Connect with us

ព័ត៌មានជាតិ

មុនចាកចេញ ទូតឥណ្ឌូណេស៊ីបានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្ក្រាបការបោកប្រាស់តាមអនឡាញ

បានផុស

នៅ

លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្រ្កាបបទល្មើសបោកប្រាស់តាមអនឡាញនៅក្នុងប្រទេសកម្ពុជា។ ការវាយតម្លៃរបស់លោក Santo Darmosumarto នេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលារបស់លោកចំពោះលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីសម្តែងការអរគុណ និងលើកឡើងពីបញ្ហាទំនាក់ទំនងទ្វេភាគី លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ក៏បានលើកឡើងផងដែរពីបញ្ហាសង្រ្គាមឈ្លានពានរបស់ថៃមកលើដែនដីកម្ពុជា និងបញ្ហាការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ លោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមរំលែកទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ចំណែក បញ្ហាបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញវិញ លោក Santo Darmosumarto បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញនេះ។

និយាយពីបញ្ហាទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ីវិញ រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្ទុះនៃទំនាក់ទំនងតាមរយៈការបន្តផ្លាស់ប្តូរ ទស្សនកិច្ចគ្រប់កម្រិតទៅវិញទៅមក ជាពិសេស ទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅខែឧសភា ឆ្នាំ២០២៥ ទស្សនកិច្ចរបស់លោកPrabowo Subianto ក្នុងឋានៈជារដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៅខែកញ្ញា ឆ្នាំ២០២៤ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីឡើងកាន់ដំណែងប្រធានាធិបតីរបស់លោក Prabowo Subianto នៅខែតុលា ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងលោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានធ្វើការផ្លាស់ប្តូរយោបល់យ៉ាងទូលំទូលាយលើវិស័យកិច្ចសហប្រតិបត្តិការជាច្រើន រួមមាន កិច្ចសហប្រតិបត្តិការផ្នែកយោធា និងសន្តិសុខ សេដ្ឋកិច្ច ការអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងដល់ប្រជាជននៃប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម