសនៃគណៈកម្មការទទួលបន្ទុកការងារនេះ និងក្រុមការងារពាក់ព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ រៀបចំយុទ្ធនាការនេះឡើង ឆ្លើយតបនឹងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

ជាការរំពឹងទុកពីការធ្វើជំរឿននេះ រួមមាន១) ទិន្នន័យដែល ច្បាស់លាស់ ឯកភាពគ្នា ប្រើប្រាស់រួមគ្នាតែមួយ ២) ទិន្នន័យដែលច្បាស់ នឹងផ្តល់ជាមូលដ្ឋាន ក្នុងការគ្រប់គ្រងស្ថានភាពមន្ត្រីឱ្យរឹតតែច្បាស់លាស់ ការរៀបចំផែនការមន្រ្តី ការជ្រើសរើសបំពេញឱ្យចំនៅកន្លែងខ្វះខាតពិតប្រាកដ ផែនការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី និងការពង្រាយមន្ត្រី ៣) ទិន្នន័យដែលចេញពីការធ្វើជំរឿននឹងបញ្ចូលក្នុងប្រព័ន្ធបច្ចេកវិទ្យាឬ Database ដែលនឹងផ្តល់នូវភាពងាយស្រួលជាច្រើនដល់ការអនុវត្តការងាររួមមាន ការប្រែប្រួលស្ថានភាពមន្រ្តី ការបើកបៀវត្ស ការឡើងឋានន្តរសក្តិ និងអត្ថប្រយោជន៍សហព័ទ្ធជាដើម ៤) ការគ្រប់គ្រងបាននូវភាពជាក់ស្តែងនៃរចនាសម្ព័ន្ធ ចំនួនមន្ត្រីបំពេញការងារជាក់លាក់តាមអង្គភាព នឹងអនុញ្ញាតឱ្យមានការពង្រឹងប្រសិទ្ធភាពស្ថាប័ន ដែលនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ចូលរួម ក្នុងការបង្កើនប្រសិទ្ធភាព នៃការចំណាយថវិកាជាតិផងដែរ។

យុទ្ធនាការជំរឿនជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ដែលបាននឹងកំពុងដំណើរការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងគោលដៅកំណត់ឱ្យបានច្បាស់លាស់នូវ មន្ត្រីរាជការ ដែលបាន និងកំពុងបំពេញការងារជាក់ស្ដែងនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងគ្រប់ប្រភេទ ឆ្ពោះទៅកែលម្អការគ្រប់គ្រងធនធានមនុស្សនៅក្នុងវិស័យអប់រំឱ្យកាន់តែល្អប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម