Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតប្រាប់កាកបាទក្រហមអន្តរជាតិពីជំហរកម្ពុជាចង់ឱ្យការប្រយុទ្ធត្រូវបានបញ្ចប់

បានផុស

នៅ

ជំហរកម្ពុជា គឺចង់ឱ្យថៃបញ្ចប់ការប្រយុទ្ធជាមួយកម្ពុជា ដោយវិលទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ។នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់​ សុខុន ប្រាប់ទៅកាន់លោក Jürg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ (ICRC) ប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងក្នុងជំនួបកាលពីថ្ងៃពុធ ដោយយោងទៅតាមខ្លឹមសារនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានសរសេរថា លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីអំពីជំហរកម្ពុជាចង់ឱ្យការប្រយុទ្ធគ្នាត្រូវបានបញ្ចប់ ដើម្បីអនុញ្ញាតឱ្យប្រជាជនអាចវិលត្រឡប់ទៅលំនៅឋានវិញ ហើយងាកទៅរកការគោរព និងអនុវត្តឱ្យពេញលេញតាមលក្ខខណ្ឌនៃបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ កាលពីខែតុលា ឆ្នាំ២០២៥កន្លងទៅ។

រដ្ឋមន្ត្រីការបរទេសកម្ពុជា បានរាយការណ៍ពីបច្ចុប្បន្នភាព​ និងការវិវត្តនៃជម្លោះប្រដាប់អាវុធ ដោយផ្ដើមចេញពីការឈ្លានពានរបស់ថៃមកលើកម្ពុជា ដែលកំពុងបន្តកើត ដោយអះអាងប្រាប់តំណាងកាកបាទក្រហមអន្តរជាតិ ថា ការវាយប្រហារដោយយោធាថៃមកលើកម្ពុជា ចាប់ពីថ្ងៃទី៧ ខែធ្នូ ត្រូវបានពង្រីកកាន់តែខ្លាំង ទាំងតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ ជាមួយនឹងប្រើសព្វាវុធធុនធ្ងន់គ្រប់ប្រភេទ មានទាំងយន្តហោះចម្បាំង F-16 និងបាញ់ឧស្ម័នពុលជាដើម។

ការវាយប្រហាររបស់យោធាថៃពេលនេះ លោក ប្រាក់ សុខុន បញ្ជាក់ថា បានបណ្ដាលឱ្យបាត់បង់ជីវិត និងរងរបួសដល់ប្រជាជនស្លូតត្រង់ជាច្រើននាក់ ព្រមទាំងជនភៀសសឹករាបសែននាក់ត្រូវបង្ខំឱ្យចាកចេញឆ្ងាយពីលំនៅឋាន ខណៈហេដ្ឋារចនាសម្ព័ន្ធស៊ីវិល តំបន់បេតិកភណ្ឌរបស់កម្ពុជា រួមទាំងទីតាំងស៊ីវិលផ្សេងទៀត ក៏បានបំផ្លិចបំផ្លាញដោយកម្លាំងអាវុធរបស់ថៃ។  

ភ្ជាប់នឹងការជជែកពីបញ្ហាជម្លោះដែលកំពុងកើត លោក Montani ក៏បានគូសបញ្ជាក់ពីដំណើរចុះសួរសុខទុក្ខទាហានកម្ពុជាចំនួន១៨រូប ក្រោយទាហានថៃបានចាប់ខ្លួនទៅរយៈពេលជាង១៤០ថ្ងៃផងដែរ ដោយលោក អះអាងថា អ្នកទាំងនោះមានសុវត្ថិភាព និងមានសុខភាពល្អជាធម្មតា។

លោក ប្រាក់ សុខុន អរគុណ ICRC ដែលបន្តតាមដានសុខុមាលភាព សុវត្ថិភាព និងលក្ខខណ្ឌរស់នៅរបស់ទាហានកម្ពុជាទាំង១៨រូប៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម