Connect with us

ព័ត៌មានជាតិ

មន្ត្រីផ្នែកទេសចរណ៍ខេត្តកោះកុង កំពុងគិតគូរដល់ការផ្សព្វផ្សាយពីសក្ដានុពល​ទេសចរណ៍ឡើងវិញ

បានផុស

នៅ

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង បាន​និង​កំពុង​គិតគូរ​ដល់​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​ឡើងវិញ ដើម្បី​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ ក្រោយ​ស្ថានភាព​បញ្ហា​ជម្លោះព្រំដែន​បាន​ធូរស្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នឹង​ស្ថានភាព​ព្រំដែន​បាន​ធូរស្រាល​បន្តិច​ហើយ មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង នឹង​ពិនិត្យ​រាល់​ការ​ផ្សព្វផ្សាយ​អំពី​គោលដៅ​តំបន់​ទេសចរណ៍​សំខាន់​ដែល​មាន​សក្តានុពល​ដល់​សាធារណជន​ឡើង​វិញ ដើម្បី​មក​ស្នាក់នៅ​កម្សាន្ត​លេង​ទៅ​តាម​ក្តី​បំណង​របស់​ពួកគេ។

លោក សុខ ចាន់​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី ​១៩ ខែ​មករា ថ្មីៗ នេះ​ថា វិស័យ​ទេសចរណ៍ បាន​ចូលរួម​ចំណែក​ផ្តល់​សេដ្ឋកិច្ច​ប្រាក់ចំណូល​ជូន​សហគមន៍ និង​ប្រតិបត្តិ​ករ​សេវាកម្ម​នានា ដូច្នេះ​តាម​ការណែនាំ​របស់​ក្រសួង និង​រដ្ឋបាល​ខេត្ត មន្ទីរ នឹង​ពិនិត្យ​លទ្ធភាព​របស់​ខ្លួន​ចុះ​ផលិត​មាតិកា​ទេសចរណ៍ និង​ទីតាំង​ទេសចរណ៍​ជូន​សាធារណជន ក្នុង​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​បន្ថែម។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត អះអាង​ទៀតថា ក្រុមមន្ត្រី​របស់លោក ត្រៀម​ចុះសាកសួរ ព្រម​ទាំង​វាយតម្លៃ​ផល​ប៉ះពាល់​ដោយសារតែ​បញ្ហា​ជម្លោះព្រំដែន​ជាមួយ​ប្រតិបត្តិ​ករ សេវាករ និង​សហគមន៍​ទេសចរណ៍ សម្រាប់​ប្រមូល​ព័ត៌មាន​ជូន​ថ្នាក់​ដឹកនាំ​ដោះស្រាយ​បន្ត។ កន្លងទៅ មូលដ្ឋាន​ស្រុក​ស្រែ​អំបិល ស្រុក​បូ​ទុម​សាគរ និង​ស្រុក​គិរីសាគរ ត្រូវ​បាន​ចាប់​អារម្មណ៍​មក​លេង​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ ខណៈ​ទីតាំង​ទាំង​នេះ​ហាក់​មាន​សុវត្ថិភាព​ក្នុង​ដំណើរ​កម្សាន្ត​បែប​លក្ខណៈ​គ្រួសារ និង​ធម្មជាតិ។ ជាក់ស្ដែង​ ការ​កើន​ឡើង​ចំនួន​អ្នកទេសចរ ដោយសារ​តែ​រាជរដ្ឋាភិបាល និង​ខេត្ត​ យក​ចិត្ត​ទុក​ដាក់​ពង្រីក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ពិសេស​ផ្លូវជាតិ​លេខ​ ១០ និង​ផ្លូវជាតិ​លេខ ​៤៨ ដែល​ងាយស្រួល​ធ្វើដំណើរ​ទៅ​មក​ឆាប់រហ័ស។

បំណាច់ឆ្នាំ ២០២៥ កន្លងទៅ ខេត្ត​កោះកុង បាន​ទទួល​ភ្ញៀវ​ទេសចរ​សរុប ១.១៣៥.៩០២ នាក់ ក្នុង​នោះ ទេសចរ​បរទេស​ជិត ៨០០.០០០ នាក់ បើ​ធៀប​នឹង​ឆ្នាំ ២០២៤ តួលេខ​បាន​កើន​ឡើង ៤៧៥.១៦៤ នាក់។ មន្ទីរ បាន​ផ្តល់​អាជ្ញាបណ្ណ​ថ្មី និង​បន្ត​ជូន​អាជីវកម្ម​ចំនួន ១៦១ កន្លែង។

ដោយឡែក​សម្រាប់​ឆ្នាំ ២០២៦ នេះ មន្ទីរ​ទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​កោះកុង នឹង​ប្រឹងប្រែង​សហការ​ជាមួយ​វិស័យ​ឯកជន និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​គាំទ្រ​អភិវឌ្ឍន៍​វិនិយោគ​តំបន់​ទេសចរណ៍​សំខាន់​មួយ​ចំនួន​ក្នុង​មូលដ្ឋាន និង​ជួយ​ផ្សព្វផ្សាយ​អំពី​ការ​លើក​កម្ពស់​សេវាកម្ម​ទេសចរណ៍​កាន់តែ​ទាក់ទាញ​ឱ្យ​ច្រើន​បន្ថែម​ទៀត ទៅកាន់​សាធារណជន និង​អ្នក​វិនិយោគទុន៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម