Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិត​២០​នាក់ ស្នើ​ឱ្យ​អាជ្ញាធរ ជួយ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ដាក់លូ ធ្វើ​ផ្លូវ ទឹកស្អាត​

បានផុស

នៅ

​ភ្នំពេញ​ ៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ឆ្នាំ​២០២៣ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ព្រឹក​ថ្ងៃទី​៧ ខែ វិច្ឆិកា ឆ្នាំ​២០២៣​នេះ មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជិត​៦០០​នាក់ និង​បានលើកឡើង​នូវ សំណើ​សំណូមពរ​យ៉ាង​ផុលផុស​ដែល​ក្នុងនោះ​ពួកគាត់​បានលើកឡើង​នូវ​សំណើ​ផ្ទាល់មាត់​ចំនួន​១៧​នាក់ ស្នើ​នឹង​២៣​បញ្ហា និង​តាម​ប្រអប់​សំបុត្រ​ចំនួន​១០០​នាក់​ផ្សេងទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាល់​សំណើ​និង​សំណូមពរ សុំ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជួយ​ដោះស្រាយ​នូវ​ទុក្ខ​កង្វល់​របស់​ពួគគាត់ ដែល​ភាគច្រើន​ស្នើសុំ​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​អ​ចលនៈទ្រព្យ ស្នើសុំ​ជួសជុល​និង​ដាក់លូ ជួសជុល​ផ្លូវ ស្នើ​សុំឱ្យ​ពិនិត្យឡើងវិញ​លើ​ការ​បង់ពន្ធ​ដីធ្លី​កន្លងមក ដោះស្រាយ​ការ​បញ្ហា​លិចលង់​ភូមិដ្ឋាន​ដោយ​ជំនន់​ទឹកភ្លៀង នឹង​បញ្ហា​មួយចំនួន​ដែល​សេសសល​ពី​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុង​ឆ្នាំ​កន្លងទៅ​។

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ឆ្នាំ​២០២៣ នៅ​ខណ្ឌ​ពោធិ៍​៦​សែន​ជ័យ​នេះ ធ្វើឡើង​ក្រោម​វត្តមាន លោក ជួប ខុន សមាជិក​ក្រុមប្រឹក្សា​និង​ជា​តំណាង​លោក​ប្រធាន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង លោក ហួត ហៃ អភិបាលរង តំណាង​លោក​អភិបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត នៅក្នុង​បរិវេណ វត្ត​ពោធិ៍ចិនតុង​។

ឆ្លើយតប​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​សំណើ​សុំ​ធ្វើ​ផ្លូវ ជួសជុល​ផ្លូវ ដាក់លូ ស្តា​លូ ប្រឡាយ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ក៏បាន​បង្ហាញ​ពី​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ ដើម្បី​ដោះស្រាយ​នូវ​សំណើ​ទាំងឡាយ​ណា ដែល​ស្ថិតក្នុង​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​ឆាប់ តាមតែ​អាចធ្វើ​ទៅបាន​។ ចំពោះ​សំណើ​រណា​ដែលមាន​ទំហំ​ថវិកា​លើសពី​ដែន​សមត្ថកិច្ច​របស់​ម​ន្ទីរ លោក​នឹង​ចុះ​សិក្សា​លំអិត​រួច​ដាក់ជូន​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​និង​សម្រេច​ដោះស្រាយ​ជូនទៅ​តាម​ផែនការ​ជា​បន្តបន្ទាប់​នៅពេល​ក្រោយ​។ ចំណែកឯ​បញ្ហា​ទីតាំង​ដាក់​សំរាម​នៅ​ផ្សា សិន​ជួ​រី បញ្ហា​ពន្ធដា បញ្ហា​ធ្វើ​អត្ថ​សញ្ញាណ​បណ្ណ​ហួស​សុពលភាព និង​បញ្ហា​ពាក់ព័ន្ធ​មួយចំនួនទៀត ត្រូវបាន​អញ្ជើញ​មន្ត្រី​ជំនាញ​ឡើងមក​ពន្យល់​និង​ចូលរួម​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំងនោះ ប៉ុន្តែ​យ៉ាង​អាជ្ញាធរ​ក៏បាន​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ផងដែរ ចំពោះ​ការ​យឺត​យាវ​ដោយសារ​ត្រូវ​ដោះស្រាយ​ទៅតាម​ជំហាន​ជា​បន្តបន្ទាប់​ជូន​។

នាឱកាស​នោះ លោក ហួត ហៃ បាន​មានប្រសាសន៍ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នា​ព្រឹក​នេះ មាន​ពលរដ្ឋ​ចូលរួម​យ៉ាង​ផុសផុល​ទាំង​ផ្ទាល់មាត់ និង​តាម​ប្រអប់​សំបុត្រ បើទោះជា​បញ្ហា​ខ្លះ ស្ថិតនៅក្នុង​គម្រោង​ផែនការអភិវឌ្ឍន៍​៣​ឆ្នាំ​រំកិល​ក្តី តែ​យើង​បាន​បកស្រាយ​ពន្យល់​ជូន​ពួកគាត់​បាន​ជ្រាប​ហើយ​ដែរ​។ លោក​បន្តថា ចំពោះ​សំណើ​សុំ​ដែល​មិន​ទាន់​បាន​ដោះស្រាយ យើង​នឹង​បន្ត​យក​ទៅ​ពិភាក្សា និង​ដោះស្រាយ​តាម​ក្រោយ​ទៀត​។

លោក ហួត ហៃ បាន​លើក​ឡើង​ទៀតថា ប្រទេស​កម្ពុជា នៅ​បន្ត​រក្សាបាន​សុខសន្តិភាព សុខសន្តិភាព​នេះហើយ ដែល​បានធ្វើ​ដោយ​កម្ពុជា​យើង​អាច​ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​កម្មវិធី​ធំៗ ជាក់ស្តែង ដូចជា កិច្ចប្រជុំ​កំពូល​អាស៊ាន ការ​ប្រ​កួន​កីឡា​ស៊ី​ហ្គេម​ជាដើម​។ សមិទ្ធផល​ធំ​មួយទៀត ដែល​កម្ពុជា​សម្រេច​បាន​នោះ គឺ​កម្ពុជា​ឈរជើង​យ៉ាងរឹងមាំ​និង​មិន​ក្ស័យធន រក្សា​បាន​កំណើត​សេដ្ឋកិច្ច​ថែមទៀត ខណៈ​ពិភពលោក​កំពុង​ឈម​បញ្ហា​សេដ្ឋកិច្ច បណ្តាល​មក​ពី​ជំងឺ​កូ​វីដ​-១៩ និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ជាដើម​។

ជាមួយគ្នា​នោះ លោក ជួប ខុន បាន​លើកឡើងថា វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នេះ ធ្វើឡើង​ក្នុង​១​ឆ្នាំ​ម្តង ក្នុង​ត្រីមាស​ទី​៤ អំឡុង​ខែ តុលា វិច្ឆិកា និង​ខែធ្នូ ដើម្បី​ដោះស្រាយ​រាល់​កង្វល់ សំណូមពរ​និង​សំណើ​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន បញ្ហា​អភិវឌ្ឍន៍​មូលដ្ឋាន និង​ការផ្តល់​សេវាសាធារណៈ​ជាដើម​។ តាមរយៈ​វេទិកា​នេះ ក៏​ចង់​បង្ហាញ​ពី​សកម្មភាព​ការងារ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​បំពេញការងារ​បម្រើ​ប្រជាពលរដ្ឋ​កន្លងមក​នោះ​តើ​បាន​គ្រប់​ជ្រុងជ្រោយ​ទេ ឬ​នៅមាន​ចំណុច​ខ្វះខាត​អ្វីខ្លះ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​លើកឡើង​ពី​ចំណុច​ខ្វះខាត​ទាំងនោះ យកមក​បំពេញបន្ថែម ធ្វើយ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ មាន​សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន​ល្អ មានការ​អភិវឌ្ឍន៍ ជាមួយនិង​ការផ្តល់​សេវាសាធារណៈ​បាន​កាន់​ល្អប្រសើរ​ឆ្លើយតប​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម