Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជ្រើស​រើស​យក​ទី​តាំង ហូប​ការ​២​កន្លែង​ធ្វើជា​កន្លែង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ មាន​ប្រមាណ​២០០០ គ្រែ

បានផុស

នៅ

ភ្នំពេញ​ ៖ ទីតាំង​សម្រាប់​ហូប​ការ​ធំៗ​និង​មាន​លក្ខណៈ​ទំនើប​ចំនួន​ពីរ​កន្លែង​នៅក្នុង​ខណ្ឌ​សែន​សុខ ដែលមាន​ឈ្មោះ ដឹ​ព្រី​មៀរ សែន​សុខ និង​វិមាន​ពិភពថ្មី​សែន​សុខ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជ្រើសរើស​យក​ជាទី​តាំង សម្រាប់​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ប្រមាណ​២០០០ គ្រែ ខណៈដែល​ជំងឺ​នេះ​បាននិងកំពុង​បន្ត​រីក​រាលដាល​យ៉ាងខ្លាំង​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ជំរុញ​ឲ្យ​ការងារ​នៃ​ការរៀបចំ​ទីតាំង​សម្រាប់​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ទាំង​២​ទីតាំង​ខាងលើនេះ​ឲ្យ​បាន​លឿន និង​សមស្រប​ជាទី​តាំង​សម្រាប់​សំរាក​ព្យាបាល​ជម្ងឺ លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​១៩​ខែ មេសា​នេះ បាន​ដឹកនាំ​អាជ្ញាធរ​ខណ្ឌ​សែន សុខ និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ទីតាំង​នេះ​ជាក់ស្ដែង មុននឹង​បញ្ជូន​អ្នកជំងឺ​មក​សម្រាក​ព្យាបាល។

ទីតាំង​ទាំង​២​ខាងលើ​នេះ មាន​ទីតាំងនៅ​ជិត​ផ្សារ​អី អន​២ ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្នុងនោះ អាគារ​វិមាន​ពិភពថ្មី​សែន​សុខ អាចដាក់​គ្រែ​បាន​ប្រមាណ​ជា​៨០០​គ្រែ​និង​អាគារ សំរាប់​ហូប​ការ ដឹ​ព្រី​មៀរ ដាក់​បាន​ប្រមាណ​១២០០​គ្រែ ។ សរុប​ទាំង​២​ទីតាំង​នោះ​អាចដាក់​បាន​ចំនួន​ប្រមាណ​២០០០​គ្រែ​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឃួ​ង ស្រេង បានធ្វើ​ការណែនាំ​ទៅ អាជ្ញាធរ​ខណ្ឌ​សែន សុខ និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ចេះ​ការពារ​ខ្លួនឯង កុំអោយ​ឆ្លង​កូ​វីដ​-១៩ ពោលគឺ នៅពេលដែល​ក្រុមការងារ​បញ្ជូន​អ្នកជំងឺ​កូ​វីដ​-១៩ មកកាន់​ទីតាំង​នេះ សូម​រក្សា​គម្លាត​និង​ការពារ​ខ្លួន​ឲ្យ​បាន​ម៉ត់ចត់​បំផុត ទៅតាម​ការណែនាំ​គ្រប់យ៉ាង​របស់​ក្រសួងសុខាភិបាល​។

ទីតាំង​ទាំង​២​ខាងលើនេះ បានរៀបចំ​គ្រែ​សម្រាប់​អ្នក​ជម្ងឺ​រួចរាល់​ហើយ ពោលគឺ​នៅតែ​ក្រុមគ្រូពេទ្យ និង​ក្រុមការងារ​ពាក់ព័ន្ធ​បញ្ជូន​អ្នក​ជម្ងឺ​កូ​វីដ​-១៩​មក​សម្រាក​ព្យាបាល​តែប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា​ ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ថ្មី​រហូតដល់ ៦២៤​នាក់ ដែល​ភាគ​ច្រើន​បំផុត ជា​អ្នករស់នៅ​រាជធានី​ភ្នំពេញ ខណៈ​អ្នកជំងឺ​ចំនួន​៤៨​នាក់​បានជា​សះស្បើយ​។ អ្នក​ឆ្លង​ទាំង​៦២៤​នាក់ សុទ្ធសឹង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ ចំនួន​៤៦៥​នាក់​, ខេត្តកំពង់ចាម ១​នាក់​, ខេត្តពោធិ៍សាត់ ១​នាក់​, ខេត្តស្វាយរៀង ៣​នាក់​, ខេត្តតាកែវ ១០​នាក់ និង ខេត្ត​ព្រះសីហនុ ១៤៤​នាក់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម